ស្ត្រី ស៊ីរ៉ាឡេអូន តស៊ូដើម្បីតួនាទីក្នុងនយោបាយ បោះពុម្ព ចែករំលែក
ប្រទេស ស៊ីរ៉េឡេអូន (Sierra Leone) បានរៀបចំការបោះឆ្នោតលើកទីបីរបស់ខ្លួន នៅថ្ងៃទី១៧ ខែវិច្ឆិកា ចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិលពេញមួយទសវត្សរ៍។ ប្រទេសនេះបានធ្វើដំណើរឆ្ពោះទៅមុខតាមរបៀបមួយចំនួន។ ផ្លូវថ្នល់មានភាពប្រសើរជាងមុន ហើយការថែរក្សាសុខភាពកំពុងតែត្រូវបានកែលម្អរ ប៉ុន្តែឋានៈរបស់ស្ត្រី ជាពិសេសផ្នែកនយោបាយ មានភាពប្រសើរឡើងយ៉ាងយឺតៗ នៅចំពោះមុខឧបសគ្គខាងវប្បធម៌និងសេដ្ឋកិច្ច។ Nina deVries រាយការណ៍សម្រាប់ព័ត៌មានវីអូអេ ពីទីក្រុង ហ្វ្រីថោន (Freetown)។
លោកស្រី ខាឌី សេសាយ (Kadi Sesay) ធ្លាប់ជាមនុស្សដំបូងបង្អស់។
លោកស្រីធ្លាប់ជាស្ត្រីដំបូងបង្អស់ក្នុងការដឹកនាំ ដេប៉ាតឺម៉ង់ភាសាអង់គ្លេសនៃមហាវិទ្យាល័យ ហ្វ័ររ៉ាបេ (Fourah Bay) នៅក្នុងរដ្ឋធានី ហ្វ្រីថោន។ លោកស្រីធ្លាប់ជាស្ត្រីដំបូងក្នុងការដឹកនាំគណៈកម្មការជាតិដើម្បី លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។ លោកស្រីក៏ជាស្ត្រីដំបូង ដែលបានក្លាយជារដ្ឋមន្ត្រីអភិវឌ្ឍន៍និងផែនការសេដ្ឋកិច្ចផងដែរ។
លោកស្រី មានបំណងចង់ក្លាយជាបេក្ខភាពស្រ្តីដំបូងបំផុតសម្រាប់តំណែង អនុប្រធានា ធិបតីរបស់ ស៊ីរ៉ាឡេអូន នៅពេលដែលលោកស្រីបានចុះឈ្មោះជាបេក្ខជនដៃគូរ ជាមួយបេក្ខជនគណបក្សប្រឆាំង គឺលោក ជូលៀស ម៉ាដា បាយអូ (Julius Maada Bio) នៅក្នុងការបោះឆ្នោត នៅថ្ងៃទី១៧ ខែវិច្ឆិកា។
«ឃ្លាតែមួយគត់ដែលខ្ញុំមិនគ្រប់លក្ខខណ្ឌគឺថា ខ្ញុំជាស្ត្រី ហើយខ្ញុំចេះតែសួរប្រជាពលរដ្ឋថា តើនរណានឹងធ្វើការសម្រេចចិត្ត នៅពេលដែលប្រទេសនឹងត្រៀមខ្លួនរួចរាល់។ តើជាបុរសមែនទេ? ខ្ញុំមានអារម្មណ៍អំពីបញ្ហាប្រឈមយ៉ាងពិតប្រាកដ ប៉ុន្តែខណៈដែលពេលវេលាធ្វើដំណើរទៅមុខ យើងបានធ្វើយុទ្ធនាការយ៉ាងល្អ ហើយគិតថា សហការីបុរសទាំងអស់របស់ខ្លុំគោរពខ្ញុំ»។
លោកស្រីថ្លែងថា ស្ត្រីដូចជារូបលោកស្រី គឺជាករណីពិសេស។ លោកស្រីនិយាយថា ស្ត្រីភាគច្រើននៅ ស៊ីរ៉ាឡេអូន មិនមានលទ្ធភាពឈរឈ្មោះក្នុងការបោះឆ្នោតទេ ហើយ ប្រសិន បើពួកគេអាចឈរឈ្មោះ ពួកគេនឹងប្រឈមទៅនឹងការរើសអើង និងការចោទ ប្រកាន់ពីបទ«ប្រើប្រាស់ផ្លូវភេទដើម្បីទទួលបានការ តែងតាំង»។
គណៈកម្មការជាតិរៀបចំការបោះឆ្នោត បានប្រាប់វីអូអេថា គ្រាន់តែតម្លៃក្នុងការចុះឈ្មោះជាបេក្ខជនម្នាក់ មានភាពខុសគ្នា ដោយផ្អែកទៅតាមការបោះឆ្នោតសម្រាប់តំណែងប្រធានាធិបតី រដ្ឋសភា ឬក៏តំណាងនៅតាមមូលដ្ឋាន ប៉ុន្តែអាចមានតម្លៃថ្លៃរហូតដល់ទៅ២៣០ដុល្លារ។
បើទោះជាលោកស្រី សេសាយ និងបេក្ខជនដៃគូរបស់លោកស្រី គឺលោក ជូលៀស ម៉ាដា បាយអូ មិនឈ្នះការបោះឆ្នោតនៅក្នុងឆ្នាំនេះក្តី លោកស្រី សេសាយ មានប្រសាសន៍ថា ភាពជឿនលឿនទៅមុខ កំពុងត្រូវបានធ្វើឡើង។
«ដោយមានស្ត្រីកាន់តែច្រើនស្ថិតនៅជួរដឹកនាំខាងលើ ទំនងជាមានស្ត្រីវ័យក្មេងៗកាន់តែច្រើន នឹងមើលគំរូតាមស្ត្រីវ័យចំណាស់ និងចង់ចម្លងតាមគំរូនេះ ហើយនោះជាបញ្ហាប្រឈម ថាតើត្រូវធ្វើយ៉ាងម៉េច ដើម្បីឱ្យស្ត្រីកាន់តែច្រើន ទៅកាន់ដំណែងកំពូល?
