ការធ្វើ​បាតុកម្ម​នៅ​ប៉ា​​គីស្ថាន​សម្រេច​បានកិច្ច​ព្រមព្រៀងមួយហើយ

បាតុករ ​​រាប់ម៉ឺននាក់​ដែលគាំទ្រ​លោកTahir-ul Qadri ​បាននាំគ្នា​ធ្វើ​បាតុកម្ម​​យ៉ាងធំ​ដោយ​​អំពាវនាវ​សុំ​ឲ្យ​មានការ​រំលាយ​ចោល ​រដ្ឋាភិបាល ហើយ​ដាក់​ឲ្យ​មាន​​រដ្ឋាភិបាល​យោធា​មើលការខុសត្រូវ​ជា​បណ្ដោះ​អាសន្ន​សិន ដោយ​លោក Tahir-ul Qadri និយាយ​ថា រដ្ឋាភិបាលបាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ហេតុដូច្នេះ​ហើយ​ពួកគេ​ត្រូវ​តែ​ចុះ​ចេញពីអំណាច។​

បព្វជិត​អ៊ិស្លាម​​ លោក​Tahir-ul Qadri ​​និយាយ​ប្រាប់​បាតុករ​របស់​លោកថា លោក​សម្រេចបាន​កិច្ច​ព្រមព្រៀងមួយ​ហើយ​ជាមួយនឹង​រដ្ឋាភិបាល ដែល​នឹង​នាំ​ឲ្យមានការ​បោះឆ្នោត​នៅ​ក្នុងពេល​​ប៉ុន្មាន​ខែ​ខាងមុខនេះ ។​ ដូច្នេះបាតុករ ទាំងអស់​អាច​វិល​ត្រឡប់​ទៅផ្ទះវិញ​បានហើយ។

កាលពីគ្រាមុននេះ ប៉ូលិស​ប៉ាគីស្ថាន​បាន​ប្រើឧស្ម័ន​បង្ហៀរទឹក​ភ្នែក​ដើម្បី​បំបែក​ ហ្វូងបាតុករ​ដែល​លី​មឈូស​សព​។​​ បាតុករ​ទាំងនេះ​មិន​ព្រម​បញ្ចុះ​សព​មនុស្ស ១៤នាក់​ដែលគេ​ចោទ​ថា​បាន​ស្លាប់​នៅ​ក្នុង​វាយ​ឆ្មក់​របស់​​កងកម្លាំង​ សន្ដិសុខ។

កិច្ច​ប្រតិបត្ដិការ​មុនពេល​ជិត​ភ្លឺ​មួយ​បាន​ប្រព្រឹត្ត​ ទៅ​អស់​ពេល​ប្រហែលជា ១៣​ម៉ោង ក្រោយពី​មនុស្ស​ប្រមាណជា ៣០០នាក់ បានធ្វើ​បាតុកម្ម​អង្គុយ​នៅខាង ក្រៅ​វិមាន​រដ្ឋាភិបាល ​នៅក្នុង​ក្រុង​  Peshawar ដោយមាន​សាកសព​ជន​ដែល​បាន​ស្លាប់​នៅ​ក្នុង​វាយ​ឆ្មក់​ពី​កងសន្តិសុខ​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅនេះ។

បាតុករទាំងនោះ​បាន​ទម្លាក់​កំហុសទៅលើ​​ កងកម្លាំង​សន្តិសុខ​ចំពោះ​​បាត់បង់ ជីវិត​មនុស្សទាំងនេះ ហើយ​មិន​ព្រម​បញ្ចុះ​សពទាំងនោះ​ឡើយ ដរាប​ណាពុំ​មានការ​រក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ។

ប៉ូលិស​និយាយ​ថា  ក្រោយពី​ពួកគេ​បាន​បំបែក​ហ្វូង​បាតុករបានហើយនោះ គេ​បាន​យក​សាកសព​ទាំងនោះ​ទៅកាន់​ទីប្រជុំ​ជន​ Bara នៅក្នុង​សង្កាត់​មួយ​របស់​ក្រុម​​កុលសម្ពន្ធ Khyber ហើយ​បានប្រគល់​សាកសពទាំងនោះ​ទៅ​មន្រ្តី​មូលដ្ឋាន​ឲ្យធ្វើ​ការ​បញ្ចុះ៕ (Radio Australia)

Related Articles

Back to top button
Close
Close