ក្រឡាបញ្ជីខេត្តកណ្តាល​ និងព្រះរាជអាជ្ញាខេត្តពោធិ៍​សាត់ត្រូវបានប្រកាស​តាមចាប់ខ្លួន

នៅ​ថ្ងៃ​ទី ​២០ ​​កុម្ភៈ​ ​២០១២ មន្ត្រី​​​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយបាន​ឲ្យ​ដឹង​ថា ដីកា​តាម​ចាប់​ខ្លួនលោក​ លឹម កុម្ភៈ​ ក្រឡាបញ្ជី​នៃ​តុលាការ​ខេត្ត​កណ្ដាល និងលោក​ ពេជ្រ គង់យូ ជា​ម្ចាស់​ភោជនីយដ្ឋាន​រាត្រី​រីករាយ​នៅ​ពោធិ៍សាត់​ ក្រោម​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ត្រូវ​បាន​បញ្ជូន​ដល់​ដៃ​សមត្ថកិច្ច​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​​​ហើយ។

​លោក​ លឹម កុម្ភៈ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​​សម​គំនិត​ក្នុង​ការ​ស៊ី​សំណូក ឃុបឃិត​ជា​មួយ​ចៅ​ក្រម លោក ហួត ហ៊ាង នៃ​តុលាការ​ខេត្ត​កណ្ដាល នៅ​ខែ​មករា​​២០១២ កន្លង​ទៅ​នេះ។ ឯ​​លោក​ ពេជ្រ គង់យូ ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​បទ​ជំរិត​ទារ​ប្រាក់ និង​បទ​បង្ខាំ​ងមនុស្ស​ខុស​ច្បាប់ ដោយ​បាន​ឃុបឃិត​ជា​មួយ​អតីត​ព្រះ​រាជ​អាជ្ញា​នៃ​តុលាការ​ខេត្ត​ពោធិ៍សាត់ លោក តុប ច័ន្ទ​សិរីវុធ ​នៅ​​​ខែ​មិថុនា ​​២០១០ កន្លង​ទៅ​នេះ។

ទាក់ទង​នឹង​ការ​ស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង ២​នាក់​នោះ លោក​ស្រី ម៉ម ស៊ីថា ប្រធាន​គណៈកម្មាធិការ​កម្ពុជា​ឯករាជ្យប្រឆាំង​អំពើ​ពុក​រលួយបាន​និយាយ​​ថា លោក​ស្រី​គាំទ្រ​ក្នុង​ការ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​ជីក​ឫស​ជីក​ គល់ដើម្បី​ឲ្យអ្នក​ដែលប្រព្រឹត្ត​អំពើ​ពុក​រលួយ​នានា​រាងចាល៕

Related Articles

Back to top button
Close
Close