នាយករដ្ឋមន្ត្រីកម្ពុជាគាំទ្រចំពោះការដកទណ្ឌកម្មសេដ្ឋកិច្ចប្រទេសភូមា
នៅថ្ងៃទី២១ មីនា ២០១២ ក្នុងជំនួបរយៈពេលជិត ២ម៉ោង ជាមួយប្រធានាធិបតីនៃប្រទេសភូមា លោក យូ ថេន សេន (U Thein Sein) នៅឯវិមានសន្តិភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគាំទ្រឲ្យមានការដកទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសភូមា នៅពេលដែលប្រធានាធិបតីប្រទេសនេះបានសន្យាថា នឹងរៀបចំការបោះឆ្នោតសកលនៅខែមេសា ឆ្នាំ២០១២ ខាងមុខនេះ។
នៅក្នុងសន្និសីទកាសែតនៅឯវិមានសន្តិភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបាននិយាយថា កិច្ចប្រជុំនេះគឺបានផ្ដល់លទ្ធផលល្អប្រសើររវាងប្រទេសទាំងពីរ។ ប៉ុន្តែទណ្ឌកម្មសេដ្ឋកិច្ចរបស់ប្រទេសភូមា ក៏មិនទាន់ត្រូវបានលើកលែងទាំងស្រុងទេ គឺគេរង់ចាំមើលការបោះឆ្នោតនៅពេលខាងមុខនេះ ធ្វើយ៉ាងណាឲ្យការបោះឆ្នោតនេះប្រកបដោយតម្លាភាព។
ទាក់ទងនឹងការដកទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសភូមា លោក ហ៊ុន សែន បានយល់ព្រមបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតចំនួន ២នាក់តំណាងឲ្យប្រទេសកម្ពុជា ក្នុងនាមប្រធានអាស៊ាន និងបានបើកផ្លូវឲ្យអង្គការមិនមែនរដ្ឋាភិបាលនានានៅប្រទេសកម្ពុជា ទៅចូលរួមសង្កេតការណ៍បោះឆ្នោតដែរ តាមសេចក្ដីត្រូវការរបស់ប្រទេសភូមានោះ។
ជាមួយគ្នានោះដែរលោក ហ៊ុន សែន បានសន្យាថា នឹងបញ្ជូនក្រុមដោះមីនកម្ពុជា ទៅប្រទេសភូមា នៅពេលណាភាគីរដ្ឋាភិបាលភូមា និងក្រុមទ័ពព្រៃការ៉ែន បញ្ចប់នូវជំលោះប្រដាប់អាវុធជាច្រើនឆ្នាំកន្លងមកនោះ៕