ក្រុមបាតុករប៉ាគីស្ថានទាមទារអោយរដ្ឋាភិបាលរំលាយសភាចោល
នៅថ្ងៃអង្គារនេះ នៅប្រទេសប៉ាគីស្ថាន បាតុកររាប់សែននាក់ បាននាំគ្នាធ្វើបាតុកម្ម នៅក្រុងអ៊ីស្លាម៉ាបាដ ទាមទារអោយរដ្ឋាភិបាល ធ្វើយ៉ាងណា នៅថ្ងៃទី ១៥ មករានេះ រំលាយសភាចោល និងរៀបចំអោយមានការកែទំរង់ក្នុងប្រទេសឡើងវិញ។ គេសង្កេតឃើញ មានវត្តមានរបស់ Tahir Ul-Qadri ដែលជាមេដឹកនាំសាសនា ដ៏មានឥទ្ធិពលមួយរូប នៅប៉ាគីស្ថាន ធ្វើការនាំមុខក្នុងបាតុកម្មនេះ។ Ul-Qadri បានបរិហារថា រដ្ឋាភិបាលប៉ាគីស្ថាន គ្មានសមត្ថភាពគ្រប់គ្រងប្រទេស ហើយបានប្រាប់ថា ខ្លួនមានបំណងរំដោះប៉ាគីស្ថាន អោយរួចផុតពីអំពើពុករលួយ និងភាពក្រីក្រ។ បាតុកម្មបានបង្កអោយមាន ជំលោះរវាងប៉ូលិស និងក្រុមបាតុករ។ នៅពេលដែលប៉ាគីស្ថាន ជិតឈានទៅដល់ការបោះឆ្នោត នៅខែមេសាខាងមុខ នេះ ប្រជាជនក្នុងស្រុកចូលចិត្ត បានបង្ហាញការពេញចិត្ត ចំពោះអ្នកនយោបាយថ្មីៗនានា ហើយចូលចិត្តប្រមូលផ្តុំគ្នា ធ្វើបាតុកម្មផ្សេងៗ។
នៅយប់ថ្ងៃចន្ទ ម្សិលមិញ មេដឹកនាំសាសនា Ul-Qadri បានដាក់កំហិតពេលវេលាមួយ ដល់រដ្ឋាភិបាលប៉ាគីស្ថាន ធ្វើយ៉ាងណា នៅថ្ងៃអង្គារទី ១៥ មករា នេះ អោយមានការរំលាយសភាចោល និងរៀបចំអោយមាន កំណែទំរង់ក្នុងប្រទេសឡើងវិញ។ នៅតាមបណ្តោយមហាវិថី សំខាន់នានា នៅក្រុង អ៊ីស្លាម៉ាបាដ នៅចំពោះមុខហ្វូងបាតុករ Ul-Qadri បានទាមទារអោយមាន ចលនាបដិវត្តមួយធ្វើឡើង ក្នុងលក្ខណៈសន្តិភាព និងអោយប្រទេស ប៉ាគីស្ថានផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស ដើម្បីអោយដំណើរការបោះឆ្នោត នៅកំឡុងខែ មេសាខាងមុខនេះ ប្រព្រិត្តទៅបានដោយគ្មានការក្លែង បន្លំ។
ក្រុមបាតុកររាប់សែននាក់ បានស្រែកបន្ត ដាក់កំហិតទាមទារ អោយរដ្ឋាភិបាលរំលាយសភា តាមការប្រកាសរបស់ មេដឹកនាំសាសនា Ul-Qadri។ បន្ទាប់ពីអជ្ញាធរ បានដាក់កុងតឺណឺ ដើម្បីចៀសវៀងមិនអោយក្រុមបាតុករប៉ាគីស្ថាន ចូលទៅដល់មជ្ឈមណ្ឌលរដ្ឋបាលក្រុង ក្រុមបាតុករនៅតែចចេស ហើយបានចូលទៅដល់ជិត មហាគ្រឹះមួយកន្លែងដែលនៅក្នុងនោះ ជាទីតាំងរបស់សភា។ ហេតុការនេះបានធ្វើអោយមាន ជម្លោះរវាងក្រុមប៉ូលិស និងបាតុករផ្ទុះឡើង។ ក្រុមបាតុករ បានចោលដុំថ្មទៅលើប៉ូលិស ហើយបានចោទប៉ូលិសថា ចង់ចាប់អ្នកដឹកនាំរបស់ខ្លួន។ គេក៍បានលឺសំលេងបាញ់កាំភ្លើងផងដែរ នៅក្នុងបាតុកម្មនេះ។
នៅប៉ាគីស្ថាន មេដឹកនាំសាសនា Tahir Ul-Qadri អាយុ ៦១ ឆ្នាំ ជាបណ្ឌិតផ្នែកច្បាប់អ៊ីស្លាម ទើបមកពីប្រទេសកាណាដា បានមួយខែប៉ុណ្ណោះ បានចាប់លេចមុខ មាត់ ធ្លោឡើង នៅក្នុងប្រទេស។ មេដឹកនាំសាសនារូបនេះ បានប្រកាសថា ខ្លួនមានបំណងរំដោះប៉ាគីស្ថាន អោយរួចផុតពីអំពើពុករលួយ និងភាពក្រីក្រ។ ប៉ុន្តែបានប្រាប់ថា ខ្លួនមិនឈរបេក្ខភាព ក្នុងការបោះឆ្នោត នោះទេ។
នៅពេលដែលប៉ាគីស្ថាន ជិតធ្វើការបោះឆ្នោតទូទៅមួយ ប្រជាជនក្នុងស្រុក មានការពេញចិត្តនឹងអ្នកនយោបាយថ្មីៗ នានា ហើយចូលចិត្តប្រជុំគ្នា ធ្វើបាតុកម្មផ្សេងៗទៀតផង។
អណ្ណត្តិរដ្ឋាភិបាលប៉ាគីស្ថានមានរយៈពេលខ្លី នឹងត្រូវបញ្ចប់ នៅពាក់កណ្តាលខែ មិនា ហើយ រដ្ឋាភិបាលស្តីទីមួយ នឹងឡើងកាន់កាប់បន្ត រហូតដល់ពេលបោះឆ្នោត ខែមេសខាងមុខនេះ៕ដោយ ព្រំ សឿន សូលីណា (RFI)