លោកស្រី បុណេ សេសាយ (Bonnet Sesay) ដែលជាម្តាយម៉េម៉ាយ អាចរកប្រាក់បានចំនួន១៥០ដុល្លារក្នុងមួយខែ ដោយបម្រើការជាអ្នកថែរក្សាផ្ទះសម្បែងនៅទីក្រុង ហ្វ្រីថោន។ លោកស្រីថ្លែងថា ជារឿយៗ បុរសមានអំណាចជាងស្ត្រីនៅក្នុងផ្ទះ និងនៅកន្លែងធ្វើការ ហើយថាលោកស្រីសង្ឃឹមថា ស្ត្រីកាន់តែច្រើននៅក្នុងអំណាច មានន័យថាជាការគូសបញ្ជាក់ធំធេងជាងមួយ ទៅលើបញ្ហាដូចជាសុខភាព និងការអប់រំជាដើម។
«វានឹងជួយប្រជាពលរដ្ឋទាំងឡាយ ដូចជារូបខ្ញុំ។ ខ្ញុំគ្មានប្តីទេ ខ្ញុំមានកូនពីរនាក់។ ដូច្នេះប្រសិនបើយើងមានស្ត្រីនៅក្នុងរដ្ឋសភា ឬជាអនុប្រធានាធិបតី ពួកគេអាចជួយយើងបាន ជួយបញ្ជូនបញ្ហារបស់យើង។បុរសភាគច្រើននៅទីនេះ កំពុងកេងចំណេញពីពួកយើង»។
ប៉ុន្តែ ក្រុមសកម្មជននិយាយថា មិនមែនគ្រប់អ្នកនយោបាយស្ត្រីទាំងអស់ សុទ្ធតែមានចំណាប់អារម្មណ៍ជួយស្ត្រីផ្សេងៗទៀតឲ្យទទួលជោគជ័យនោះ ទេ។
លោកស្រី ណេម៉ាតា ម៉ាចេស វ៉ាកឃើ (Nemata Majeks-Walker) គឺជាស្ថានិកនៃក្រុម៥០/៥០ នៅស៊ីរ៉ាឡេអូន ដែលជាអង្គការមួយ ដែលជំរុញឲ្យស្ត្រីមានវត្តមានកាន់តែខ្លាំងឡើងនៅក្នុងនយោបាយ។
លោកស្រី និយាយថា ការជួបប្រជុំតូចៗរបស់សមាជិករដ្ឋសភាស្ត្រី ត្រូវបានរំពឹងថានឹងបញ្ចុះបញ្ចូលឲ្យមានច្បាប់ស្តីពីសមភាពខាងយេនឌើ នៅឆ្នាំនេះ ដែលនឹងបង្កើតឲ្យមានការកំណត់ឲ្យមានស្ត្រីនៅក្នុងរដ្ឋសភាចំនួន ៣០ភាគរយ។ ជាជំនួសវិញ ច្បាប់នេះត្រូវបានបដិសេធចោលកាលពីខែកញ្ញា។
«ពួកគេមានចំណាប់អារម្មណ៍ផ្សេង អាទិភាពផ្សេងទៀតនៅពេលនោះ ដូចជាការធ្វើយុទ្ធនាការ និងការធ្វើការងារជាមួយសមាជិកសភាធម្មនុញ្ញរបស់ពួកគេ ជាជាងផ្តល់អាទិភាពដល់ច្បាប់នេះ។ ពួកគេបានចូលទៅក្នុងរដ្ឋសភារួចហើយ។ ខ្ញុំមានអារម្មណ៍ថា វាជាមេរៀនដ៏ជូរចត់សម្រាប់ពួកគេ ដោយសារស្ត្រីជាច្រើនបានបាត់បង់អាសនៈរបស់ពួកគេ។ ប្រសិនបើពួកគេបានផ្តោតការយកចិត្តទុកដាក់លើបញ្ហានេះ ការនោះអាចជួយពួកគេឲ្យមានកន្លែងកាន់តែច្រើននៅក្នុងរដ្ឋសភា»។
