អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅកូរ៉េខាងត្បូង
សហរដ្ឋអាមេរិកបានប្រកាសឲ្យដឹងថា ខ្លួនបានបញ្ជូនយន្តហោះទម្លាក់ គ្រាប់បែកនុយក្លេអ៊ែរ ចំនួន ២គ្រឿង ទៅកាន់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ។ ការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកដ៏ទំនើបនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីកូរ៉េខាងជើងបានប្រកាសឲ្យកងមីស៊ីលរបស់ខ្លួនត្រៀមជើងការ វាយប្រហារលើទឹកដីអាមេរិក និងបានកាត់ផ្តាច់ខ្សែទូរស័ព្ទក្រហមជាមួយកងទ័ពកូរ៉េខាងត្បូង។
យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអាមេរិក យន្តហោះទម្លាក់គ្រាប់ បែក ធុន B-2 ពីរគ្រឿង ដែលអាមេរិកបញ្ជូនទៅកាន់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ គឺធ្វើឡើង ក្នុងក្របខ័ណ្ឌសមយុទ្ធប្រចាំឆ្នាំ ដែលកំពុងបើកធ្វើជាមួយកងទ័ពកូរ៉េខាងត្បូង។ យន្តហោះ B-2 ទាំង ២គ្រឿងនេះ បានហោះចេញដោយផ្ទាល់ពីសហរដ្ឋអាមេរិក ឆ្ពោះទៅកាន់កូរ៉េខាងត្បូង រួចហើយទម្លាក់គ្រាប់បែកសិប្បនិមិត្ត ទៅលើគោលដៅបានគ្រោងទុក មុននឹងហោះត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញ ពោលគឺហោះ ក្នុងរយៈចម្ងាយសរុប ជាង ២ម៉ឺនគីឡូម៉ែត្រ ដោយមិនមានឈប់។
គួរបញ្ជាក់ថា យន្តហោះ ធុន B-2 គឺជាយន្តហោះទម្លាក់គ្រាប់បែកដ៏ទំនើបបំផុតរបស់អាមេរិក ដែលអាចហោះបំបាំងខ្លួនមិនឲ្យរ៉ាដាចាប់បាន ហើយអាចផ្ទុកគ្រាប់បែកនុយក្លេអ៊ែរបានរហូតដល់ទៅ ១៦គ្រាប់ ដែលក្នុង ១គ្រាប់ៗ មានកម្លាំងរហូតដល់ទៅជាង ១ម៉េហ្កាតោន (ជិត ១០ដង នៃកម្លាំងគ្រាប់បែកនុយក្លេអ៊ែរ ដែលអាមេរិកទម្លាក់លើហ៊ីរ៉ូស្ហ៊ីម៉ា កាលពីអំឡុងសង្រ្គាមលោកលើកទី២)។
អាមេរិកបានបញ្ជាក់ថា ការបញ្ជូនយន្តហោះ B-2 ទៅកាន់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ គឺជាការបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ អំពីសមត្ថភាពរបស់អាមេរិក ក្នុងការវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំង ដែលមានចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រពីទឹកដីអាមេរិក ហើយអាចធ្វើបានយ៉ាងឆាប់រហ័ស និងតាមចិត្តចង់។
គួរបញ្ជាក់ឡើងវិញថា ការដែលអាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ទៅកាន់កូរ៉េខាងត្បូង នៅពេលនេះ ធ្វើឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីកូរ៉េខាងជើងបានប្រកាសឲ្យកងមីស៊ីលរបស់ខ្លួនត្រៀមជើងការ វាយប្រហារទៅលើទឹកដីអាមេរិក ហើយកាលពីថ្ងៃពុធ ម្សិលមិញនេះទៀត បានសម្រេចកាត់ផ្តាច់ខ្សែទូរស័ព្ទក្រហមជាមួយកងទ័ពកូរ៉េខាងត្បូង ដែលជាខ្សែទូរស័ព្ទចុងក្រោយ រវាងកូរ៉េទាំងពីរ ដែលស្ថិតក្នុងស្ថានភាពសង្រ្គាម មិនទាន់ចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នានៅឡើយ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការពារជាតិអាមេរិកបានប្រាប់ទៅសមភាគីកូរ៉េខាងត្បូងថា អាមេរិកនឹងការពារកូរ៉េខាងត្បូង ដោយប្រើគ្រប់មធ្យោបាយយោធាទាំងអស់ រួមមានទាំងគ្រឿងសព្វាវុធធម្មតា និងសព្វាវុធនុយក្លេអ៊ែរ៕ ដោយ សេង ឌីណា (RFI)