ពលរដ្ឋ​បារាំង​និង​អង់គ្លេស​ នឹង​ពិបាក​សុំ​កុមារ​រុស្ស៊ី​យក​ទៅ​ធ្វើ​ជា​កូន​ចិញ្ចឹម​

មូលហេតុ ​តាម​យោបល់​បញ្ចេញ ព្រឹក​ថ្ងៃ​ពុធ​នេះ ដោយ​អ្នក​ទទួល​បន្ទុក ខាង​ការពារ​សិទ្ធិ​មនុស្ស នៅ​អម​ក្រសួង​ការ​បរទេស​រុស្ស៊ី លោក​ Konstantin​ Dolgov ​គឺ​មក​ពី​រដ្ឋ​សភា​បារាំង និង​អង់គ្លេស ទើប​អនុម័ត​ច្បាប់​ដែល​ឲ្យ​ភ្លើង​ខៀវ​ដល់ ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​មនុស្ស​ភេទ​ដូច​គ្នា។

ការ ​ដែល​អាជ្ញាធរ​បារាំង និង​អង់គ្លេស អនុញ្ញាត​តាម​ផ្លូវ​ច្បាប់​ឲ្យ​មាន​អាពាហ៍ពិពាហ៍ រវាង​មនុស្ស​ភេទ​ដូច​គ្នា តាម​សំដី​លោក Konstantin​ Dolgov​ ជា​អ្នក​ការទូត​រុស្ស៊ី ដែល​បំពាក់​ទៅ​ដោយ​សមត្ថកិច្ច ខាង​ការពារ​សិទ្ធិ​មនុស្ស​នៅ​រុស្ស៊ី គឺ​ច្បាស់​ជា​បង្រួញ​ឲ្យ​ខើច​ទៅ​ នូវ​ភ័ព្វសំណាង​របស់​ពលរដ្ឋ​ប្រទេស​ទាំងពីរ​នោះ សម្រាប់​ទទួល​កុមារ​កំព្រា​រុស្ស៊ី យក​ទៅ​ធ្វើ​ជា​កូន​ចិញ្ចឹម។

នៅ​រុស្ស៊ី កុំថា​ដល់​ទៅ​រៀបការ​រវាង​មនុស្ស​ភេទ​ដូច​គ្នា គ្រាន់តែ​ឃោសនា​នៅ​តាម​កន្លែង សាធារណៈ អំពី​ការ​រួមភេទ​បែប​នេះ នៅ​ពី​មុខ​កុមារ​មិន​ទាន់​ពេញ​វ័យ គឺ​ត្រូវ​រង​ទណ្ឌកម្ម ទៅ​ហើយ។ ជាក់​ស្តែង កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ សភា​ឌូម៉ា​បាន​អនុម័ត​វិសោធនកម្ម​បន្ថែម​ទៅ​លើ​ក្រម​ព្រហ្មទណ្ឌ​ ដែល​ប្រមើល​ឲ្យ​បង់​ប្រាក់​ពិន័យ ចំពោះ​ការ​ឃោសនា​បែប​នេះ ក្នុង​ទម្រង់​ដូច​ត​ទៅ ៖ សម្រាប់​ពលរដ្ឋ​ធម្មតា គឺ​ត្រូវ​បង់​ដល់​ ៥.០០០​រូប្ល រឺ ១៧០ ដុល្លារ, សម្រាប់​អ្នក​មុខ​អ្នក​ការ គឺ​ត្រូវ​បង់​ដល់​ ៥០.០០០​រូប្ល រឺ ១.៧០០ ដុល្លារ, សម្រាប់​នីតិ​បុគ្គល គឺ​ត្រូវ​បង់​ដល់ កន្លះ​លាន​រូប្ល រឺ​ ១​ម៉ឺន​៧​ពាន់​ដុល្លារ។

