ស្តូបរំលឹកដល់ អ្នកកាសែតស្លាប់ក្នុងសង្គ្រាមស៊ីវិលត្រូវបានសម្ពោធ
ភ្នំពេញ៖ ស្តូបរំលឹកដល់វិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែល បានស្លាប់នៅក្នុងសម័យសង្គ្រាមស៊ីវិលកម្ពុជាឆ្នាំ១៩៧០-១៩៧៥ ត្រូវបានសម្ពោធឡើង ដើម្បីជាការគោរពដល់អ្នកកាសែត ដែលពលីជីវិតក្នុងអាជីព អាវុធស្លាបប៉ាកកា។
លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងពិធីនោះថា កន្លែងនេះ គឺជាចន្លោះរវាងសណ្ឋាគារឡឺរ៉ូយ៉ាល់ និង ក្រសួងឃោសនាការ ហើយដោយសារតែអ្នកសារព័ត៌មានពីសម័យនោះ តែងតែមកជួបជុំគ្នានៅក្នុងសណ្ឋាគារ នេះ បន្ទាប់មកនាំគ្នាទៅស្តាប់សន្និសីទកាសែតនៅក្នុងក្រសួងឃោសនាការ ដែលនេះគឺជាកន្លែងល្អបំផុតសម្រាប់ សាងសង់ស្តូបនេះ។
លោក ពុយ គា អ្នកយកព័ត៌មានឲ្យទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ប្រទេសជប៉ុន និងជាអ្នកតំណាងក្លឹបអ្នកកា សែតកម្ពុជា បានថ្លែងនៅក្នុងពិធីនោះផងដែរថា ការសាងសង់ស្តូបនេះឡើង គឺជាសក្ខីភាពមួយ ដើម្បីឆ្លុះបញ្ចាំង ពីការគោរពដល់វិញ្ញាណក្ខន្ធអ្នកកាសែត ដែលបានបាត់បង់ក្នុងសម័យសង្រ្គាមស៊ីវិល នៅកម្ពុជាទសវត្សរ៍៧០ ហើយក៏ជាការបង្ហាញមួយផងដែរថា មិត្តភក្តិរួមអាជីពរបស់ពួកគេមិនបានបំភ្លេចពួកគេទេ ក្នុងការនាំយកព័ត៌មាន ពិតចែកជួនដល់សាធារណជន។
គួរសូមជម្រាបផងដែរថា ក្នុងសម័យសង្រ្គាមនៅកម្ពុជាចន្លោះឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ មានអ្នកកាសែតបរទេស និងអ្នកកាសែតកម្ពុជា ៣៧ នាក់ បានស្លាប់។ ក្នុងនោះមានអ្នកកាសែតកម្ពុជាចំនួន៤នាក់៕