តារាខ្មែរប្រាប់ពីគម្រោងដែលត្រូវធ្វើនៅក្នុងឆ្នាំថ្មី
ឆ្នាំ២០១២បានរសាត់បាត់ ដោយជម្រួសមកវិញនូវឆ្នាំ២០១៣ គឺជាការចាប់ផ្តើមនូវឆ្នាំថ្មីដែលមនុស្ស ភាគច្រើនបានតាំងចិត្តរបស់ខ្លួនថា នឹងរៀបចំធ្វើយ៉ាងណាឲ្យឆ្នាំថ្មីដែលបានចូលមកនេះនាំមកនូវ ភាពជោគជ័យ និងជម្រះចោលនូវរឿងអាក្រក់ទាំងឡាយណាដែលបានកើតមាននៅក្នុងឆ្នាំចាស់។
បើយើងក្រឡែកមើលពីបញ្ហាជិវិតក្នុងចង្កោមអ្នកសិល្បះខ្មែរវិញ គេសង្កេតឃើញថា មួយចំនួននៅក្នុងឆ្នាំចាស់គឺបានហុចនូវ ផ្លែផ្កាជាច្រើន ខណះពេលដែលមួយចំនួនទៀតបានជួបនឹងវាសនាអកុសល្យជួបរឿងអាម៉ាស់ ការនិរាសព្រាត់ប្រាស់ និងបង្ហូរ ទឹកភ្នែក។
យ៉ាងណាក៍ដោយសម្រាប់ឆ្នាំថ្មីដែលបានឈានមកដល់នេះតារាមួយចំនួននៅតែបង្ហាញ នូវជំហររបស់ខ្លួនក្នុងការទាញយក កេរ្តិ៍ក្នុងវិថីសិល្បះដែលខ្លួនកំពុងតែដើរនេះ ប្រកបដោយភាពជឿជាក់ និងមោនះភាព។
តើពួកគេទាំងនោះមានគម្រោងធ្វើអ្វីខ្លះនៅក្នុងឆ្នាំថ្មី២០១៣នេះ?
តារាសម្តែងដែលទើបតែបាក់បែកជាមួយសង្សារដែលជាជនជាតិកូរ៉េ នាង មាស សម្ជស្ស បានប្រាប់ពីគម្រោងរបស់នាងនៅ ក្នុងឆ្នាំថ្មីនេះថា នាងមានគម្រោងបង្ហាញមុខឲ្យបាន គ្រប់សកម្មភាពនៅក្នុងដំណើរលើវិថីសិល្បះរបស់នាង ព្រមជាមួយនឹងការបញ្ចេញស្ទីលតុបតែងកាយឲ្យបានប្លែកជាងឆ្នាំចាស់។ ប៉ុន្តែនាងមិនបញ្ជាក់ថា ក្នុងនោះនឹងមានផែនការបញ្ចេញឈុតស៊ិចស៊ីតាមលំនាំតារាចូលចិត្ត សម្ញែងដើមទ្រូងខ្លះ ឬយ៉ាងណានោះទេ។ នាងទំនងជាប្រឹងរំលេចដំណឹងមិនប្រក្រតីពីក្នុងជីវិតឯកជនរបស់ខ្លួនផង ដើម្បីកុំឲ្យគេថានាង ឥឡូវមិនមានអ្វីថ្មី ក្នុងការសរសេរ និងតាមដានខ្លាំងពេក នៅលើប្រព័ន្ធព័ត៌មាន។
នាងបញ្ជាក់ថា ដើមឆ្នាំ២០១៣នេះនាងនឹងក្លាយជាតារាដែលទទួលបានការចាប់អារម្មណ៍ម្ដងទៀត បន្ទាប់ពីនាងនឹងរៀបចំខ្លួនឲ្យបានប្លែក ហើយចេញមុខឲ្យបានច្រើន ទាំងក្នុងកម្មវិធីទូរទស្សន៍ និងក្នុងកម្មវិធីសិល្បៈខាងក្រៅ។ការអះអាងរបស់នាង នាពេលនេះគឺគាប់ជួនជានាងសម្អាងលើខ្សែរឿង«កូនឥតខាន់ស្លា» និងខ្សែរឿង«ព្យុះស្នេហ៍សេសាន» ដែលនឹងត្រូវចាក់ផ្សាយនៅឆ្នាំ២០១៣នេះ ទើបនាងកាន់តែមានជំនឿចិត្ត។ ចំណែករឿងលាតត្រដាងជីវិតឯកជនថ្មីៗ នាងក៏ត្រៀមរួចជាស្រេចផងដែរ ដើម្បីឲ្យមានមុខនៅលើទំព័រកាសែតឲ្យបានគគ្រឹកគគ្រេងដូចមុន បើទោះជាដំណឹងនោះ នាងយល់ថាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបន្តិចបន្តួចក៏ដោយ។
