ខាត់ សុឃីម ផ្តាច់គម្រោងសន្តោងបងប្អូនចេញទៅសម្តែងនៅអូស្ត្រាលី
Cambodia News
ព័ត៌មានកម្សាន្ត
តារាចម្រៀងក្រមិចក្រមើម និងសំនួនវោហាឥតអាក់ នាង ខាត់ សុឃីម បានសម្រេចចិត្តលុបចោលគម្រោងដឹកនាំបងប្អូនរបស់នាងចេញទៅសម្តែងនៅក្នុងប្រទេសអូស្ត្រាលីជាលើកដំបូង ខណះពេលដែលគម្រោងចេញសម្តែងនៅក្នុងទឹកដីដ៍ស៊ីវិល័យមួយនេះនឹងមកដល់នៅក្នុងអំឡុងខែសីហាខាងមុខនេះ។
ការផ្តាច់គម្រោងចេញទៅសម្តែងនៅបរទេសទាំងគ្រួសារជាលើកដំបូងរបស់ត្រកូលខាត់នានេះគឺធ្វើឡើង បន្ទាប់តារាចម្រៀង និងកំប្លែងរាងតូចល្អិត លោក ខាត់ ចំរើន បានសម្រេចផ្លាស់ប្តូរចេញទៅសម្តែងនៅប្រទេសអាមេរិកវិញ។
តារាចម្រៀងដែលមានប្រភពចេញមកពីអ្នកលេងភ្លេងខ្មែរនៅភ្នំបាសិទរូបនេះបានអះអាងថា គម្រោងចេញទៅសម្តែងទាំងគ្រួសារនៅក្នុងប្រទេសអូស្ត្រាលីនាពេលនេះ នាងបានសម្រេចចិត្តលើកពេលទៅឆ្នាំក្រោយវិញ បន្ទាប់ពីនាងយល់ថា ការចេញសម្តែងនាពេលនេះគឺបងប្អូនរបស់នាងមិននៅជុំគ្នាឡើយ។ នាងនិយាយថា ដំបូងឡើយនាងចង់សណ្តោងបងប្អូនត្រកូលខាត់ទាំងអស់ឲ្យបានចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីជាលើកដំបូង ក្នុងអំឡុងខែកញ្ញាខាងមុខនេះ ដើម្បីឲ្យបងប្អូនខ្មែរយើងដែលរស់នៅទីនោះមានការប្លែកភ្នែកម្តង។
ប៉ុន្តែគម្រោងមួយនេះនាងបានលើកពេលទៅឆ្នាំក្រោយវិញ បន្ទាប់ពីប្អូនប្រុសរបស់នាងគឺលោក ខាត់ ចំរើន បានផ្លាស់ប្តូរដោយត្រូវចេញទៅសម្តែងនៅសហរដ្ឋអាមេរិកវិញ ហើយម្យ៉ាងប្អូនប្រុសម្នាក់ទៀត គឺ ខាត់ សេរី នឹងត្រូវចូលរោងការនៅថ្ងៃទី២៦ ខែមេសាខាងមុខនេះ។
ប្រការនេះទើបធ្វើឲ្យតារាចម្រៀងកូនមួយដែលទើបតែរៀបការប្តីក្មេងរូបនេះយល់ថា ប្រសិនបើកការចេញទៅសម្តែងនេះ ក្រុមគ្រួសាររបស់នាងមិននៅជុំគ្នានោះ ក៍មិនមានអ្វីប្លែកសម្រាប់ទស្សនិកនៅឯបរទេស និងរូបនាងផងដែរ ព្រោះការចេញសម្តែងនៅបរទេសតែនាងម្នាក់គឺមានច្រើនញឹកញាប់ទៅហើយ។ នាងបញ្ជាក់ថា កន្លងមកនាងបានចេញសម្តែងនៅតាមបណ្តាលប្រទេសធំៗជាច្រើនមកហើយ ហេតុនេះនាងមានបំណងស្នើសុំដល់ម្ចាស់ស្ព័នស័រ ដើម្បីនាំក្រុមគ្រួសារបានចេញសម្តែងជាមួយគ្នា ឲ្យមានការប្លែកភ្នែក កុំឲ្យនាងចេញសម្តែងតែម្នាក់ដែលមានភាពដដែលៗនោះ។
