ទស្សនីយភាពនាថ្ងៃដំបូងនៃអង្គរសង្ក្រាន្តឆ្នាំ ២០១៣
អាន ដាញ់ស៊ីប៉ូ

សៀមរាប៖ នៅព្រឹកថ្ងៃទី ១៤ មេសារនេះ ក្បួនដំរីដឹកមនុស្សដែលតំណាងស្តេច ជ័យវរ្ម័ន និងមន្រ្តីផ្សេងទៀតដោយមានការហែរហមដំណើរថ្មើរជើងពីសំណាក់ក្រុមមនុស្សប្រុសស្រីជាច្រើនក្នុងសំលៀកបំពាក់បូរាណ ហើយនាំមុខដោយអ្នកផ្លុំភ្លុកស្នែងផងបានដង្ហែរនៅតាមដងផ្លូវពីលានជល់ដំរីឆ្ពោះទៅកាន់ប្រាសាទបាយ័ន។

ចំណែកឯនៅតាមសងខាងផ្លូវ ក៏មានការសម្តែងក្បាច់គុណបូរាណខ្មែរ ព្រមទាំងការលេងល្បែងល្បាំប្រពៃណីគ្រប់ប្រភេទ។ ការ សម្តែងយុទ្ធគុនបុរាណ ខ្មែររួមមាន ល្បុក្កតោ គុនដាវ កាំបិទ ដំបង លំពែង ខែល និងព្រួញ ខណៈដែររបាំមានដូចជា គោះត្រឡោក របាំគោះអង្រែ របាំនេសាទ របាំគេន របាំត្បាល់ក្បឿង និងរបាំកន្សែងស្នេហ៍ ហើយល្បែងប្រជាប្រិយមានដូចជា រាវបង្កង ទាញព្រ័ត ចោលឈូង លាក់កន្សែង ស្តេចចង់ ទាត់សី ចាប់កូនខ្លែង និងបោះអង្គញ់ជាដើម។
ដោយឡែកនៅក្នុងបរិវេណភូមិខ្មែរដែលមានគំរូផ្ទះខ្មែរនាសម័យកាលក្រោយអង្គរមានដាក់តាំងលក់បន្លែនិងផ្លែឈើ ព្រមទាំងនំបញ្ចុកដោយអ្នកលក់ស្ថិតក្នុងសំលៀកបំពាក់នាសម័យកាលបូរាណ។ ក្រៅពីលេងល្បែងប្រជាប្រិយខ្មែរនិងច្រៀងរាំ នៅក្នុងភូមិនេះក៏មានការបង្ហាញការកូរស្ករត្នោត ការសូនរូប ពីដីឥដ្ឋ និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀតនាសម័យបុរាណផងដែរ ដោយសកម្មភាពទាំងនេះបានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ពាន់នាក់នៅទីនោះ ហើយភ្ញៀវបរទេសខ្លះក៏បានចូលរួមលេងជាមួយដែរ។
ចំណែកឯនៅទល់មុខលានជន់ដំរី និងមុខប្រាសាទអង្គរវត្តមានស្តង់ដាក់តាំងពិពណ៌ពាណិជ្ជកម្ម ដោយមានទំនិញគ្រប់ប្រភេទទាំងផលិតផលក្នុងស្រុក និងផលិតផលបរទេសឌេលមានតម្លៃសមរម្យ។
នេះគឺជាការចាប់ផ្តើមនាថ្ងៃដំបូងនៃព្រឹត្តិការណ៍រយៈពេលបីថ្ងៃក្នុងព្រឹត្តិការណ៍អង្គរសង្រ្កានដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។
លោក សេស៊ីល ហ្គោដសាន់ (Cecil Goodson) ភ្ញៀវទេសចរសញ្ជាតិអាមេរិក បានសម្តែងពីចំណាប់អារម្មណ៍របស់លោកចំពោះព្រឹត្តិការណ៍នេះថា លោកពិតជាមានអារម្មណ៍រំភើបនិងរីករាយមែនទែន ដែលលោកបានចូលរួម និងលេងកម្សាន្តសប្បាយក្នុងកម្មវិធីនេះ។
លោក បញ្ជាក់ថា “វាពិតជាអស្ចារ្យ និងល្អណាស់ ហើយខ្ញុំមានអារម្មណ៍រីករាយ និងរំភើបមែនទែនដែលបានចូលរួមក្នុងកម្មវិធីនេះ ហើយខ្ញុំបានចូលរួមលេងល្បែងបីប្រភេទរួចហើយគឺបោះអង្គញ់ ចោលឈូង និងរាវបង្កង”។
គួររំលឹកដែរថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ ២០១៣ នេះ គឺជាព្រឹត្តិការណ៍ដ៏ធំលើកដំបូងដែល ស.ស.យ.ក បានរៀបចំឡើង ដោយមានកិច្ចសហការពីក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌ អាជ្ញាធរខេត្តសៀមរាប និងស្ថាប័នពាក់ពាក់ផ្សេងៗទៀត៕









