គណៈរដ្ឋមន្ត្រីច្រានចោល ការចោទនាយករដ្ឋមន្ត្រី ទាក់ទងនឹងលុយក្រុមហ៊ុន BHP Billiton
Cambodia News
ភ្នំពេញ៖ នៅថ្ងៃទី ២៨ ខែមីនា នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញសេចក្ដីបំភ្លឺ ចំនួនពីរទំព័រ ច្រានចោលការចោទប្រកាន់ដោយបណ្ដាញព័ត៌មានប្រទេសអូស្ត្រាលីដែលថា នាយករដ្ឋមន្ត្រីកម្ពុជា ជាប់ទាក់ទងការទទួលលុយចំនួន ២.៥ លានដុល្លារសហរដ្ឋអាមេរិក ពីក្រុមហ៊ុនសាជីវកម្មរុករករ៉ែដ៏ធំរបស់អូស្ត្រាលី BHP Billiton ជាថ្នូឲ្យក្រុមហ៊ុននេះ រុករករ៉ឺបុកស៊ីត នៅខេត្ត មណ្ឌលគិរី ។
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបានហៅអត្ថបទដែលមានចំណងជើងថា ” នាយករដ្ឋមន្ត្រីកម្ពុជា បានជាប់ពាក់ ព័ន្ធទៅនឹងការចរចា ” សរសេរដោយលោក Richard Baker និងលោក Nick McKenzie នោះថា ជាការបំភ្លៃការពិតនិងមានចេតនាអាក្រក់បំផ្លាញ មុខមាត់មេដឹកនាំរដ្ឋាភិបាលកម្ពុជា នៅចំពោះមុខអ្នកវិនិយោគទុន នឹង ខណៈដែលការបោះការឆ្នោតជាតិរបស់ប្រទេសកម្ពុជា ខិតជិតចូលមកដល់នោះ។
យ៉ាងណាក៏ដោយ បើទោះបីការចុះផ្សាយនៅលើបណ្ដាញ ព័ត៌មានមានចេតនាអាក្រក់ មកលើរដ្ឋាភិបាលកម្ពុជាក្ដី ក៏អង្គភាពព័ត៌មាន និង ប្រតិកម្មរហ័សរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា ទាំងនេះមិនអាចបំផ្លាញការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការទាក់ទាញពួកអ្នកវិនិយោគទុន បរទេស ឲ្យមកចូលបណ្ដាក់ទុនរកស៊ី នៅក្នុងប្រទេសកម្ពុជា បានឡើយ ៕