ការងារ​​សម្រាប់​ស្ត្រី បន្ទាប់ពី​ ៨ មីនា ២០១២

 ដោយ ផល សុវណ្ណវត្តី

Cambodia News

 នៅ​ថ្ងៃ​ទី ៨ មីនា​ ឆ្នាំ ២០១២ នេះ មិន​ខុស​ប្លែក​ពី​ថ្ងៃ ៨ មីនា ឆ្នាំ​មុនៗ​នោះ​ទេ គឺ​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​នៅ​កម្ពុជា​បាន​នាំ​គ្នា​រៀបចំ​ពិធី​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ។ ប៉ុន្តែ​អ្វី​ដែល​ថ្មី​នៅ​ឆ្នាំ​នេះ​គឺ​កម្ពុជា​បាន​ជ្រើសរើស​យក​ប្រធាន​បទ «អ្នក​ម្ដាយ​ដ៏​ឆ្នើម​របស់​ខ្ញុំ» ដែល​ប្រធានបទ​នេះ​ស្ដាប់​ទៅ​មិន​ត្រឹម​តែ​ពីរោះ​រណ្ដំ​ចិត្ត​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​វា​ពិត​ជា​មាន​ខ្លឹម​សារ​យ៉ាង​ទូលំ​ទូលាយ​បង្កប់​នៅ​ការ​កោតសរសើរ និង​ដឹង​គុណ​ដល់​អ្នក​ម្ដាយ​ជា​ទី​គោរព ដែល​ជា​ស្ត្រី​ដ៏​ពូកែ។

បើ​ទោះ​ជា​នៅ​មិន​ទាន់​មាន​តួលេខ​ថ្មី​ក៏​ដោយ វិទ្យាស្ថាន​ស្ថិតិ​ជាតិ​សម្រាប់​ឆ្នាំ ២០០៩ បាន​បង្ហាញ​ថា ស្ត្រី​មាន​ចំនួន​ច្រើន​ជាង​បុរស​រហូត​ដល់​ទៅ ៥២,% នៃ​អត្រា​ប្រជា​ពលរដ្ឋ​ប្រមាណ​ជា​ ១៤ លាន​នាក់ ហើយ​ពលរដ្ឋ​ជាង ៨០​% រស់​នៅ​តាម​តំបន់​ជនបទ​ដែល​ជា​អ្នក​ប្រកប​របរ​កសិកម្ម ដែល​ក្នុង​នោះ ស្ត្រី​ជា​កម្លាំង​ស្នូល​ក្នុង​ការងារ​នេះ។

ដោយ​សារ​តែ​ស្ត្រី​មាន​ចំនួន​ច្រើន​បែប​នេះ​ហើយ ទើប​រាជរដ្ឋាភិបាល​កន្លង​មក​តាមរយៈ​ក្រសួង​កិច្ចការ​នារី​ សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ដូចជា​អង្គការ Trocaire ជាដើម ដោយ​រួម​ទាំង​ម្ចាស់​ជំនួយ​ផង បាន​ខិតខំ​ខ្នះខ្នែង​ស្វែងរក​កត្តា​គន្លឹះ​នានា ដើម្បី​ជួយ​អភិវឌ្ឍ​ស្ត្រី តាម​រយៈ​ការ​លប់​បំបាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​បោក​បញ្ឆោត និង​ជួញ​ដូរ ការ​កេងប្រវ័ញ្ច​ទាំង​កម្លាំង​កាយ និង​ផ្លូវ​ភេទ ហើយ​បាន​ផ្ដល់​ការ​អប់រំ និង​មុខ​ជំនាញ​វិជ្ជាជីវៈ និង​​បំណិន​ជីវិត​ផ្សេងៗ​ទៀត​ផង។

 

មាត្រា​ទី​​ ៣១ នៅ​ក្នុង​ជំពូក​បី​​នៃ​រដ្ឋធម្មនុញ្ញ​របស់​ ព្រះរាជាណាចក្រ​កម្ពុជា​អំពី​​សិទ្ធិ​ និង​ករណីយ​កិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចែង​ថា «ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​ស្គាល់​ និង​ គោរព​សិទ្ធិ​មនុស្ស​ ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ​ សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស​ និង​កតិកាសញ្ញា​ ព្រម​ទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់​ទង​ទៅ​នឹង​សិទ្ធិមនុស្ស​ សិទ្ធិ​នារី​ និង​សិទ្ធិ​កុមារ»

