ស្ត្រីម្នាក់ដេកសន្លប់នៅមុខវិមានចរណៃ
ភ្នំពេញ ៖ កាលពីវេលាម៉ោង ២១ និង ៥០ នាទីយប់ថ្ងៃទី ១៩ខែកុម្ភៈ ស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេក សន្លប់ស្ដូកស្ដឹង ដោយមិនដឹងពីមូលហេតុ នៅចំណុចមុខវិមានចរណៃ ជាប់ផ្សារដើមគរ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មាន ពីបុរសម្នាក់ ដែលមានមុខរបរ ជាអ្នករត់ម៉ូតូឌុប បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញ ស្ត្រីខាងលើចេញពីប្លុកបូឌេញ មកកាន់ចំណុចកើតហេតុ ដើម្បីរងមិត្តប្រុសរបស់នាងហើយមួយសន្ទុះក្រោយពីនិយាយ ជាមួយមិត្តភ័ក្ដិប្រុសនាង ដើរចេញមកក្រៅរបងវិមានចរណៃ ក្នុងខណៈ ពេលនោះស្រាប់តែនាងដួលសន្លប់ដេកស្ដូកស្ដឹង បាត់មាត់បាត់កតែម្ដង។
ក្រោយកើតហេតុប្រជាពលរដ្ឋនៅកន្លែងកើតហេតុឃើញដូច្នេះ បាននាំគ្នា មកជួយធ្វើចលនា គកច្របាច់ឈ្លី និងកោសខ្យល់ ឲ្យស្ត្រីរងគ្រោះខាងរហូតបានដឹងខ្លួនឡើងវិញ។
បច្ចុប្បន្នស្ត្រីឈ្មោះ ដា ខាងលើនេះ សមត្ថកិច្ចមូលដ្ឋានបាននាំយកទៅកាន់ស្នាក់ការប៉ុស្តិ៍នគរបាលសង្កាត់ ផ្សារដើម គរដើម្បីធ្វើការសួរនាំ រកសាច់ញាតិឲ្យមកទទួលនាងត្រឡប់ទៅលំនៅឋានវិញ ៕ ហេង នាង