គណៈកម្មាធិការរៀបចំការបោះឆ្នោតបានឲ្យដឹងថា មានការកំណើនស្ត្រីដ៏តិចតួចណាស់ ដែលឈរឈ្មោះនៅក្នុងការបោះឆ្នោតនៅឆ្នាំនេះ បើប្រៀបធៀបទៅនឹងការបោះឆ្នោតកាលពីលើកមុននៅក្នុងឆ្នាំ២០០៧។
អ្នកនាំពាក្យរបស់គណៈកម្មាធិការនេះ លោក គ្រីស្តូហ្វើ ចូនស៍ (Christopher Jones) ថ្លែងថា លោកស្រី សេសាយ ជាស្ត្រីម្នាក់ក្នុងចំណោមបីនាក់ ដែលឈរឈ្មោះសម្រាប់តំណែងអនុប្រធានាធិបតី នៅក្រោមគណបក្សនយោបាយផ្សេងៗគ្នា។ ហើយ តួលេខស្ត្រី ដែលឈរឈ្មោះសម្រាប់សមាជិកសភា បានកើនពីចំនួន៦៤កាលពីការបោះឆ្នោតលើកមុន ទៅចំនួន៦៧នៅក្នុងឆ្នាំនេះ។ ប៉ុន្តែ តួលេខនោះគ្រាន់តែជាចំណែកមួយក្នុងចំណោមបេក្ខជនសម្រាប់សមាជិក សភាចំនួន៥៨៦។
«បើទោះជាមនុស្សមួយចំនួននិយាយថា វាជាការសំខាន់ ប៉ុន្តែខ្ញុំសូមនិយាយថាមានការកើនឡើងមែន ហើយស្ត្រីនឹងកាន់តែរឹងមាំឡើងបន្តិចម្តងៗ។ ពួកគេនឹងឈានដល់កម្រិតភាគរយដែលពួកគេកំពុងស្វែងរក»។
លោក រីឆាត ហូវីឌ (Richard Howitt) ដែលជាប្រធានអ្នកអង្កេតមើលការបោះឆ្នោតនៅ ស៊ីរ៉ាឡេអូន សម្រាប់សហភាពអឺរ៉ុប ថ្លែងថា វាជាការខកចិត្តមួយ ដែលឃើញមានស្ត្រីតិចតួចនៅក្នុងការបោះឆ្នោត។
«វាត្រូវបានចែងនៅក្នុងអនុសញ្ញារបស់អង្គការសហប្រជាជាតិ ដោយគ្របដណ្តប់គ្រប់ប្រទេសទាំងអស់នៅក្នុងពិភពលោក។ អ្វីដែលយើងចង់ឃើញនៅក្នុងប្រទេសនេះ គឺការ អប់រំកាន់តែច្រើនសម្រាប់ស្រ្តី ការរីកចម្រើនផ្នែកសេដ្ឋកិច្ចកាន់តែច្រើនសម្រាប់ស្ត្រី ដែលនឹងផ្តល់ឲ្យស្ត្រីនូវមធ្យោបាយផ្នែកហិរញ្ញវត្ថុ ដែលមានសារសំខាន់នៅក្នុងការបោះ ឆ្នោត»។
ស្ត្រីនៅតាមបណ្តាប្រទេសមួយចំនួន ដូចជា ប្រទេសរ្វាន់ដា (Rwanda) តង់ហ្សានី (Tanzania) និង សេណេហ្គាល់ (Senegal) បានបង្កើនតំណាងរបស់ពួកគេយ៉ាងច្រើន ដោយសារច្បាប់បានតម្រូវថា ចំនួនអាសនៈជាក់លាក់មួយចំនួនក្នុងរដ្ឋសភា ត្រូវតែត្រូវបានរក្សាទុកសម្រាប់ស្ត្រី ឬថាភាគរយណាមួយនៃបេក្ខជនរបស់គណបក្សនីមួយៗ ត្រូវតែជាស្ត្រី។
សកម្មជនស្រ្តីនៅក្នុងប្រទេស ស៊ីរ៉ាឡេអូន និយាយថា ពួកគេនឹងបន្តធ្វើយុទ្ធនាការដើម្បីទទួលបានច្បាប់ស្រដៀងគ្នានេះ ដែរ៕ប្រែសម្រួលដោយ លី សុខឃាង (VOA)