ឈិន សុធារី មិនលាតត្រដាងរឿងស្នេហាជាលើកទីពីរ
ក្រោយពីបាក់បែកស្នេហាជាមួយបុរសម្នាក់ដែលគេស្គាល់ថាជាថៅកែលក់ឡានមួយរយះមកនោះតារាចម្រៀង និងជាអតីតពិធីការិនីរាងតូចច្រឡឹង នាង ឈិន សុធារី បានតាំងចិត្តថា ប្រសិនបើនាងមានស្នេហាជាលើកទី២នោះ នាងនឹងមិនលាតត្រដាងជាសាធារណះឡើយ។
ការអះអាងបែបនេះរបស់តារាចម្រៀងដ៏តូចល្អិតរូបនេះត្រូវបានគេយល់ថា នាងប្រហែលជានាងខ្លាចរអាលទៅនឹងពាក្យដែលគេនិយាយពីរឿងស្នេហារបស់នាង ខណះពេលដែលស្នេហាគ្រាដំបូងដែលនាងមានជំនឿចិត្តយ៉ាងមុតមាំថានឹងបានក្រាបផ្ទឹមការជាផ្លូវការនោះបានឈានដល់ផ្លូវបំបែកដោយមិននឹកស្មានដល់។
ភាពបរាជ័យស្នេហ៍គ្រាដំបូងរបស់នាងអាចចាត់ទុកថាជាមេរៀនដ៏ជូរចត់មួយដែលនាងគិតថា មិនចង់លាតត្រដាងស្នេហាជាលើកទី២ជាសារធារណះឡើយ ព្រោះខ្លាចជួបរឿងដូចពេលនេះ។
ឈិន សុធារី បានអះអាងថា រហូតមកដល់ពេលនេះនាងមិនទាន់នឹកនាស្នេហាថ្មីនៅឡើយទេ ក្រោយពេលដែលនាងទើបតែបែកបាក់ស្នេហ៍មកនេះ។
នាងនិយាយថា នាងនៅមិនទាន់គិតគូររឿងបេះដូងសារជាថ្មីឡើយក្នុងរយៈពេលនេះ ដើម្បីកុំឲ្យម្នាក់ៗយល់ថា នាងបែកម្នាក់ចាប់ម្នាក់ទៀត ក្នុងអំឡុងពេលដែលមានគម្លាតពីគ្នាមិនឆ្ងាយនោះ។ តារារូបនេះអះអាងដោយខ្លីថា «មិនទាន់គិតទេ ចាំមើលពេលណាពេលហ្នឹងទៅ»។
បើទោះបីជាការអះអាងបែបនេះរបស់នាងក៍ដោយ ក៍ប៉ុន្តែមជ្ឈដ្ឋានមួយចំនួននៅតែជឿថា បើក្រឡែកមើលរូបសម្រស់របស់នាងស្រស់ស្អាតយ៉ាងនេះទៅហើយ មិនអាចមិនមានអ្នកស្អំបេះដូងនោះឡើយ។
ប៉ុន្តែផ្ទុយពីការគិតដូច្នេះ ឈិន សុធារី បានបញ្ជាក់ដោយខ្លីថា រឿងនេះជឿឬមិនជឿ ទុកឲ្យមហាជនជាអ្នកកំណត់ចុះ ប៉ុន្តែសម្រាប់នាង បើទោះជាមានស្នេហាថ្មី ក៏ប្រហែលជាមិនបើកកកាយ ឲ្យមានការដឹងឮជាសាធារណៈជាលើកទី២នោះដែរ។
បើករំលឹកពីអតីតកាលរបស់នាងឈិន សុធារី វិញគឺអាចចាត់ទុកថា តារាចម្រៀងរូបនេះហាក់បរាជ័យផ្ទួនៗទាំងជីវិតក្នុងវិថីសិល្បះ និងស្នេហា ក្រោយពេលនាងប្រកាសដកខ្លួនពីអាជីពជាពិធីការិនី ដើម្បីបន្ទំសាច់ត្រៀមចូលរោងការ តែបែរជារំលាយគម្រោងនោះដោយស្ងាត់ៗទៅវិញ។
ការសម្រេចចិត្តដកខ្លួនថយពីវិស័យសិល្បះទាំងតក់ក្រហល់របស់នាងគឺជាការរំពឹងទុកមួយថា ការលាឈប់របស់នាង នឹងរុញឲ្យនាងទទួលបានសំណាងមានគ្រួសារ ហើយមានសុភមង្គលក្នុងគំនរទ្រព្យសម្បត្តិ។ ប៉ុន្តែអ្វីៗមិនអាចស្មានដល់ឡើយ ក្រោយពេលអ្វីដែលនាងរំពឹងទុកបានក្លាយជាខ្យល់ បន្ទាប់អតីតគូដណ្ដឹងរបស់នាងដែលគេស្គាល់ថាជាថៅកែលក់ឡានចេះតែពន្យារពេលរៀបការពីមួយឆ្នាំហើយមួយឆ្នាំទៀត ធ្វើឲ្យនាងរង់ចាំឡើងអស់ខ្យល់ទៅហើយនោះ។
បើទោះជាមានលេចលឺនូវព័ត៌មានពីការបាក់បែកស្នេហ៍ក៍ដោយ ប៉ុន្តែតារាចម្រៀងរូបនេះនៅតែព្យាយាមច្រានចោលនូវព័ត៌មានបែកបាក់នេះម្ដងហើយម្ដងទៀត ក្នុងពេលដែលគេសង្ស័យថា ដាច់ដោចគ្នាបាត់ទៅហើយ តាំងពីនាងប្រកាសលក់ផ្ទះនៅម្ដុំរង្វង់មូលទួលគោក បែបតក់ក្រហល់នោះ។
ដំណឹងបែកបាក់នេះត្រូវបាននាងទម្លាយឲ្យដឹងក្នុងពេលដែលនាងបានព្យាយាមបញ្ច្រៀបខ្លួនចូលក្នុងសង្គមសិល្បះជាថ្មីនេះប៉ុណ្ណោះ ដើម្បីមានឱកាសចាប់ឈោងប្រជាប្រិយភាពឡើងវិញ និងអាចស្វែងរកស្នេហាថ្មីមកជំនួសស្នេហាចាស់ដែលបានធ្វើឲ្យនាងខ្ទេចខ្ទាំបេះដូងនេះ៕
ដោយ៖ ស.រ