យុវជនម្នាក់ត្រូវសម្ថកិច្ចឃាត់ខ្លួនក្រោយពេលធ្វើសកម្មភាពឆក់ទូរស័ព្ទ
ភ្នំពេញ៖ កាលពីវេលាម៉ោង៣ និង៥០នាទីរសៀល ថ្ងៃទី៩ ខែមករា យុវជនម្នាក់ ត្រូវកម្លាំងអាវុធហត្ថស្ទាក់ចាប់បាន ក្រោយពេល រូបគេ រួមនឹង មិត្តភ័ក្តិម្នាក់ទៀត នាំគ្នាជិះម៉ូតូ ឆក់យកទូរស័ព្ទ ពីជនរងគ្រោះ លើផ្លូវព្រះមុនីវង្ស នៅចំណុច ខាងមុខហាង ហុង ស្ព័រ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ប្រភពព័ត៌មាន ពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនបាន មានឈ្មោះ ហាក់ ពិសិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ (សិស្សបាក់ទូក) ជាកូនមន្រ្តីផ្នែកព័ត៌មានមួយរូប នៅរដ្ឋសភា និងម្នាក់ទៀត ឈ្មោះ ម៉ម សំនៀង អាយុ១៦ឆ្នាំ ដូចគ្នា បានរត់គេចខ្លួនបាត់ ។
សមត្ថកិច្ច បានឱ្យដឹងថា ពួកគេទាំង២នាក់នេះ (ជនសង្ស័យ) បានជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BK-2655 ឆក់យកទូរស័ព្ទ Samsung ស៊េរីទំនើប ពីជនរងគ្រោះម្នាក់ឈ្មោះ លី គឹមអាង ភេទប្រុស អាយុ២៤ឆ្នាំ ដែលជិះម៉ូតូជាមួយមិត្តស្រី លើផ្លូវព្រះមុនីវង្ស ។
សមត្ថកិច្ច បានរៀបរាប់ថា ក្រោយឆក់ទូរស័ព្ទបានភ្លាមៗ ជនសង្ស័យ បានជិះម៉ូតូបត់គេចតាមផ្លូវលេខ២៤២ ក្នុងសង្កាត់ចតុមុខ ហើយកាច់ទៅ ផ្លូវលេខ៦៣ ក៏បុកនឹងរថយន្តហាយលែនឌ័រមួយគ្រឿង បណ្តាលឱ្យ ម៉ូតូដួល តែម្តង ។ ខណៈនោះ ពួកគេទាំង២នាក់ ព្យាយាមរត់គេច តែក៏ត្រូវកម្លាំងអាវុធហត្ថខណ្ឌដូនពេញល្បាត ស្ទាក់ចាប់ ឈ្មោះហាក់ ពិសិដ្ឋ បានតែម្តង ដោយឡែក ឈ្មោះ ម៉ម សំនៀង បានរត់រួច។
លោក ថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌដូនពេញបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យកំពុង ត្រូវបាន អ.ហ បញ្ជូនទៅកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីរៀបចំសំណុំរឿង៕
ដោយ៖ ហេង នាង