ករុណា ពេជ្រ ផ្ទុះសង្រាមជាមួយគេហទំព័រព័ត៌មានក្នុងស្រុកជុំវិញការរិះគន់តារាចម្រៀងក្នុងផលិតកម្មថោន
តារាចម្រៀងលេចធ្លោម្នាក់នៅក្នុងផលិតកម្មថោន លោក ករុណាពេជ្រ បានចេញមកធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើគេហទំព័រព័ត៌មាននៅក្នុងស្រុកមួយដែលបានសសេររិះគន់ចំពោះតារាចម្រៀងនៅក្នុងផលិតកម្មថោនដែលកំពុងតែមានការធ្លាក់ចុះនូវប្រជាប្រិយភាព។
តារាចម្រៀងរូបនេះបានអះអាងថា គេហទំព័រមួយនេះបានចុះផ្សាយពីតារាចម្រៀងរបស់ផលិតកម្មថោន ដូចជាមាស សុខ សោភា និង នាង សុគន្ធនីសា ដែលមួយរយះចុងក្រោយនេះហាក់មានការថមថយនូវប្រជាប្រិយភាព និងព័ត៌មានអវិជ្ជមានមួយចំនួនទៀត។ លោកថា គេហទំព័រមួយនេះហាក់មានការចុះផ្សាយដោយការលំអៀងទៅលើតារាចម្រៀងនៅក្នុងផលិតកម្មមួយផ្សេង ហើយបានបន្ទុចបង្អាប់មកលើតារាចម្រៀងរបស់ផលិតកម្មថោនរបស់លោក។
យោងតាមសំនេរមួយដែលតារាចម្រៀងរូបនេះបានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបានបញ្ជាក់ថា លោកបានចូលបំរើសិល្បះរយះពេលជាង៧ឆ្នាំមកហើយ តាំងពីកេរ្តិ៍ឈ្មោះស្ថិតក្នុងកម្រិតតិចរហូតមកដល់សព្វថ្ងៃ ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុងស្រុកនិងក្រៅស្រុកទទួលស្គាល់គួឲ្យកត់សម្គាល់ ។ ផ្លែផ្កាទាំងនេះគឺផ្តើមឡើងពីជំហានដំបូងតាមរយះបងៗអ្នកសារព័ត៌មានគ្រប់ស្ថាប័នដែលបានចុះផ្សាយរាល់គ្រប់សកម្មភាពរបស់លោក ទាំងការងារសិល្បះនិងសង្គម បើទោះបីជាសាព័ត៌មានមួយចំនួនបានចុះផ្សាយពីភាពជោគជ័យនិងមិនជោគជ័យរបស់លោកក៍ដោយ តែលោកនៅតែលើកដៃស្វាគមន៍ពួកគាត់ក្នុងពេលជួបមុខដោយផ្ទាល់ម្តងៗ ព្រោះលោកគិតថា ពួកគាត់បានចុះក្នុងភាពអព្យាក្រឹត និងយុត្តិធម៌ ក្នុងនាមជាអ្នកសារព័ត៌មានដែលមានវិជ្ជាជីវះត្រឹមត្រូវ ព្រោះមានល្អនិងមិនល្អនៅលាយឡំគ្នា។ នៅក្នុងរយះពេលជាង៧ឆ្នាំមកនេះលោកមិនដែលមានទំនាស់ឬអាក់អន់ស្រពន់ចិត្តចំពោះពួកគាត់ទាំងនោះឡើយ លោកតែងតែទទួលស្វាគមន៍រាល់ការទូរស័ព្ទមកសុំការសំភាសន៍និងទំនាក់ទំនងផ្សេងៗ។
លោកបញ្ជាក់បន្ថែមនៅក្នុងសំនេរដដែលនោះថា ប្រសិនបើរយះពេលជាង៧ឆ្នាំមកនេះមានវេបសាយអគតិមួយនេះដែលបំរើការឲ្យតារាចម្រៀងក្នុងផលិតកម្មមួយក្តាប់តូចនោះ ប្រហែលជាពួកលោកគ្មានកិត្តិយសដូចថ្ងៃនេះទេ។ វេបសាយមួយនេះចុះផ្សាយតែភាពអវិជ្ជមានរបស់តារាចម្រៀងនៅក្នុងផលិតកម្មរបស់លោក ហើយតែងតែលើកសសើរពីតារាចម្រៀងនៅក្នុងផលិតកម្មមួយដែលលោកសុំមិនបញ្ចេញឈ្មោះ។
