ច្បាប់សន្តិសុខជាតិកូរ៉េខាងត្បូង ត្រូវបាននិយាយថាបានរំលោភលើសេរីភាពបញ្ចេញមតិ
ក្រុមសិទ្ធិមនុស្សអង្គការលើកលែងទោសអន្តរជាតិ(Amnesty International) ថ្លែងថា ច្បាប់មួយរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានតាក់តែងឡើងដើម្បីបញ្ឈប់ការផ្សព្វផ្សាយការឃោសនា គាំទ្រប្រទេសកូរ៉េខាងជើង បានដាក់កម្រិតលើសេរីភាពបញ្ចេញមតិ។ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមសិទ្ធិមនុស្សបានចេញផ្សាយរបាយការណ៍មួយ ដែលបានថ្កោលទោសច្បាប់សនិ្តសុខជាតិដែលមានជាយូរមកហើយមួយនេះ និងបានទទូចសុំឲ្យអ្នកនយោបាយកូរ៉េ លុបបំបាត់ច្បាប់នោះចោល។
លោក ប៉ាក ជុនជឿន (Park Jung-geun) និយាយថា លោកមិនមែនជាអ្នកគាំទ្ររដ្ឋាភិបាលកូរ៉េខាងជើងនោះទេ។ ប៉ុន្តែ កាលពីពេលថ្មីៗនេះ ជនជាតិកូរ៉េខាងត្បូងវ័យ២៤ឆ្នាំរូបនេះ ត្រូវបានរកឃើញថាមានកំហុសចំពោះការគាំទ្ររដ្ឋាភិ បាលទីក្រុង ព្យុងយ៉ាង (Pyongyang)។
លោកនិយាយថា លោកគ្រាន់តែព្យាយាមកំប្លែងលេងនៅតាមបណ្តាញសង្គម ធ្វីតធឺ (Twitter) តែប៉ុណ្ណោះ។
លោកថ្លែងថា អ្វីដែលលោកបានធ្វើ គឺនិយាយឡើងវិញនូវសារមួយ ដែលមានប្រភពដើមចេញពីគេហរទំព័រគាំទ្រកូរ៉េខាងជើង។ លោកនិយាយថា លោកបានគិតថា សារនោះគួរឲ្យអស់សំណើច។
កាលពីឆ្នាំទៅ លោក ប៉ាក ត្រូវបានចាប់ខ្លួនពីបទផ្ញើសារនោះនៅតាមបណ្តាញសង្គមធ្វីតធឺ។លោកបានចំណាយពេលអស់៤០ថ្ងៃ នៅក្នុង កន្លែង ឃុំឃាំង ហើយម៉ាស៊ីនកុំព្យូទ័ររបស់លោកត្រូវបានរឹបអូសដោយអជ្ញាធរកូរ៉េ ខាងត្បូង។ ចៅក្រមមួយរូបនៅទីក្រុង ស៊ូវុន (Suwon) បានសម្រេចកាលពីសប្តាហ៍ មុនថា លោក ប៉ាក បានបំពានលើច្បាប់សន្តិសុខជាតិ និងបានចេញសាលក្រមព្យួរទោសរយៈពេល១០ខែ។ ឥឡូវនេះ លោក ប៉ាក មានសេរីភាពវិញហើយ ប៉ុន្តែប្រឈមមុខនឹងពេលវេលាសម្រាប់ការជាប់ឃុំឃាំង ប្រសិនបើលោកបំពានច្បាប់នេះម្តងទៀត។
លោក ប៉ាក និយាយថា ច្បាប់សន្តិសុខជាតិ រំលោភលើសេរីភាពបញ្ចេញមតិរបស់លោក និងអ្នកផ្សេងៗទៀតជាច្រើន។
លោកថ្លែងថា ប្រជាពលរដ្ឋគួរត្រូវបានអនុញ្ញាតឲ្យសម្តែងមតិដោយខ្លួន ឯង។ ហើយ លោកបានបន្ថែមទៀតថា ជាពិសេស បទបញ្ញាតិនៃច្បាប់ ដែលដាក់ឲ្យនៅក្រៅច្បាប់ចំពោះការលើកសរសើរអំពីកូរ៉េខាងជើង កំពុងត្រូវបានបំពានដោយរដ្ឋាភិបាល។
