សម្ព័ន្ធអារ៉ាប់​​ផ្តល់​​អាសនៈ​​តំណាង​​ស៊ីរី​​ដល់​​បក្ស​​ប្រឆាំង​​ស៊ីរី​​

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ក្នុង​ជំនួប​​កំពូល​បណ្តា​ប្រទេស​អារ៉ាប់​ នៅ​​ប្រទេស​កាតារ​ សម្ព័ន្ធអារ៉ាប់​បាន​​ផ្តល់នូវ​​​អាសនៈ​​តំណាង​ប្រទេស​ស៊ីរី​អោយ​​​ដល់​​ បក្ស ប្រឆាំង​​ស៊ីរី ព្រម​ទាំង​បាន​ទាមទារ​សិទ្ធិ​ដើម្បី​ផ្គត់ផ្គង់​​​​សព្វាវុធ​​ដល់​​​​ បក្សប្រឆាំង​ស៊ីរី​​​ទៀតផង។ មេដឹកនាំ​សម្ព័ន្ធប្រឆាំង​ស៊ីរី លោក Al-Khatib ដែល​​​បាន​លាលែង​តំណែង​កាល​ពី​ពេល​​ថ្មីៗ​នេះ ក៏​បាន​​សុំ​អោយអង្គការ​អូតង់​​​ដាក់​​​ខែល​ការពារ​មីស៊ីល​​​នៅប្រទេស​​ ទួរគី​ ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ស៊ីរី​ផងដែរ​។ ប៉ុន្តែ​ អាមេរិក​បាន​ជំទាស់​​នឹង​សំណើ​នេះ។

នៅ ​ក្នុង​ជំនួប​​កំពូល​បណ្តា​ប្រទេស​អារ៉ាប់​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ដែល​បាន​ប្រព្រិត្តិ​ទៅ​នៅ​​ប្រទេស​កាតារ​ សម្ព័ន្ធអារ៉ាប់​បាន​​ផ្តល់នូវ​​​អាសនៈ​​តំណាង​ប្រទេស​ស៊ីរី​អោយ​​​ដល់​​ បក្សប្រឆាំង​​ស៊ីរី ព្រម​ទាំង​បាន​ទាមទារ​សិទ្ធិ​​​ផ្គត់ផ្គង់​​​​សព្វាវុធ​​ដល់​​​​ក្រុម​ ប្រឆាំង​នៅ​ស៊ីរី​​​ទៀតផង។ អសនៈ​តំណាង​​ស៊ីរី​នៅ​ទំនេរ​គ្មាន​អ្នក​​កាន់កាប់ ​តាំង​​ពី​​ខែ​​វិច្ឆិកា ឆ្នាំ ២០១១​​ មកម្ល៉េះ។

មេដឹកនាំ​​​​សម្ព័ន្ធអារ៉ាប់​​ បាន​​លើកឡើង​ថា នេះ​​ជា​​ការដែល​​​ធ្វើ​អោយ​​​​​​បក្ស​ប្រឆាំង​ និង​រដ្ឋាភិបាលស៊ីរី​មាន​ជំហរ​​នឹង​ន​រ​​ ដើម្បី​អាច​ឈាន​ទៅ​​រក​​ដំណោះ​ស្រាយ​​​នយោបាយ​។
ទោះ​យ៉ាងណា​ ប្រទេស​អ៊ីរ៉ាក់ អាល់ហ្សេរី និង​លីបង់​ បាន​ដក​ខ្លួន​ឆ្ងាយ​​​ពី​ការ​សម្រេច​​ផ្តល់​អាសនៈ​នេះ។ ​