ប្រទេស​រុស្ស៊ី​ដែល​កាន់​គ្រិស្ត​សាសនា អ័រថូដុក្ស​ ​វិន័យ​តឹង ប្រកាន់​ជំហរ​ជា​សត្រូវ​ដាច់ខាត ទល់​នឹង​ការ​រួមរ័ក្ស​រវាង​មនុស្ស​ភេទ​ដូច​គ្នា ដោយ​ចាត់​ទុក​ការ​នេះ​ជា​ឧក្រិដ្ឋកម្ម និង​ជា​ជម្ងឺ​របស់​មនុស្ស​ដែល​មាន​ខួរក្បាល​ដើរ​មិន​ស្រួល។

គួរ​រំលឹក​ថា គឺ​កាល​ពី​ថ្ងៃ​សោរ៍​ទី​២ កុម្ភៈ​កន្លង​ទៅ ទោះបី​មាន​បាតុកម្ម​តវ៉ា​ភ្លូកទឹក​ភ្លូកដី​ក៏ដោយ​ ក៍​សភា​បារាំង​ជា​ទី​ដែល​ពួក​អ្នក​តំណាង​រាស្ត្រ​ខាង​បក្ស​សង្គម​និយម មាន​អាសនៈ​ភាគ​ច្រើន​ លើស​លុប ដោយ​បំពេញ​តាម​ពាក្យ​សន្យា​របស់​លោក​ប្រធានាធិបតី​ខាង​បក្ស​នេះ ដោយ​សម្លេង​ ២៤៩ ដែល​គាំ​ទ្រ ទល់​នឹង​សម្លេង​ជំទាស់​តែ ៩៧ បាន​អនុម័ត​ច្បាប់​ដែល​បកស្រាយ​ថា អាពាហ៍ពិពាហ៍​ជា “ការ​ចង​សម្ព័ន្ធ​រវាង​មនុស្ស​២​នាក់” គឺ​មិន​គ្រាន់​តែ “រវាង​ប្រុស​និង​ស្រី” ប៉ុណ្ណោះ​ទេ។

ហើយ​ទើប​ម្សិលមិញ​សោះ សភា​អង់គ្លេស​ដោយ​សម្លេង​គាំទ្រ​ចំនួន​ដល់​ទៅ ​៤០០ ទល់​នឹង សម្លេង​ជំទាស់​តែ ១៧៥ បាន​អនុម័ត​ច្បាប់ ដែល​បើក​ផ្លូវ​ដល់​ការ​រៀបការ​រវាង​មនុស្ស​ភេទ ដូច​គ្នា។

ទាក់ទង​នឹង​រឿង​សុំ​កុមារ​រុស្ស៊ី​យក​ទៅ​ធ្វើ​ជា​កូន​ចិញ្ចឹម លោក​ប្រធាន​សភា​ឌូម៉ា​ Serguei Naryshkine ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ការងារ នៅ​ក្រុង​ប៉ារីស បាន​ថ្លែង​ល្ងាច​ថ្ងៃ​ទី​៥ កុម្ភៈ ទៅ​កាន់​ពួក​អ្នក​កាសែត​នៅ​ទី​នោះថា ក្រោយ​ពី​បារាំង​បាន​អនុម័ត​ច្បាប់​បើក​ផ្លូវ​ឲ្យ​មាន ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​មនុស្ស​ភេទ​ដូច​គ្នា ភាគី​រុស្ស៊ី​អាច​កែប្រែ​ចំណុច​ខ្លះ​នៃ​កិច្ចព្រមព្រៀង​ចុះ​ជាមួយ​បារាំង កាល​ពី​ថ្ងៃ​ទី​៣០ កក្កដា ឆ្នាំ​២០១២ ស្តី​អំពី​ការ​អនុញ្ញាត​ឲ្យ​គ្រួសារ​បារាំង​ទទួល​កុមារ​កំព្រា​រុស្ស៊ី យក​ទៅ​ធ្វើ​ជា​កូន​ចិញ្ចឹម៕ ដោយ កែវ ឆាយា​(RFI)

Related Articles

Back to top button
Close
Close