ទន្ទឹម​នឹង​នេះ​ ចំណុច​ទី ១ ​នៃ​មាត្រា ១៦​ នៃ​សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស​នោះ​ក៏​បាន​ចែង​ដែរ​ថា «បុរស និង​ស្ត្រី​ពេញ​វ័យ​គ្រប់​រូប ដោយ​គ្មាន​ការ​ដាក់​កំហិត​លក្ខខណ្ឌ​ណា​មួយ ​អាស្រ័យ​លើ​ពូជ​សាសន៍ សញ្ជាតិ ឬ​សាសនា មាន​សិទ្ធិ​រៀប​អាពាហ៍ពិពាហ៍ និង​កសាង​គ្រួសារ​មួយ​។ បុរស និង​ស្ត្រី​មាន​សិទ្ធិ​ស្មើ​ៗ​គ្នា​ក្នុង​ការ​រៀប​អាពាហ៍ពិពាហ៍ ក្នុង​អំឡុង​ពេល​រួម​រស់​នៅ​ជា​មួយ​គ្នា​ជា​ប្ដី​ប្រពន្ធ និង​នៅ​ពេល​លែង​លះ​គ្នា» ខណៈ​ដែល​ចំណុច​ទី ២ ចែងថា « អាពាហ៍ពិពាហ៍​នឹង​អាច​ប្រព្រឹត្ត​ទៅ​បាន លុះ​ត្រា​តែ​មាន​ការ​យល់​ព្រម​យ៉ាង​ពេញ​លេញ​ និង​ដោយ​សេរី​ពី​សំណាក់​អនាគត​គូ​ស្វាមី​និង​ភរិយា​»

ទោះបីជា​យ៉ាង​នេះ​ក្តី ក៏​ស្ត្រី​កម្ពុជា​នៅ​តែ​មាន​ការ​រើសអើង​ពី​បុរស​ទាំង​ទាំង​នៅ​ក្នុង​គ្រួសារ និង​នៅ​ក្នុង​សង្គម​ទាំង​មូល។ ក្មេង​ស្រី​ត្រូវ​បាន​ឪពុក ឬ​បង​និង​ប្អូន​ប្រុស​វាយ​ធ្វើ​បាប ឯ​ស្ត្រី​ជា​ភរិយា​ត្រូវ​បាន​ប្តី​ប្រើ​ហិង្សា​គ្រប់​រូបភាព ទាំង​ផ្លូវកាយ ផ្លូវ​ចិត្ត និង​ផ្នែក​សេដ្ឋកិច្ច។ល។ និង។ល។ ទាំង​នេះ​ក៏​ដោយ​សារ​ផ្នត់​គំនិត​ចាស់​គំរឹល​ដែល​បាន​ដិត​ស្នាម​ជាប់​តាំង​ពី​យូរលង់​មក​ ហើយ​នោះ​នៅ​តែ​មាន​ក្នុង​ចំណោម​បុរសៗ ដែល​បញ្ហា​នេះ​គឺ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ​មិន​ស៊ីវិល័យ​ នេះ​ចេញ។

កន្លងមក​នៅ​កម្ពុជា គោល​គំនិត​របស់​នារី​ៗ​ត្រូវ​បាន​គេ​បំភ្លេច ដោយ​ចាត់​ទុក​ថា ការ​គិត ការ​វាយ​តម្លៃ និង​ការ​ធ្វើ​និទស្សន៍​ ឬ​ក៏​ការ​ព្យាករណ៍​របស់​ពួកគេ​មាន​កម្រិត​ទាប ហើយ​ការ​គិត​របស់​ពួក​គេ​ទៀតសោត​ត្រូវ​បាន​បុរសៗ​ចាត់​ទុក​ថា ជា​គំនិត «មុជ​មិន​ជ្រៅ ទៅ​មិន​ឆ្ងាយ នៅ​តែ​ជុំវិញ​ចង្ក្រាន​បាយ» តែប៉ុណ្ណោះ។