ក្នុង​កិច្ច​ប្រជុំ​កំពូល​​​នេះ គេឃើញ​​មាន​វត្តមាន​របស់ លោក Al-Khatib ដែល​ជា​មេដឹកនាំ​​សម្ព័ន្ធ​ប្រឆាំង​ស៊ីរី ដែល​ទើប​​បាន​ប្រកាស​លាលែង​ពី​តំណែង​​នា​ពេល​ថ្មី​ៗ​នេះ ព្រម​ទាំង​នាយករដ្ឋមន្ត្រី​ស៊ីរី​​ដែល​ជ្រើស​​ដោយ​​សម្ព័ន្ធ​​ប្រឆាំង​ គឺ​លោក Ghassan Hitto ផងដែរ។
ក្នុង​នោះ​ គេ​ក៏​បាន​សម្គាល់ផងដែរ​ ​នូវ​​ទង់ជាតិ​ថ្មី​មួយ​ទៀត​​ដែល​ជា​ទង់ជាតិ បដិវត្តន៍ស៊ីរី​​​​​ ដាក់​ជំនួស​អោយ​ទង់ជាតិ​របស់​​សាធារណរដ្ឋស៊ីរី។

មេដឹកនាំ​សម្ព័ន្ធប្រឆាំង​ស៊ីរី បាន​ការពារ​ស្វ័យភាព​​របស់​បក្ស​ប្រឆាំង​ ប្រឈម​ទៅ​នឹង​ការ​​​​ជ្រៀតជ្រែក​​នយោបាយ​ផ្ទៃ​ក្នុងស៊ីរី ដែល​បង្ក​ដោយ​​​​​​ប្រទេស​​ផ្សេងៗ​​ ហើយ​​​បាន​​សុំ​អោយអង្គការ​អូតង់​​ពង្រីក​​​​​​​ខែល​ការពារ​មីស៊ីល​​​​ក្នុង ​ប្រទេស​​ទួរគី​ ដែល​ស្ថិត​នៅ​​ភាគ​ខាង​ត្បូង​ស៊ីរី​ផងដែរ។ ប៉ុន្តែ សហរដ្ឋ​​​អាមេរិក​បាន​ជំទាស់​​នឹង​សំណើ​នេះ ដោយ​​លើកឡើង​ថា​​​ អង្គការ​អូតង់​មិន​​​ផ្គត់ផ្គង់​​ខែល​ការពារ​មីស៊ីល​​​ដល់​ក្រុម ឧទ្ទាម​ ស៊ីរី​ឡើយ​។

ដោយឡែក ​ការ​​ផ្តល់​អាសនៈ​តំណាង​ស៊ីរី​ដល់​សម្ព័ន្ធប្រឆាំង​ ត្រូវបាន​​​​ទទួល​ការ​រិះ​គន់​ពី​សារព័ត៌មាន​ផ្លូវការ​​​ក្រុង​ដាម៉ាស ថា​​​​ជា​ការ​​លួច​​ប្លន់​ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​កាតារ​ និង​បណ្តា​​ប្រទេស​អារ៉ាប់​នានា​​ដែលសុទ្ធ​តែ​​ជា​​ប្រទេស​ក្បត់។

សារព័ត៌មាន​ផ្លូវការ​​ក្រុង​ដាម៉ាស បាន​បន្ថែម​ថា កាតារ​ជា​ប្រទេស​​​ផ្តល់​​ប្រាក់កាស​ដល់​ក្រុម​ប្រឆាំង​ស៊ីរី ជា​​ប្រទេស​ដែល​ដាក់​សម្ពាធ​អោយ​​​​សម្ព័ន្ធអារ៉ាប់​ផ្តល់​អសនៈ​ដល់​ក្រុម​ ប្រឆាំង​ស៊ីរី។ គួរ​បញ្ជាក់​ថា រដ្ឋអំណាច​ស៊ីរី​ធ្លាប់​បាន​ចោទ​ប្រកាន់​ប្រទេស​កាតារ​រួច​មក​ហើយ​ថា បាន​ផ្គត់ផ្គង់​អាវុធ​ដល់​ក្រុមឧទ្ទាម​​នៅ​ស៊ីរី៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close