ឃាត់​​ខ្លួន​​បុរស​​បី​​នាក់​ ​ពាក់​​ព័ន្ធ​ការ​ជួញ​ដូរ​គ្រឿង​ញៀន​

ភ្នំ​ពេញ​៖ កាលពី​វេលា​ម៉ោង ៧ និង ៥០​នាទី យប់​ថ្ងៃទី​៩ ខែមករា​ ជនសង្ស័យ​បីនាក់ ត្រូវបាន​កម្លាំង​ផ្នែក​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀននៅ​ចំណុច​ខាងមុខ​វត្ត​បុ​ទុម ផ្លូវ​ស៊ូ​ស្រ៊ុន ភូមិ​៣ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។  

ប៉ូលិស ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ ទី​១-​ឈ្មោះ ង៉ូ​យ សុជាតិ អាយុ ២០​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ ទី​២-​ឈ្មោះ ហេង ប៊ុណ្ណា អាយុ ៣២​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ និង​ទី​៣-​ឈ្មោះ ណូ​រ ស៊ី​នៀត អាយុ ៣១​ឆ្នាំ ជា​អ្នករត់​ម៉ូតូ​កង់​បី ស្នាក់នៅ​ផ្ទះជួល ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន​។

មុន​កើតហេតុ កម្លាំង​ផ្នែក​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បានទទួល​ព័ត៌មាន​សម្ងាត់​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​មុខ​វត្ត​បុ​ទុម ផ្លូវ​ស៊ូ​ស្រ៊ុន សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ពេលនោះ​កម្លាំង​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ឃើញ​ជនសង្ស័យ​ទាំងបី​នាក់​អង្គុយ​នៅលើ​រ៉ឺម៉ក​កង់​បី ដោយមាន​ការសង្ស័យ ក៏​ធ្វើការ​ឃាត់ខ្លួន​ត្រួតពិនិត្យ ឃើញ​មាន​គ្រឿងញៀន​ប្រភេទ​ក្រាម ពណ៌​ស​ថ្លា (​ម៉ា​ទឹកកក​) ចំនួន ១៧ កញ្ចប់ នៅក្នុង​ហោប៉ៅ​របស់​ឈ្មោះ ង៉ូ​យ សុជាតិ រួច​បានធ្វើការ​ឃាត់ខ្លួន​ទាំង​បីនាក់​តែម្តង និង​បាន​នាំខ្លួន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​សួរនាំ​។

បច្ចុប្បន្ន ​ជនសង្ស័យ​ទាំងបី​នាក់ ត្រូវ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

1491_w2

Related Articles

Back to top button
Close
Close