សវនាការរឿងក្តីប្រាសាទព្រះវិហារ ត្រូវផ្សាយផ្ទាល់
Cambodia News
ភ្នំពេញ៖ តាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការយុត្តិធម៌អន្តរជាតិបានឲ្យដឹងថា ដំណើរការសវនាការលើសំណុំរឿង ប្រាសាទព្រះវិហារ ដែលប្តឹងដោយកម្ពុជានោះ នឹងត្រូវផ្សាយផ្ទាល់តាមប្រព័ន្ធអ៊ីនធឺណេត ក្នុងគេហទំព័ររបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលភាគីកម្ពុជា និងថៃមានរយៈពេល២ដង ដើម្បីធ្វើអំណះអំណាងផ្ទាល់មាត់ក្នុងរយៈពេលដំណើរការសវនាការនេះ ដែលចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩មេសា។
សវនាការលើសំណុំរឿងប្រាសាទព្រះវិហារ នឹងត្រូវផ្សព្វផ្សាយផ្ទាល់តាមប្រព័ន្ធអ៊ីនធឺណេតOnline ហើយសវនាការនឹងត្រូវរៀបចំធ្វើនៅក្នុងអគារវិមានសន្តិភាពនៃតុលាការយុត្តិធម៌ អន្តរជាតិទីក្រុងឡានៅថ្ងៃទី១៥ ដល់ថ្ងៃទី១៩មេសាខាងមុខនេះ ។
សេចក្តីប្រកាសព័ត៌មានដដែលបានសរសេរថា ដំណើរការសវនាការផ្ទាល់មាត់នោះ នឹងប្រព្រឹត្តិទៅរយៈពេល២ជុំ។ ជុំទី១ នឹងប្រព្រឹត្តិធ្វើនៅថ្ងៃទី១៥មេសា ដោយផ្តើមជាមួយភាគីកម្ពុជាតែម្តង។ នៅថ្ងៃនោះ កម្ពុជានឹងត្រូវធ្វើបទបង្ហាញពីម៉ោង១០ព្រឹក ដល់ម៉ោង១រសៀល ម៉ោងក្នុងប្រទេសហូឡង់ និងពីម៉ោង៣រសៀល ដល់ម៉ោង៤និង៣០នាទីរសៀល។
ភាគីថៃវិញនឹងធ្វើបទបង្ហាញនៅថ្ងៃទី១៧មេសា នៅម៉ោង១០ព្រឹកដល់ម៉ោង១រសៀល និងពីម៉ោង៣រសៀល ដល់ម៉ោង៤និង៣០នាទីរសៀល។រីឯនៅក្នុងជុំទី២វិញ កម្ពុជាក៏នឹងផ្តើមធ្វើបទបង្ហាញផ្ទាល់មាត់ នៅថ្ងៃទី១៨មេសា ពីម៉ោង៣រសៀល ដល់ម៉ោង៥ល្ងាច ហើយភាគីថៃនឹងធ្វើបទបង្ហាញរបស់ខ្លួន នៅថ្ងៃទី១៩មេសា ពីម៉ោង៣រសៀល ដល់ម៉ោង៥ល្ងាចដូចគ្នា។
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ដែលនឹងដឹកនាំប្រតិភូតំណាងភាគីកម្ពុជាទៅតុលាការអន្តរជាតិនោះ ធ្លាប់បានប្រាប់ឱ្យដឹងថា ការធ្វើសវនាការផ្ទាល់នៅថ្ងៃខាងមុខនេះ គឺជាសវនាការលើកចុងក្រោយតាមនីតិវិធីរបស់តុលាការនេះ មុននឹងក្រុមប្រឹក្សាជំនុំជម្រះសម្រេចថាត្រូវបកស្រាយ ឬមិនបកស្រាយតាមបណ្តឹងរបស់ភាគីកម្ពុជានោះ។ ហើយថាសេចក្តីសម្រេចនឹងអាចចេញនៅចុងឆ្នាំ២០១៣នេះ៕