បាញ់​ ២​គ្រាប់​ប្លន់​យក​ម៉ូតូ​​មួយ​គ្រឿង​ទៅ​បាត់​

ភ្នំពេញ៖ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ​ក្រុមចោរប្លន់មួយក្រុម បានធ្វើសកម្មភាពភ្ជង់បាញ់ ២គ្រាប់ ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង ខណៈជនរងគ្រោះបណ្តើរម៉ូតូ ប្រុងឌុបប្រពន្ធទៅធ្វើការរោងចក្រ​ ស្ថិតនៅខាងមុខផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ ។

​តាមប្រភពព័ត៌មាន ពីសាច់ញាតិរបស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ វ៉ា វៃ ភេទប្រុស អាយុ ៣០ឆ្នាំ មានមុខរបរជាជាង សំណង់ ស្នាក់នៅក្នុងផ្ទះជួលកើតហេតុ មានស្រុកកំណើតនៅភូមិស៊ីការ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងមានប្រពន្ធឈ្មោះ សុខ ហៀន អាយុ ២៦ឆ្នាំ មានមុខរបរ ជាកម្មករោងចក្រ ស្នាក់នៅផ្ទះជួលជាមួយគ្នា ម៉ូតូដែលក្រុមចោរធ្វើសកម្មភាព ភ្ជង់បាញ់ប្លន់យកទៅបាត់នោះ ម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកភ្នំពេញ 1BM-9501។

ចំណែកឯជនសង្ស័យវិញ ពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ មានគ្នា ៣នាក់ ជិះម៉ូតូ ២គ្រឿង មួយគ្រឿង ម៉ាក សេ ១២៥ ពណ៌ខ្មៅ និង​មួយគ្រឿងទៀត ម៉ាក គ្រីសអង្គរ ពុំចាំស្លាកលេខទាំងពីរ និងប្រើប្រាស់អាវុធខ្លី ២ដើម មិនស្គាល់ម៉ាក ធ្វើសកម្មភាពបាញ់ ២គ្រាប់ រួច​ហើយ​គេចខ្លួនបាត់។

​បន្ទាប់ពីកើតហេតុ ជនរងគ្រោះបាននាំគ្នា ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីឲ្យនគរបាលជួយអន្តរាគមន៍ និង​ស្វែង​រក​ជន​សង្ស័យទាំងនោះ ឃាត់ខ្លួន យកទៅផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

that-0269

Related Articles

Back to top button
Close
Close