សមត្ថកិច្ចចម្រុះចុះឆែកឆេរលំនៅឋានមួយកន្លែងសង្ស័យជួញដូរគ្រឿងញៀន
ភ្នំពេញ ៖ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី៩ មករា ប៉ូលិសខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោកក្រឡាបញ្ជីព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ សហការជាមួយប៉ូលិសខណ្ឌទួលគោក ក្នុងទ្រង់ទ្រាយធំ ចុះឆែកឆេរលំនៅឋានមួយកន្លែងសង្ស័យជាប់ពាក់ព័ន្ធជួញដូរគ្រឿងញៀន និងឃាត់ខ្លួនមនុស្ស៤នាក់ក្នុងនោះស្រី២នាក់ ស្ថិតនៅផ្ទះលេខ២២៧ ផ្លូវលេខ១៣៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
ជនសង្ស័យទាំង៧នាក់ខាងលើនេះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណ នៅឡើយទេ ដោយសារសមត្ថកិច្ចកំពុងនាំខ្លួនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ ពោធិ៍សែនជ័យ ។
មុនពេលប្រតិបត្តិការឆែកឆេរលំនៅឋាន និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួនប្រាំពីរនាក់ខាងលើនេះ ដំបូងឡើយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅលើកំណាត់ផ្លូវមួយកន្លែង ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ខណៈដែលរូបគេកំពុងជិះម៉ូតូម៉ាកយ៉ាម៉ាហាពណ៌ខៀវ ធុនធំមួយគ្រឿង គ្មានស្លាកលេខ ជាហេតុធ្វើឲ្យសមត្ថកិច្ចមានការសង្ស័យ ក៏ឃាត់សួរនាំទើបដឹងថាជាមុខសញ្ញា ចែកចាយថ្នាំញៀន ហើយសមត្ថកិច្ចឈានមកបង្ក្រាបដល់ទីតាំងខាងលើ ។
ប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបានឧបករណ៍សម្រាប់ប្រើប្រាស់ ថ្នាំញៀនមួយចំនួន រថយន្តស្ព័រម៉ាកស៊ីលីកាពណ៌សពាក់ស្លាកលេខភ្នំពេញ2T3192មួយ គ្រឿង និងម៉ូតូយ៉ាម៉ាហាធុនធំពីរគ្រឿង និងកាំភ្លើងមួយដើមប្រាក់ហាមួយដើមព្រមទាំងថ្នាំញៀនប្រភេទម្សៅម៉ា ទឹកកក មួយកញ្ចប់ដែលមានទម្ងន់មួយខាំ ។ ទាំងមនុស្សនិងសម្ភារៈដែលបានដកហូត ត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីធ្វើការ ស្រាវជ្រាវបន្ត។
ដោយ៖ ហេង នាង