យុវជនម្នាក់ជិះម៉ូតូ ទៅបុករថយន្តរងរបួសធ្ងន់
ភ្នំពេញ៖ កាលពីវេលាម៉ោង ៩ និង ៥០ នាទីព្រឹក ថ្ងៃទី៩ ខែមករា យុវជនម្នាក់ បានទទួលរងរបួសធ្ងន់បាក់ជើងស្តាំ ក្រោយពីយុវជនរូបនោះ ជិះម៉ូតូ ទៅបុករថយន្តបើកឆ្លងផ្លូវ នៅចំណុចផ្លូវ២១៧ រឺផ្លូវសម្តេចប៉ាន់ កែងផ្លូវព្រះនរោត្តម សង្កាត់ច្រាំងចម្រេះ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបន្តថា មុនកើតហេតុ គេឃើញរថយន្តធ្វើដំណើរតាមផ្លូវលេខ២១៧ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ផ្លូវបំបែក កែងផ្លូវព្រះនរោត្តម រថយន្តបើកឆ្លងផ្លូវ ត្រូវម៉ូតូខាងលើ ជិះទៅបុកចំផ្នែកខាងក្រោយ បណ្តាលឲ្យម៉ូតូ បត់ដៃចង្កូតមកខាងក្រោយ។ ចំណែកអ្នកបើក របួសបាក់ជើងស្តាំ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជិតនោះ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា យុវជនដែលជិះម៉ូតូទៅបុករថយន្ត ដែលកំពុងបើកឆ្លងផ្លូវ ឈ្មោះ រស់ សុខដា ហៅ សី ស្នាក់នៅប្លុកបូឌីញ ជាសិស្សសាលាស៊ីសុវត្ថិ ថ្នាក់ទី១១រងរបួសធ្ងន់ បាក់ជើងខាងស្តាំ។ យុវជននោះ ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1K-4822។
រីឯរថយន្តហាយឡែនដឺ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2C-7246 បើកបរដោយឈ្មោះ កែវ ចាន់ដានី អាយុ ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ២០៦០៕
ដោយ៖ ហេង នាង