ក្រសួងការបរទេសកម្ពុជាបានដាក់កំណត់ទូតតវ៉ារឿងទាហានថៃបាញ់សម្លាប់ពលរដ្ឋខ្មែរ
ចំពោះករណីបាញ់សម្លាប់ពលរដ្ឋខ្មែរនៅតាមព្រំដែនពីសំណាក់ទាហានថៃ នៅតែបន្តកើតមានជាបន្តបន្ទាប់នេះក្រសួងការបរទេសកម្ពុជា បានដាក់កំណត់ទូតទៅកាន់ក្រសួងការបរទេសថៃ នៅថ្ងៃទី ២៨ កុម្ភៈ ២០១២ ដើម្បីស្វែងធ្វើកិច្ចចរចារកដំណោះស្រាយជាមួយប្រទេសថៃ ក្នុងការបញ្ឈប់សកម្មភាពបាញ់ប្រហារមកលើពលរដ្ឋខ្មែរនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។
រដ្ឋលេខាធិការក្រសួងការបរទេស លោក ឡុង វិសាលោ បានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបជាមួយឯកអគ្គរាជទូតថៃ នៅក្រសួងការបរទេសកម្ពុជា ថា រដ្ឋាភិបាលមិនដែលព្រងើយកន្តើយចំពោះការបាត់បង់ជីវិតពលរដ្ឋខ្មែរ ដោយសារការបាញ់ប្រហារពីសំណាក់ទាហានថៃនោះឡើយ។
បើយោងតាមរបាយការណ៍ពីក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា នៅដើមឆ្នាំ២០១២ ពលរដ្ឋខ្មែរចំនួន ៧នាក់ និងក្នុងឆ្នាំ២០១១ មាន ១២នាក់ ត្រូវថៃបាញ់សម្លាប់នៅតាមព្រំដែន នៅពេលពួកគេឆ្លងដែនចូលទៅកាប់ឈើដោយខុសច្បាប់នៅក្នុងទឹកដីថៃ៕