គួបញ្ជាក់ថា សំនេរប្រតិកម្មតបចំពោះបណ្តាញសារព័ត៌មានអេឡិចត្រូនិចរបស់តារាចម្រៀងរូបនេះធ្វើឡើង បន្ទាប់ពីវេបសាយមួយនេះបានចុះផ្សាយអំពីតារាចម្រៀងពីដួងនៅក្នុងផលិតកម្មថោន គឺនាង សុគន្ធនីសា និង មាស សុខ សោភា ដែលពាក់ព័ន្ធនៅក្នុងស្ថានភាពជាក់ស្តែងរបស់តារាចម្រៀងទាំងពីរដួងនេះ។
ទោះជាយ៉ាងណាសារប្រតិកម្មរបស់តារាចម្រៀងរូបនេះក៍មានយុវវ័យមួយចំនួនដែលនិយមលេងហ្វេសប៊ុកមានការគាំទ្រ និងធ្វើការរិះគន់ផងដែរចំពោះការដែលលោកបានប្រើឈ្មោះរបស់លោកផ្ទាល់ធ្វើការប្រតិកម្មតបចំពោះបណ្តាញសារពត៌មានជំនួសតារាចម្រៀងនៅក្នុងក្រុមខ្លួននោះ។
ជាការពិតភាពជាក់ស្តែងនៅក្នុងការចុះផ្សាយរបស់បណ្តាញសារព័ត៌មានជុំវិញការធ្លាក់កូដឬឡើងកូដរបស់តារាដែលល្បីនោះគឺមិនមែនតាមតែចិត្តនឹកឃើញនោះទេ ប្រសិនបើមិនបានឆ្លុះបញ្ចាំងពីទស្សនះរបស់មហាជនទូទៅនោះ។ភាពអវិជ្ជមាន និងវិជ្ជមានរបស់តារាដែលកំពុងតែល្បីឈ្មោះគឺតែងតែត្រូវបានបណ្តាញសារព័ត៌មានលើកយកមកចុះផ្សាយ ព្រោះពួកគេទាំងនេះគឺជាទីចាប់អារម្មណ៍ភាគច្រើនរបស់មហាជនទូទៅ ដែលផ្ទុយពីតារាមួយចំនួនទៀតដែលគេមិនសូវជាចាប់អារម្មណ៏ពីភាពរីកចម្រើនក្នុងវិស័យសិល្បះរបស់ពួកគេនោះ។
យ៉ាងណាក៍ដោយ ការសសេររិះគន់ទៅលើបណ្តាញសារព័ត៌មានអេឡិចត្រូនិចមួយនេះរបស់លោក ករុណាពេជ្រ អាចគ្រាន់ជាការទាញការចាប់អារម្មណ៍ចំពោះប្រិយមិត្តដែលនិយមគាំទ្រចំពោះតារាចម្រៀងពីរដួងនេះ ឲ្យបានដឹងនិងកុំឲ្យមានការភាន់ច្រឡំ ខណះពេលដែលតារាចម្រៀងទាំងពីរដួងនេះកុំពុងត្រូវបានគេចាប់អារម្មណ៍ពីស្ថានភាពបច្ចុប្បន្ននោះ។ ពិតណាស់ហើយថា គ្រប់តារាចម្រៀងទាំងអស់តែងតែប្រជែងគ្នាឈរនៅក្នុងលំដាប់កំពូលពីអាជីពដូចគ្នា ប៉ុន្តែគ្រាន់តែមួយមានឱកាសជាង និងមានទេពកោល្យលើសគ្នាប៉ុណ្ណោះ។ ប្រសិនបើស្ថានភាពរបស់តារារូបណាហាក់មិនមានការគាំទ្រនោះគឺតារារូបនោះត្រូវតែមានការទទួលស្គាល់ខ្លួនឯង ហើយត្រូវខិតខំធ្វើយ៉ាងណាបង្កើនប្រជាប្រិយភាពរបស់ខ្លួនថែមមួយកម្រិតទៀតទៅតាមអ្វីដែលខ្លួនអាចធ្វើបាននោះទើបជាការប្រសើរ៕
ដោយ៖ ស.រ