ក្រុមសិទ្ធិមនុស្ស អង្គការលើកលែងទោសអន្តរជាតិ យល់ស្របជាមួយលោក ប៉ាក។
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមនេះបានប្រើប្រាស់សន្និសីទសារព័ត៌មានមួយ ដើម្បីចេញផ្សាយរបាយការណ៍មួយ ដែលថ្កោលទោសច្បាប់សន្តិសុខជាតិរបស់កូរ៉េខាងត្បូង។
លោក កាល សាងដុន (Kal Sangdon) ដែលជានាយករបស់អង្គការលើកលែងទោសអន្តរជាតិប្រចាំនៅកូរ៉េខាងត្បូង មានប្រសាសន៍ថា នៅក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី លី យ៉ុងបាក់ (Lee Myung-bak) ការស៊ើបអង្កេតទៅលើការ ចោទប្រកាន់អំពីសកម្មភាពគាំទ្រកូរ៉េខាងជើង មានការកើនឡើង។
លោក កាល់ និយាយថា ច្បាប់សន្តិសុខជាតិ កំពុងត្រូវបានប្រើប្រាស់ដើម្បីដាក់កម្រិតលើសេរីភាពបញ្ចេញមតិ ជាពិសេសនៅតាមបណ្តាញអ៊ីនធឺណិត។ លោកថ្លែងទៀតថា កាលពីឆ្នាំ២០១១ ការដាក់បង្ហោះលើគេហរទំព័រនូវសារតាមអ៊ីនធឺណែតចំនួន ៦៧.៣០០ ត្រូវបានលុបចោល ដោយសារសារទាំងនោះ ត្រូវបានចាត់ទុកថាជាការលើកសរសើរកូរ៉េខាងជើង ឬរិះគន់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ នោះជាការកើនឡើងចំនួន៥ដងនៅក្នុងរយៈពេលតែ២ឆ្នាំកន្លងមកតែ ប៉ុណ្ណោះ។
ទោះបីជាមានការកើនឡើងនូវចំនួននៃការស៊ើបអង្កេតក៏ដោយ តួលេខនៃការកាត់ទោសពិតប្រាកដ នៅមានកម្រិតទាបនៅឡើយ។ បើយោងតាមស្ថិតិរបស់រដ្ឋា ភិបាល មានការស៊ើបអង្កេតរបស់ប៉ូលីសចំនួន៩០ករណី ប៉ុន្តែមានតែជនជាតិកូរ៉េខាងត្បូងចំនួន១៩នាក់ប៉ុណ្ណោះ ត្រូវបានឃុំឃាំងពីបទរំលោភបំពានច្បាប់សនិ្តសុខជាតិ។
លោក កាល់ ថ្លែងថា ដោយឈរលើហេតុផលទាំងនេះ អង្គការលើកលែងទោសអន្តរជាតិជឿជាក់ថា ច្បាប់នេះកំពុងត្រូវបានប្រើប្រាស់ដើម្បីបំភិតបំភ័យទៅលើបុគ្គល និងស្ថាប័ន ដែលរិះគន់គោលនយោបាយកូរ៉េខាងជើងរបស់ លោក លី យ៉ុងបាក់។
លោក រ៉ាហ្សីវ ណារ៉ាយ៉ាន (Rajiv Narayan) នាយកអាស៊ីបូព៌ារបស់អង្គការលើកលែងទោសអន្តរជាតិ ថ្លែងថា ដើម្បីទប់ស្កាត់ការរំលោភបំពានបន្ថែមទៀត វាដល់ពេលហើយសម្រាប់រដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងការធ្វើកំណែទម្រង់ច្បាប់។
«យើងកំពុងចេញផ្សាយឯកសារនេះ នៅចំពេលដែលប្រធានាធិបតីថ្មីនឹងត្រូវបានជ្រើសតាំងនៅថ្ងៃទី១៩ ខែធ្នូ។ យើងកំពុងអំពាវនាវឲ្យបេក្ខជនទាំងឡាយ ធ្វើសេច ក្តីសម្រេចចិត្តជាប្រវត្តិសាស្ត្រមួយ ដើម្បីគាំទ្រដល់ការលុបបំបាត់ចោលច្បាប់សន្តិសុខជាតិ ឬកែទម្រង់ច្បាប់នេះជាមូលដ្ឋាន ឲ្យស្របទៅតាមកាតព្វកិច្ចនិងការប្តេជ្ញាចិត្តជាអន្តរជាតិរបស់ កូរ៉េខាងត្បូង»។
ប៉ុន្តែ ការលុបចោល ឬការដាក់កម្រិតលើច្បាប់សន្តិសុខជាតិ មិនមែនជាបញ្ហាដែលធ្វើឲ្យក្រុមអ្នកបោះឆ្នោតភាគច្រើនព្រួយ បារម្ភនោះទេ។ នេះបើយោងតាមលោក គឹម ចាងណាម (Kim Chang-nam) ដែលបង្រៀននៅអង្គភាពទំនាក់ទំនង នៅឯសាកលវិទ្យាល័យ សុងកុងហូ(Sungkonghoe University) ក្នុងទីក្រុង សេអ៊ូល។
លោក គឹម និយាយថា ប្រជាពលរដ្ឋកូរ៉េខាងត្បូង បានទទួលការអប់រំប្រឆាំងរបបកុម្មុយនីស្ត អស់រយៈពេលជាយូរមកហើយ ដែលច្បាប់សន្តិសុខជាតិហាក់ដូចជារឿងធម្មតា។ អ្នកនយោបាយនឹងមិនមានលទ្ធភាពទទួលបានសន្លឹកឆ្នោតច្រើនថែមទៀតទេ តាមរយៈការប្រឆាំងទៅនឹងច្បាប់នេះ ក្នុងអំឡុងពេលនៃការធ្វើយុទ្ធនាការ។
លោក គឹម ថ្លែងថា ប្រសិនបើបេក្ខជនអភិរក្សនិយម លោកស្រី ប៉ាក់ ជុនហេ (Park Geun-hye) ឈ្នះការបោះឆ្នោតនេះ លោករំពឹងថា ការពង្រឹងច្បាប់សន្តិសុខជាតិ នឹងនៅតែដដែល ដូចបុព្វការីរបស់លោកស្រីដែរ។ ប៉ុន្តែ លោកថ្លែងថា ប្រសិនបើបេក្ខជនបែបជឿនលឿននិយម លោក មូន ចេអ៊ីន (Moon Jae-in) ឈ្នះវិញ វាអាចនឹងមានការផ្លាស់ប្តូរខ្លះ។
លោកនិយាយថា យ៉ាងហោចណាស់ មានលទ្ធភាព ដែលច្បាប់នេះអាចត្រូវបានកែសម្រួល។ ប៉ុន្តែ លោកមិនមើលឃើញថាច្បាប់នេះនឹងត្រូវបានបោះបង់ចោលទាំងស្រុងនោះ ឡើយ។
លោក ប៉ាក់ ជុងជឿន (Park Jung-geun) ដែលជាយុវជនដែលត្រូវបានរកឃើញថាមានកំហុសពីបទរំលោភច្បាប់សន្តិសុខ ជាតិ ថ្លែងថា ចាប់ពីឥឡូវនេះទៅ លោកនឹងឈប់និយាយអ្វីទាំងអស់អំពីប្រទេសកូរ៉េខាងជើងនៅលើ បណ្តាញសារព័ត៌ មានសង្គម។
លោកនិយាយថា ជនជាតិកូរ៉េខាងត្បូងភាគច្រើន ភ័យខ្លាចមិនហ៊ានប្រើប្រាស់បណ្តាញធ្វីតធឺ។ ហើយ លោកបន្តថា លោកបានបាត់បង់ចំណាប់អារម្មណ៍ ទៅ លើបណ្តាញនេះ៕ប្រែសម្រួលដោយ លី សុខឃាង (VOA)