អ្នកជំនាញផ្ដល់គំនិតឲ្យក្រុមហ៊ុនអូស្រ្ដាលីសម្លឹងមើលទីផ្សារនៅអាស៊ី
របាយការណ៍ ថ្មីមួយ កំពុងតែជំរុញឲ្យពាណិជ្ជករលក់រាយសម្លឹងមើលទៅទីផ្សារនៅប្រទេសចិនវិញ ដើម្បីឲ្យមានការរីកចម្រើន នៅក្នុងខណៈពេលដែលការប្រកួតប្រជែងក្នុងស្រុកកំពុងតែកើនឡើងយ៉ាង ខ្លាំង។
ក្រុមហ៊ុនប្រឹក្សាយោបល់ Deloitte បានបញ្ចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនដែលមានរាយបញ្ជីឈ្មោះ ក្រុមហ៊ុនលក់រាយថ្នាក់កំពូលចំនួន២៥០នៅទូទាំងពិភពលោក។
ប្រទេស អូស្រ្ដាលីមានតែក្រុមហ៊ុនលក់រាយថ្នាក់កំពូលចំនួន២ទេ ស្ថិតនៅក្នុងលំដាប់ក្រុមហ៊ុនថ្នាក់កំពូលចំនួន២០ ដែលក្នុងនោះមានក្រុមហ៊ុន Woolworths និងគូប្រជែងរបស់គេ គឺក្រុមហ៊ុន Wesfarmers ដែលគ្រប់គ្រងហាង Coles supermarket។ ក្រុមហ៊ុនទាំងពីរនេះ បានចំណូលពីប្រទេស២គត់គឺអូស្រ្ដាលី និងនូវ៉ែលហ្សេឡង់។
របាយការណ៍នេះក៏ចង្អុលបង្ហាញឲ្យ ឃើញនូវទំនោរទៅរកហាងលក់ទំនិញនៅទីផ្សារដែលរីកចម្រើនហើយ ដូចជានៅអឺរ៉ុប និងសហរដ្ឋអាម៉េរិកដែលកំពុងតែស្វែងរកការរីកលូតលាស់នៅតាមបណ្ដា ទីផ្សារដទៃទៀតដូចជានៅអូស្រ្ដាលី និងអាស៊ី។
លោក David White សហនិពន្ធនៃរបាយការណ៍នេះនិយាយថា នេះគឺជាយុទ្ធសាស្រ្ដមួយដែលក្រុមហ៊ុនអូស្រ្ដាលីអាចទទួលបានផល ចំណេញតាមរយៈការរកទីផ្សារនៅអាស៊ី៕ (Radio Australia)