បុរសម្នាក់ទៀតបានស្លាប់ដោយសារជំងឺផ្ដាសាយបក្សី
ភ្នំពេញ៖ កាលពីវេលាម៉ោង ១១ និង៤៦នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈ បុរសម្នាក់ទៀតដែលត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថា បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1 នៅ មន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះអស់ រយៈពេលជាច្រើនថ្ងៃមកហើយនោះ។
ជនរងគ្រោះដែលគ្រូពេទ្យបញ្ជាក់ថា បុរសដែលស្លាប់ដោយជំងឺផ្តាសាយបក្សីនោះឈ្មោះធឿន ឌឿន អាយុ25ឆ្នាំ ជាកសិករ រស់នៅភូមិក្បាលអូរ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
បើតាមស្រ្តីឈ្មោះសួន សុខឃី អាយុ32ឆ្នាំ ជាប្អូនបង្កើតរបស់ជនរងគ្រោះបានអោយដឹងថាបងប្រុសរបស់គាត់មាន អាការៈមិនស្រួលបន្ទាប់ពីរូបគេបានប៉ះពាល់សត្វទារដែលងាប់ហើយគេ នាំគ្នាយកសត្វទារនោះមកធ្វើម្ហូបនាំគ្នាហូបកាលពីថ្ងៃទី6 ខែកុម្ភៈ ឆ្នាំ២០១៣នេះ។
លុះរំលងបានរយៈពេល2ថ្ងៃ ស្រាប់តែជនរងគ្រោះមានអាការៈមិនស្រួលធ្លាក់ខ្លួនឈឺដោយក្តៅ ខ្លួនក្អកដង្ហក់ និងហត់ រួមទាំងហៀរសំបោរ ហើយបានទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមដែរ នៅតែមិនធូស្បើយ ទើបបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែតបន្តទៀត។
ដោយក្រុមគ្រូពេទ្យប្រាប់ថាមានជំងឺផ្តាសាយបក្សី ហើយបានមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតអស់រយៈពេល៣យប់ ៣ថ្ងៃ តែមិនអាច ជួយសង្រ្គោះបានទេ រហូតស្លាប់នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣តែម្តង៕