ជន​ជាតិ​ចិន​ស្រ​វឹង​បើក​រថ​យន្ត​បុក​ម៉ូតូ ​របួស​ធ្ងន់​ម្នាក់​

ភ្នំពេញ៖ ​កាលពី​វេលា​ម៉ោង ១១ និង​៣០​នាទី​អធ្រាត្រ ថ្ងៃ​៦ មករា ​ជនជាតិ​ចិន​ម្នាក់​ស្រវឹង​បើករថយន្ត​លឿន​​ជ្រុល​ចង្កូត​បុក​ម៉ូតូ​មួយគ្រឿង​នៅ​ចំណុច​ផ្លូវខ្វែង ​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​​រងរបួស​ធ្ងន់ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​៩០ កែង​៦១ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូន​ពេញ។

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក LEXUS LS 430 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-3010 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន និង​រួម​ដំណើរ​ជាមួយ​ស្ត្រី​ម្នាក់ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​។ ជនជាតិ​ចិន​រូបនោះ បើករថយន្ត​ក្នុងទិសដៅ​ពី​លិចទៅ​កើត តាមផ្លូវ​លេខ​៩០ លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​បុក​ម៉ូតូ​ម៉ាក​គុប​ជ្រុង​សេ​៩០ ពណ៌​ទឹកប៊ិក ពាក់​ស្លាក​លេខ កំពត 1A-5238 បើកបរ​ដោយ​បុរស​ម្នាក់​មិនត្រូវ​បាន​ស្គាល់​ អត្តសញ្ញាណក្នុងទិសដៅពីជើងទៅត្បូង បណ្ដាលឲ្យ​រងរបួស​ធ្ងន់។

បន្តាប់​ពី​បុក​ម៉ូតូ​បណ្តាល​ឲ្យ​អ្នកបើកបរ​រងរបួស​ធ្ងន់ ចំណែក​រថយន្ត​នៅ​មិនទាន់​អស់​ល្បឿន បាន​ជ្រុ​ល​ចង្កូត​បុក​ចូល​ការដ្ឋាន​សំណង់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សំណាងល្អ​មិន​បណ្តាល​ឲ្យ​អ្នកបើកបរ និង​អ្នករួមដំណើរ​រងរបួស​នោះ​។

ក្រោយ​កើតហេតុ ​អ្នករងរបួសត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រីឯ​រថយន្ត​បង្ក​ រួម​នឹង​ម៉ូតូ​រងគ្រោះ ត្រូវបាន​ប៉ូលិសចរាចរ​ណ៍ខណ្ឌ វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៍គោក​រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​៕​

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close