និស្សិតសារព័ត៌មាននឹងផ្សាយពីស្ថាបត្យកម្មនៅរាជធានីលើទស្សនាវដ្តីរបស់ខ្លួន
ដោយ កើត ចន្រ្ទា
និស្សិតសារព័ត៌មានមួយក្រុមនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាព្រឹកថ្ងៃទី ២៩ ខែកុម្ភៈ នេះបានបំពេញទស្សនកិច្ចសិក្សានៅជុំវិញរាជធានីភ្នំពេញ ដែលដំណើរទស្សនកិច្ចនេះគឺជាផ្នែកនៃគម្រោងចេញផ្សាយទស្សនាវដ្តីរបស់និស្សិត ដោយផ្តោតលើស្ថាបត្យកម្មនៅក្នុងរាជធានីភ្នំពេញ ។
លោក Tilman Baumgartel សាស្រ្តាចារ្យដេប៉ាតឺម៉ង់ប្រពន្ធ័ផ្សព្វផ្សាយ និងសារគមនាគមន៍ ដែលបានដឹកដំណើរទស្សនកិច្ច សិក្សា នេះ បានមានប្រសាសន៍ថា ការចុះពនិត្យមើលរបស់ក្រុមនិស្សិតនាថ្ងៃនេះគឺក្នុងគោលបំណងឲ្យពួគេបានយល់ដឹងអំពីស្ថាបត្យកម្មខ្មែរ និងបរទេស ដែលមាននៅក្នុងរាជធានីភ្នំពេញ ហើយនិងទទួលបានចំណេះដឹងជាមូលដ្ឋានក្នុងការសរសេរអត្ថបទព័ត៌មានសម្រាប់ទស្សនាវដ្តីដែលនឹងចេញផ្សាយខាងមុខនេះ។
លោកសាស្រ្តាចារ្យ Tilman បានបញ្ជាក់ថា មូលហេតុដែលនាំទស្សនាវដ្តីដែលផ្តោតលើសំណង់ ឬក៏ស្ថាបត្យកម្មនៅរាជធានីភ្នំពេញនេះ គឺដើម្បីឲ្យនិស្សិតបានសិក្សាស្វែងយល់បន្ថែមទៀតទៅលើសំណង់ចាស់ៗ ដែលពុំសូវមានសៀវភៅ ឬឯកសារផ្សេងៗកត់ត្រាទុកឡើយ។
លោកសាស្រ្តាចារ្យបានបន្ថែមថា ការចងក្រងឯកសារស្តីពីស្ថាបត្យកម្ម ដើម្បីផ្សព្វផ្សាយនៅក្នុងទស្សនាវដ្តីបន្ទាប់នេះក៏អាចជាឯកសារមគ្គុទេស សម្រាប់ភ្ញៀវទេសចរ និងជាឯកសារយោងសម្រាប់និស្សិតផ្សេងទៀតផងដែរ។
នៅក្នុងដំណើរទស្សនកិច្ចសិក្សាពេញមួយព្រឹកនោះបានធ្វើឲ្យនិស្សិតទាំងអស់ស្វែងយល់អំពីសំណង់ និងអគារចាស់ និងថ្មីនៅក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះរួមមាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្ទះចិនបុរាណ ព្រះវិហារគ្រិស្ត មន្ទីរពេទ្យគន្ធបុប្ផា ក្រសួងប្រៃសនីយ៍ អតីតរោងភាពយន្តហេមជាតិ បុរីកីឡា និងអាគារចាស់ៗមួយចំនួនទៀត។
លោក ស្រេង ភារុណ និស្សិតម្នាក់ក្នុងចំណោមនិស្សិតដែលបានចុះទៅបំពេញទស្សនកិច្ចសិក្សានោះបាននិយាយថា លោកមិនសូវដឹង និងចាប់អារម្មណ៍ស្ថាបត្យកម្មចាស់ៗនោះទេ ប៉ុន្តែបន្ទាប់ពីបានចូលរួមទស្សនកិច្ចសិក្សានេះរួចមក ទើបលោកមានការយល់ដឹង និងចាប់អារម្មណ៍លើស្ថាបត្យកម្មបុរាណនៅក្នុងរាជធានី។
លោក ភារុណ បានបន្តថា “ប្រសិនបើអាច [បង្កើតទស្សនាវដ្តីស្ថាបត្យកម្មទីក្រុង ភ្នំពេញ] ខ្ញុំនឹងសរសេរអំពីការអភិរក្ស និងការបោះបង់ចោលស្ថាបត្យកម្មចាស់ៗ។ ជាក់ស្តែង ដូចជាក្រសួងប្រៃសនីយ៍ ដែលពីដើមត្រូវបានប្រើប្រាស់ ហើយបច្ចុប្បន្ននៅតែប្រើប្រាស់ដដែរ។ ចំណែកអគារខ្លះទៀតដែលពីដើមជារោងកុន តែដល់ឥឡូវប្រែជាផ្ទះ ប្រជាជនទៅវិញ។ ខ្ញុំគិតថា អ្នកអាននឹងអាចស្វែងយល់តាមរយៈការសរសេរបង្ហាញពីបញ្ហាទាំងនេះ” ។
ជាទូទៅ គេកត់សម្គាល់ឃើញថា អគារ និងស្ថាបត្យកម្មល្បីៗនៅរាជធានីភ្នំពេញភាគច្រើនជាស្នាដៃរបស់លោក វ៉ាន់ ម៉ូលីវ៉ាន់ ដែលជាអតីតស្ថាបត្យករដ៏ល្បីនៅកម្ពុជានាទស្សវត ៦០ ហើយមួយចំនួនទៀតជាស្ថាបត្យកម្មដែលបន្សល់ទុកពីសម័យអាណានិគមបារាំងមក។
គួររំលឹកដែរថា មានទស្សនាវដ្តីចំនួនពីរលេខរួចមកហើយដែលបានចេញផ្សាយដោយក្រុមនិស្សិតនៃដេប៉ាតឺម៉ង់ប្រពន្ធ័ផ្សព្វផ្សាយ និងសារគមនាគមន៍ ដែលលេខទី១ មានចំណងជើងថា “កុន” ជាការផលិតរបស់និស្សិតជំនាន់ទី ៨ និងលេខទី២ ចំណងជើងថា “តន្រ្តី” ជាសមិទ្ធផលរបស់និស្សិតជំនាន់ទី៩ និងជាលេខបបន្ទាប់នេះគឺជា នឹងផ្តោតលើស្ថាបត្យកម្មនៅរាជធានីភ្នំពេញ ដែលស្ថិតក្នុងដំណើរការផលិតរបស់និស្សិតជំនាន់ទី១០៕