សម្ព័ន្ធអារ៉ាប់៖ ជំនួបកំពូលមួយដើម្បីជួយគ្នានៅលើវិស័យសេដ្ឋកិច្ច
ជំនួបកំពូលនៃសម្ព័ន្ធអារ៉ាប់ស្តីពី វិស័យសេដ្ឋកិច្ចដែល ត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២១ និង២២មករានៅ ទីក្រុង Ryadនៃប្រទេសArabie Saoudite មានគោលដៅដើម្បីជួយលើផ្នែកហិរញ្ញវត្ថុដល់បណ្តាប្រទេសអារ៉ាប់ទំាង ឡាយណាដែលក្រីក្រខ្លាំងជាងគេ ពីព្រោះបច្ចុប្បន្ននេះ បញ្ហាសង្គម បានចូលរួមមួយចំណែកយ៉ាងធំ នៅក្នុងបញ្ហាបាតុភាពនៃចលនា បដិវត្តន៍អារ៉ាប់។
ពីរឆ្នាំក្រោយពីការផ្ទុះឡើងនៃចលនាបដិវត្តន៍អារ៉ាប់ និង ការផ្តួលរំលំប្រមុខរដ្ឋចំនួន៣ប្រទេសគឺទុយនីស៊ី អេហ្ស៊ីបនិងនៅលីប៊ីមក ប្រទេស Arabie Saoudite បានអញ្ជើញក្រុមប្រទេសសមាជិកនៃសម្ព័ន្ធអារ៉ាប់ ឲ្យចូលរួមគិតគូដោះស្រាយពីបញ្ហាសេដ្ឋកិច្ច ដែលជាប្រភពដ៏ចម្បង នូវការផ្ទុះឡើងនៃវិបត្តិនយោបាយនៅបណ្តាប្រទេសអារ៉ាប់ទាំងនេះ។
រដ្ឋមន្ត្រីក្រសួងការបរទេស Arabie Saoudite មានចេតនា ចង់ឲ្យសេចក្តីសម្រេចចិត្តនានា នៅក្នុងជំនួបកំពូលរបស់សម្ព័ន្ធ អារ៉ាប់នេះ មានលក្ខណៈសមស្របទៅតាមសេចក្តីទាមទារចង់បានរបស់ប្រជាពលរដ្ឋ។ ជាពិសេសត្រូវខិតខំស្វះស្វែង ដើម្បីប្រមែប្រមូលប្រភពហិរញ្ញវត្ថុនានាជាបន្ថែមទៀត ដើម្បីជួយគាំទ្រដល់បណ្តាប្រទេសដែលក្រីក្រខ្លាំងជាងគេ។
ដោយពិត អត្រានៃចំនួនអ្នកឥតការងារធ្វើនៅក្នុងបណ្តាប្រទេសអារ៉ាប់ មានកំរិតខ្ពស់រហូតដល់ ១៦%នៃចំនួនប្រជាជនសកម្ម។ ក៏ប៉ុន្តែ ការធ្វើវិនិយោគទុននានារវាងបណ្តាប្រទេសក្នុងតំបន់គឺរវាងបណ្តា ប្រទេសអ្នកមានប្រេងកាត និងបណ្តាប្រទេសដែលមិនសូវធូធារ ក៏ពុំមាន ហួសពី ២ម៉ឺន៥០០០លានដុល្លារដែរ ក្នុងមួយឆ្នាំ។ ទឹកប្រាក់វិនិយោគនេះ គឺ៥ដងតិចជាងការចំណាយវិនិយោគសរុបនៃក្រុមប្រទេស អារ៉ាប់ នៅសហរដ្ឋអាមេរិក។
សំរាប់បណ្តាអ្នកចូលរួមនៅក្នុងជំនួបកំពូលនេះ ការអភិវឌ្ឍន៍ សេដ្ឋកិច្ចនិង ការស្ទួយកំរិតជីវភាពរបស់ប្រជាជនគឺជាមធ្យោបាយ ដ៏ប្រសើរ ដើម្បីធានាសន្តិភាពសង្គមនិងស្ថិរភាពនយោបាយនៅក្នុងប្រទេស៕ ដោយ នុយ ប៊ែរណាដែត (RFI)