សំណល់ជាតិផ្ទុះពីសង្គ្រាមធ្វើឲ្យប្រជាជនរងនូវ ផលប៉ះពាល់ជាអវិជ្ជមានស្ទើរគ្រប់វិស័យ
Cambodia News
ភ្នំពេញ៖ ថ្លែងក្នុងសន្និបាតជាតិវិស័យសកម្មភាពមីននៅឯវិមានសន្តិភាព កាលពីថ្ងៃទី២ មេសា ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានធ្វើឲ្យប្រជាជនយើងទទួលរងនូវ ផលប៉ះពាល់ជាអវិជ្ជមានស្ទើរគ្រប់វិស័យ ដែលជាឧបសគ្គរារាំងដល់ដំណើរការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តមបន្តថា គ្រាប់មីនក្នុងដីបានកម្រិតលទ្ធភាពប្រើប្រាស់ ធនធានធម្មជាតិ ពិសេសធនធានដីធ្លីនៅតាមទីជនបទ។ សំណល់ជាតិផ្ទុះពីសង្គ្រាម ភាគច្រើនជាគ្រាប់ទម្លាក់ពីលើអាកាស គ្រាប់បែកចង្កោមនិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
ឯកឧត្តមបញ្ជាក់ថា ផ្ទៃដីមានគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេសមីនប្រឆាំងមនុស្សនិងមីនតោន ភាគច្រើនស្ថិតនៅខេត្តភាគខាងលិចឆៀងខាងជើង ជាប់ព្រំដែនកម្ពុជា-ថៃ គឺចាប់ពីខេត្តព្រះវិហារ រហូតដល់ខេត្តកោះកុង។
យោងរបាយការណ៍ ជនរងគ្រោះរបស់អាជ្ញាធរមីន(CMAA)ដែលផ្សព្វផ្សាយក្នុងសន្និបាត ចំនួនប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់បណ្ដាលមកពីការផ្ទុះគ្រាប់ មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ទាំងរបួសនិងស្លាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១២ សរុបមាន៦៤ពាន់នាក់ ក្នុងនោះប្រមាណ ៧០ភាគរយ ត្រូវបាត់បង់កម្លាំងពលកម្ម និងផ្នែកខ្លះនៃរាងកាយហើយ ៣០ភាគរយទៀតបាត់បង់ជីវិត៕