ចំណែកពិធីការិនីចាស់វស្សា អ្នកនាង យុគ ចិត្តា បានអះអាងដែរថា នៅក្នុងដើមឆ្នាំ២០១៣នេះ អ្នកនាងនឹងបង្ហាញមុខក្នុងកម្មវិធីថ្មីៗ មិនតិចជាង២កម្មវិធីនោះទេ ខណៈដែលក្នុងនោះក៏មានកម្មវិធីពីរបីទៀត គឺអ្នកនាងនឹងរៀបចំឲ្យពិធីការិនីផ្សេងចេញមុខជំនួស។ ទោះយ៉ាងណា អ្នកនាងសុំមិនបង្ហើបពីទ្រង់ទ្រាយនៃកម្មវិធីថ្មីទាំងនោះឡើយ ដោយអះអាងថា បើហ៊ានតែប្រាប់ គឺប្រាកដជាមានប៉ុស្ដិ៍ដទៃចម្លងអស់។
ពិធីការិនីរូបនេះបង្ហើបថា នឹងមានកម្មវិធីថ្មីៗមួយចំនួនទៀត ដែលអ្នកនាងរិះគិត និងដឹកនាំដោយផ្ទាល់ បង្ហាញខ្លួនជំនួសនៅដើមឆ្នាំ២០១៣នេះ។ អ្នកនាងនិយាយថា «ខ្ញុំនឹងបង្ហាញនូវកម្មវិធីទាំងនោះ មិនយូរមិនឆាប់ ប៉ុន្តែខ្ញុំសុំលាក់ទាំងអស់ ដោយអត់ប្រាប់ថា តើកម្មវិធីនោះ នឹងមានខ្ញុំចេញមុខឬអត់នោះទេ ព្រោះវាជារឿងលាក់ការ»។ អ្នកនាងគ្រាន់តែបញ្ជាក់ថា កម្មវិធីថ្មី ដែលអ្នកនាងគ្រោងបង្អួតនោះ ជាប្រភេទកម្មវិធីបែបកម្សាន្ត ប៉ុន្តែត្រង់ថាជាកម្មវិធីកម្សាន្តបែបបន្តផ្ទាល់ ឬកម្មវិធីបែបសម្ភាសន៍ ឬចម្រៀងអ្វីនោះ គឺនាងសុំមិនបង្ហើបទាំងអស់។ អ្នកនាងពោលដូចដើមថា ដរាបណាមិនទាន់ចេញរូបរាង គឺមិនអាចនិយាយប្រាប់មុនបានទេ ដើម្បីរក្សាសិទ្ធិ និងការពារកុំឲ្យមានអ្នកលួចចម្លង។
តារាចម្រៀងដែលឈរនៅក្នុងលំដាប់កំពូល នាង មាស សុខ សោភា បានអះអាងថា នៅក្នុងឆ្នាំថ្មី រូបនាងបានត្រៀមខ្លួនជា ស្រេចក្នុងការបញ្ចេញនូវស្ទីលថ្មីដែលមានការខុសប្លែកពីឆ្នាំចាស់ សម្រាប់ជាការទាក់ទាញនិងបំរើទៅតាមសេចក្តីត្រូវការ របស់ក្រុមអ្នកគាំទ្ររបស់នាងនា ពេលកន្លង។ ទោះជាយ៉ាងណាតារាចម្រៀងរូបនេះមិនបានបញ្ជាក់ទេថា អ្វីដែលនាងត្រៀម នឹងបញ្ចេញនៅក្នុងឆ្នាំថ្មីនេះ ក្រៅតែពីការចេញបទចម្រៀងថ្មីៗបន្ថែមទៀត និងអរគុណចំពោះអ្នកគាំទ្រទឹកដមសំនៀង របស់នាងនោះ។
តារាកំប្លែងស្រី អ្នកនាង គ្រត ក៍បានអះអាងផងដែរ ឆ្នាំថ្មីអ្នកនាងមិនមានគម្រោងអ្វីឲ្យខុសប្លែកពីឆ្នាំចាស់ឡើយ តែអ្វីដែលអ្នក នាងនឹងត្រូវធ្វើបន្ថែមនៅក្នុងឆ្នាំថ្មីនេះគឺការខិតខំរកវិធីសម្តែងថ្មីៗបន្ថែមទៀត ដើម្បីជាការទាក់ទាញទស្សនិកជន កុំឲ្យមានការ រិះគន់ថាការសម្តែងនៅតែដដែលនោះ៕
ដោយ៖ ស.រ