ការសុំទាមទារសណ្តោងសាច់ញាតិចេញទៅសម្តែងជាមួយរបស់តារាចម្រៀងនាង ខាត់ សុឃីម នាពេលនេះ គឺក្រោយពេលដែលតារាចម្រៀងរូបនេះបានធ្វើការបដិសេធសំនើរចេញសម្តែងនៅឯបរទេសជាបន្តបន្ទាប់ ដោយសារតែនាងយល់ថា ការចេញសម្តែងនៅឯក្រៅប្រទេសតែនាងម្នាក់ឯងនោះគឺមិនមានអ្វីប្លែកសម្រាប់នាងឡើយ ហើយម្យ៉ាងនាងក៍មានការមមាញឹកខ្លាំងចំពោះការងារនៅក្នុងស្រុកផងដែរ។
នាងអះអាងថា តាមគម្រោងនាងនឹងដឹកនាំបងប្អូនស្រី និងស្វាមីយ៉ាងហោចជិត១០នាក់ ចេញទៅសម្ដែងនៅលើទឹកដីប្រទេសអូស្រ្តាលីជាមួយកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ។ នាងបញ្ជាក់ថា បើកុំតែខាងស្ពុនស័រយល់ព្រមធានាឲ្យទៅទាំងគ្រួសារអញ្ចឹង គឺប្រហែលជានាងត្រូវបដិសេធបន្តទៀត ដោយសារតែដកឃ្លាមិនរួចពីការងារក្នុងស្រុក។
តារាចម្រៀងរូបនេះបានបន្ថែមទៀតថា ដំបូងឡើយខាងធានាឲ្យចេញសម្តែងនោះគឺចង់ឲ្យនាងចេញទៅសម្តែងតែឯងប៉ុណ្ណោះ តែដោយសារតែការទាមទារសុំឲ្យបងប្អូនរបស់នាងមានឱកាសបានចេញសម្តែងផងដែរនោះ ទើបគឺពិចារណានិងទទួលយកនូវសំណើរមួយនេះ។
ខាត់ សុឃីម និយាយថា មួយរយៈវែងហើយ ដែលអ្នកនាងទាត់ចោលសំណើចេញសម្ដែងនៅក្រៅប្រទេស ដោយសូម្បីតែសំណើទាំងនោះ បានសុខចិត្តតម្រូវឲ្យនាងចេញសម្ដែងតែក្នុងរយៈពេលខ្លី តាមតែខ្លួនចង់បាន។
តារាចម្រៀងរូបនេះ និយាយថា រឿងទៅម្នាក់ឯង គឺអ្នកនាងពិតជាមិនទៅជាដាច់ខាត ដោយសារតែក្នុងមួយជីវិតរបស់អ្នកនាងដែលជាអ្នកសិល្បៈ គឺអ្នកនាងធ្លាប់ទៅអស់ហើយ តាំងពីទៅអាមេរិក អូស្រ្តាលី បារាំង និងកាណាដាជាដើម។ អញ្ចឹងហើយ ទើបអ្នកនាងសុខចិត្តសម្ងំនៅក្នុងស្រុក ហើយមិនទទួលចេញច្រៀងនៅក្រៅទាល់តែសោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នាងនិយាយថា នាងទើបតែទទួលយកសំណើរចេញទៅកាន់អូស្រ្តាលី ពីខាងស្ពុនស័រ បន្ទាប់ពីខាងស្ពុនស័រ សម្រេចយល់ស្របទទួលយកនាងទាំងគ្រួសារ ដើម្បីឲ្យចេញទៅសម្ដែងនៅទីនោះ៕ ស.រ