លោកឈូកបណ្ឌិតបន្តលាក់​​​ខ្លួនខណៈតុលាការចេញ​​ដីកាកោះហៅ

ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង លោក ហ៊ឹង ប៊ុនជា បាន​និយាយ​​ថា លោក​បាន​ចេញ​ដីកា​កោះ​ហឿ​​លោក ឈូក បណ្ឌិត​ អភិ​បាល​ក្រុង​បាវិត ​ឲ្យ​មក​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​ នា​ថ្ងៃ​ទី​១៦​​ ​មីនា​ ខាង​មុខ​នេះ​ពាក់​ព័ន្ធ​នឹង​ការ​សង្ស័យ​ផ្ទុះ​អាវុធ​ទៅ​លើ​កម្មករ​រោង​ចក្រ​កៅ​វ៉េ ៣ នាក់​ឲ្យ​រង​របួស​ជា​ទម្ងន់ក្នុង​ពេល​តវ៉ា​មួយ​ កាល​ពី​ថ្ងៃ​ទី ២០ កុម្ភៈ ឆ្នាំ​២០១២។

លោក​បាន​បន្ត​ថា ក្រោយ​ពេល​សាក​សួរ​​​រួច ព្រះ​រាជ​អាជ្ញា​នឹង​ចោទ​ប្រកាន់​ ហើយ​​លោក​ត្រូវ​ចាត់​ការ​ករណី​នេះ​ ដោយ​ប្រយ័ត្ន​ប្រយែង។ ប៉ុន្តែ​នៅ​ពេល​នេះសមត្ថកិច្ចមិន​ទាន់​ដឹង​ថា លោក​ឈូក បណ្ឌិត កំពុង​ស្នាក់​នៅ​ទី​ណា​ឡើយ។

អធិការ​នគរបាល​ក្រុង​បាវិត លោក កែវ គង់ ​បាន​និយាយ​​​កាល​ពី​ម្សិលមិញ​ថា លោក​ពុំ​ទាន់​បាន​ទទួល​ដីកា​កោះ​ហៅ​ពី​តុលាការ​នៅ​ឡើយ​ទេ បើ​ទទួល​បាន​​លោក​នឹង​បញ្ជា​ឲ្យ​មន្ត្រី​របស់​លោក​យក​ដីកា​នោះ​ទៅ​កាន់​ផ្ទះ​លោក ឈូក បណ្ឌិត ភ្លាម​ ប៉ុនតែ​នៅ​ពេល​នេះ​លោក​មិនបាន​ដឹង​ថា លោក​ឈូក​ បណ្ឌិត នៅ​ឯ​​ណា​នោះ​ទេ​៕

Related Articles

Back to top button
Close
Close