ជាទូទៅ ថ្វីបើ​កម្លាំង​កាយ​របស់​នារី​ភេទ​មិន​អាច​យក​ប្រៀប​ជា​មួយ​បុរស​បាន​នោះ​ទេ ហើយ​ពួកគេ​ក៏​គ្មាន​បំណង​ចង់​ប្រកួតប្រជែង​លើ​កម្លាំង​បាយ​ជា​មួយ​និង​បុរស​ នោះ​ដែរ។ ប៉ុន្តែ​ការ​គិត ការ​វិភាគ និង​ការ​សម្រេច​របស់​នារី​ភេទ​ក៏​មិន​ចាញ់​បុរសៗ​ប៉ុន្មាន​ឡើយ ប្រសិន​បើ​ការ​អប់រំ និង​ចំណេះ​ដឹង​របស់​ពួកគេ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​បុរសៗ​ដែរ​នោះ។

ដោយ​សារ​តែ​មិន​ឲ្យ​តម្លៃ និង​ការ​មាក់ងាយ និង​ការ​រើសអើង​ដល់​​នារី​ភេទនេះ​ហើយ ទើប​បុរស​ជា​ច្រើន​បាន​ចាត់​ទុក​នារី​ភេទ​ថា ជា​អ្នក​រស់​នៅ​គ្រាន់​តែ​កំដរ​ជីវិត​របស់​ពួកគេ​តែ​ប៉ុណ្ណោះ។ ​បុរស​ទាំង​នោះ​មិន​អនុញ្ញាត​ឲ្យ​នារី​ភេទ​បាន​ទទួល​ចំណេះ​ដឹង​ទូទៅ និង​ការ​អប់រំ​ជាន់​ខ្ពស់​ដូច​ពួកគេ​ជា​បុរសៗ​ឡើយ។ ពួក​បុរស​ដែល​មាន​ទស្សនៈ​ចង្អៀតចង្អល់ និង​មាន​គំនិត​ទុទិដ្ឋិនិយម​បែបនេះ​បាន​យល់​ឃើញ​ថា បើ​ទោះ​ជា​នារី​បាន​ភេទ​សិក្សា​បាន​ខ្ពស់ មាន​ចំណេះ​ដឹង​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​នារីៗ​នៅ​តែ​ជា​ប្រពន្ធ​របស់​គេ​ដែល​ត្រូវ​ទទួល​រ៉ាប់រង​ការងារ​ផ្ទះ ដូច​ជា​ដាំ​ស្ល និង​មើល​ថែ​ទាំ​កូនៗ​ចៅ​ជា​ដើម។

ជា​ការពិត នារី​ភេទ​ជា​កម្លាំង​ចលករ​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​សង្គម​រីក​ចម្រើន ​បាន​យ៉ាង​រហ័ស។ នៅ​ក្នុង​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន ដោយ​សារ​តែ​នារី​ត្រូវ​បាន​គេ​ផ្ដល់​ឱកាស ផ្ដល់​សិទ្ធិ ផ្ដល់​ការ​ទទួល​ខុសត្រូវ ផ្ដល់​ចំណេះដឹង និង​ការ​អប់រំ​ដូច​បុរស​នេះ​ហើយ ទើប​នារី​ភេទ​បាន​ក្លាយ​ជា​អ្នក​នយោបាយ និង​មេដឹកនាំ​ដ៏​ចំណាន​របស់​ប្រទេស។

