យុវជនម្នាក់ត្រូវគេបាញ់ស្លាប់ប្លន់យកម៉ូតូ
ភ្នំពេញ៖ កាលពីវេលាម៉ោង ៥និង២០នាទីទាបភ្លឺ ថ្ងៃទី១៥ ខែកុម្ភៈ ក្នុងករណីប្លន់យកម៉ូតូយុវជនម្នាក់ត្រូវគេបាញ់ស្រោចជាច្រើនគ្រាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវរទេះភ្លើង ភូមិព្រៃសិលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
បើតាមការដឹងបីព្រះសង្ឃមួយអង្គដែលគង់នៅវត្តក្រាំងក្រសាំង ក្បែរកន្លែងកើតហេតុបានឲ្យដឹងថា គាត់បានឮសូរសំឡេងគ្រាប់កាំភ្លើងចំនួន៣គ្រាប់បានបន្លឺឡើងកាលពី យប់មិញ ប៉ុន្តែមិនដឹងថាមានរឿងអ្វីកើតឡើងនោះទេ លុះដល់ព្រឹកស្រាប់តែប្រទះឃើញសាកសពយុវជនខាងលើនេះ ដេកស្លាប់តែម្ដង។
យុវជនដែលស្លាប់បាត់បង់ជីវិត នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេហើយសមត្ថកិច្ចក៏មិនទាន់អាច បញ្ជាក់បានថា ម៉ូតូដែលចោរប្លន់បានទៅនោះជាម៉ាកអ្វីដែរ ដោយសារតែហេតុការណ៍នេះបានកើតឡើងតាំងពីយប់ លុះរហូតដល់វេលាព្រឹក ថ្ងៃទី១៥ទើប សមត្ថកិច្ចនិងបងប្អូនប្រជាពលរដ្ឋប្រទះឃើញសាកសព។
គួរបញ្ជាក់ថាសមត្ថកិច្ចនៅមិនទាន់អះអាងបញ្ជាក់ច្បាស់ថានេះជា ករណីប្លន់ពិតប្រាកដមែនឬជារឿងគំនុំនៅឡើយទេ តែបើតាមមន្ត្រីជំនាញបាននិយាយថា បើយោងទៅតាមស្ថានភាពសាកសពរបស់យុវជនគេសង្កេតឃើញ យុវជនខាងលើនេះ មានពាក់មួកសុវត្ថិភាព និងស្ពាយកាតាបរៀនថែមទៀតផង ដូច្នេះជាជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថានេះជាករណីប្លន់ ប្រដាប់អាវុធដើម្បីយកម៉ូតូ៕ ហេង នាង