Chypre វិះៗក្ស័យធន ឥឡូវសាកល្បងសុំឲ្យរុស្ស៊ីជួយ
ក្នុងគោលដៅ នេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុ Chypre លោក Michalis Sarris ដែលមកដល់ម៉ូស្គូតាំងពីយប់មិញ ថ្ងៃនេះធ្វើកិច្ចចរចាជាមួយសមភាគីរុស្ស៊ី លោក Anton Silouanov។ សាច់រឿង គឺ៖ ទី១-សុំឲ្យរុស្ស៊ី ពន្យារពេល៥ឆ្នាំទៅមុខទៀត សម្រាប់ Chypre សងមករុស្ស៊ីវិញ នូវឥណទាន ខ្ចីបានពីរុស្ស៊ី កាលក្នុងឆ្នាំ២០១១ សម្រាប់អំឡុងពេល៤ឆ្នាំកន្លះ ហើយទី២-គឺ ដើម្បីសុំប្រាក់កម្ចីពីរុស្ស៊ីបន្ថែមទៀត។
ជាបឋម គួររំលឹកថា Chypre ជាសមាជិកសហភាពអឺរ៉ុបផង និងជាសមាជិកនៃក្រុម១៧ប្រទេស ដែលចាយលុយអឺរ៉ូ ជាជំនួសរូបិយវត្ថុជាតិរបស់ខ្លួន។ មកពីមូលហេតុនេះ បានជាដើម្បីទទួលប្រាក់សង្គ្រោះពីសហភាពអឺរ៉ុប គឺត្រូវបំពេញតាមលក្ខខណ្ឌសហភាពនេះ ក្នុងន័យថា សហភាពអឺរ៉ុបត្រៀមផ្តល់តែ១០.០០០លានអឺរ៉ូប៉ុណ្ណោះ ចំណែក៦.០០០លានអឺរ៉ូទៀត អាជ្ញាធរ Chypre ត្រូវប្រមូលឲ្យបានតាមវិធីហូតពន្ធតែមួយលើកទេ ពីប្រាក់ដែលមានផ្ញើទុកនៅតា ធនាគារChypre ទាំងប្រាក់របស់ពលរដ្ឋ Chypre ផ្ទាល់ ទាំងប្រាក់របស់ជនបរទេស គឺថាបើប្រាក់ផ្ញើទុកនោះទាបជាង១០០.០០០អឺរ៉ូ នោះពន្ធដែលហូត គឺត្រឹមតែ៦,៧៥% ហើយបើប្រាក់នោះ លើសពី១០០.០០០អឺរ៉ូ នោះពន្ធដែលហូតមានកម្រិតដល់៩,៩%។
ពិតជា ផែនការហូតពន្ធនេះឯង ដែលបានញ៉ាំងឲ្យមានប្រតិកម្មក្តួលក្តៅពីខាងថ្នាក់ដឹកនាំរុស្ស៊ី៖
-តាមលោកប្រមុខរដ្ឋ ពូទីន ការហូតពន្ធបែបនេះ គឺ “អយុត្តិធម៌ ខ្វះភាពជំនាញ និងគ្រោះថ្នាក់”។
-តាមលោកនាយករដ្ឋមន្ត្រី មេដវេដេវ ការហូតពន្ធបែបនេះ គឺជា”ការរឹបអូសយកលុយអ្នកដទៃ”។
-តាមលោករដ្ឋមន្ត្រីហិរញ្ញវត្ថុ Anton Silouanov ភាគី Chypre នៅលើផ្លូវហូតពន្ធនេះ ឥតបានពិគ្រោះ សួរយោបល់រុស្ស៊ីឡើយ ហើយការនេះនឹងជះចំហាយមកលើ បញ្ហាបំណុលដែល Chypre ជំពាក់រុស្ស៊ី។
ប៉ុន្តែសំណាងល្អ ដែលរដ្ឋសភា Chypre ពេលបោះឆ្នោតយប់មិញ ក្រោមឥទ្ធិពលនៃបាតុកម្មប្រឆាំងពីខាងអ្នកស្រុកផ្ទាល់ និងប្រតិកម្មអវិជ្ជមានក្រៃពីខាងបរទេសដែលមានលុយផ្ញើទុក នៅធនាគារ Chypre បានច្រានចោលផែនការហូតពន្ធនោះ ដោយសម្លេងដល់ទៅ៣៦ ហើយ ១៩ គឺអនុបវាទ ចំណែកសម្លេងគាំទ្រគឺគ្មានសោះឡើយ។
ដោយហេតុថា Chypre ល្បីជារដ្ឋ Offshore ធូរពន្ធ ស្រួលលាងលុយ បានជាពួក Businessmen និង ក្រុមហ៊ុនរុស្ស៊ី និយមផ្ញើលុយទុកនៅទីនោះ ហើយស្របនឹងតួលេខដែលមានក្នុងទំហំដល់ ៣០.០០០លានអឺរ៉ូ ឬជាង១/៣ នៃរាល់លុយទាំងអស់ ដែលផ្ញើទុកនៅតាមធនាគារ Chypre។
នាកិច្ចចរចាថ្ងៃនេះ ដែលបានពន្យារទៅអស់១ម៉ោងកន្លះ ភាគី Chypre ស្នើផ្តល់សិទ្ធិឲ្យរុស្ស៊ី ចូលរួមយ៉ាងក្រាស់ក្រែល ក្នុងផ្នែកធនាគារ និង វិស័យថាមពលរបស់ Chypre ជាថ្នូរនឹងឥណទានរាប់ពាន់លានអឺរ៉ូទៀត ពីខាងរុស្ស៊ីសម្រាប់ខ្លួន។ ប៉ុន្តែ ភាគីរុស្ស៊ី នៅមិនទាន់ត្រៀមផ្តល់ឥណទានថ្មីឡើយ។ ចំណែកឥណទានទំហំ ២.៥០០លានអឺរ៉ូ ដែលមានផ្តល់ទៅ Chypre កាលពីឆ្នាំ២០១១ សម្រាប់អំឡុងពេល៤ឆ្នាំកន្លះ នោះគឺប្រកបដោយការប្រាក់៤,៥%ក្នុង១ឆ្នាំ។ គូភាគីសម្រេចថា នឹងបន្តកិច្ចចរចានៅកន្លែងផ្សេង៕ដោយ កែវ ឆាយា (RFI)