ឧទាហរណ៍​តូច​មួយ​នៅ​ក្នុង​សង្គម។ ប្រសិន​បើ​ក្នុង​គ្រួសារ​មួយ​មាន​ស្វាមី​និង​ភរិយា​ចេះ​ប្រឹក្សា និង​ទទួល​ការ​ផ្លាស់​ប្ដូរ​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក​ពី​បញ្ហា​គ្រួសារ បញ្ហា​សេដ្ឋកិច្ច និង​រឿងរ៉ាវ​ដទែៗ​ទៀត​ទាក់ទិន​នឹង​គ្រួសារ ហើយ​ពួកគេ​ទាំង​ពីរ​មាន​សមត្ថភាព​ក្នុង​ការ​ស្វែង​រក​ប្រាក់​ចំណូល​តាម​ ជំនាញ​រៀងៗ​ខ្លួន និង​មាន​សមត្ថភាព​ក្នុង​ការ​ដឹក​នាំ​អប់រំ​កូន​ចៅ​ប្រហាក់ប្រហែល​គ្នា នោះ​គ្រួសារ​នេះ​ពិត​ជា​មាន​ជីវភាព​ធូរស្រាល និង​មាន​ភាព​រុងរឿង​ជាង​គ្រួសារ​ដែល​មានតែ​ស្វាមី ឬ​ក៏​ភរិយា​ម្នាក់​ឯង​ជា​អ្នក​រ៉ាប់​រង។ ដូចនេះ​សង្គម​ជាតិ​ទាំង​មូល​ក៏​ដូច្នោះ​ដែរ បើ​នារី​និង​បុរស​មាន​សមត្ថភាព​ដូច​គ្នា និង​មិន​មាន​ការ​រើសអើង​ដល់​នារី​ភេទ នោះ​សង្គម​ពិត​ជា​រីក​ចម្រើន ស៊ីវិល័យ និង​មាន​ភាព​រុងរឿង។

ហេតុនេះ ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​ស្ត្រី និង​អភិវឌ្ឍ​ជាតិ ទាំង​សង្គម​គ្រួសារ និង​សង្គម​ជាតិ​ទាំង​មូល​ត្រូវ​ទទួល​ស្គាល់​សិទ្ធិ និង​លើក​ស្ទួយ​តួនាទី​ដល់​នារី​ភេទ។ សង្គម​ទាំង​មូល​ត្រូវ​ខិតខំ​ការពារ ជំរុញ​និង​លើកទឹកចិត្ត អប់រំ បណ្ដុះបណ្ដាល ផ្ដល់​ប្រឹក្សា​យោបល់ ចែក​ជូន​បទពិសោធន៍ ចំណេះដឹង មេរៀន​ទទួល​បាន និង​ការអនុវត្ត​ល្អៗ​ដល់​នារី​កម្ពុជា។

ជាង​នេះ​ទៅ​ទៀត នារី​ខ្លួន​ឯង​ត្រូវ​មាន​ស្មារតី​រឹងប៉ឹង។ ខណៈ​ដែល​សង្គម​ និង​ច្បាប់​ជួយ ​ជ្រោមជ្រែង​ដល់​ខ្លួន នោះ​នារីៗ​ខ្លួន​ឯង​ត្រូវ​ខិតខំ​ពង្រឹង​សមត្ថភាព ខំ​ធ្វើ​ការ​តស៊ូ​មតិ ហើយ​ស្វែងរក​និង​បង្កើន​ចំណេះ​ដឹង ចំណេះ​ធ្វើ បំណិន​ជីវិត និង​វិជ្ជាជីវៈ​ផ្សេងៗ។ ការ​ដែល​នារី​មាន​សមត្ថភាព​ មាន​បំណិន​ជីវិត​និង​មាន​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ នោះ​ពួកគេ​មិន​ត្រឹម​តែ​អាច​ចៀស​ផុត​ពី​ការ​រើសអើង​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ពួកគេ​ក៏​អាច​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ដល់​ខ្លួន​ឯង​ផង និង​ដល់​គ្រួសារ​និង​សង្គម​ជាតិ​ផង ហើយ​ពួកគេ​ក៏​អាច​ក្លាយ​ជា​អ្នក​នយោបាយ និង​មេដឹកនាំ​ដ៏​ចំណាន​របស់​ប្រទេស​ដូច​បណ្ដា​ប្រទេស​ដទៃៗ​ទៀត​ដែរ៕ (អត្ថបទ​ក្រោម​ជំនួយ​របស់​​​អង្គការ Trocaire)

 

Related Articles

Back to top button
Close
Close