ប្រព័ន្ធការពារអគ្គិភ័យនៃម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរជប៉ុនមានចំនុចខ្សោយច្រើន
នៅប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ ស្ថាប័នរៀបចំសន្តិសុខនុយក្លេអ៊ែរ បានរាយការណ៍ថា បានរកឃើញនូវ ចំនុចខ្សោយច្រើន ក្នុងប្រព័ន្ធការពារអគ្គិភ័យ នៃម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរ។ ម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរ មានផ្ទុកនូវខ្សែកាប ដែលអាចឆេះរោលរាលបាន ហើយ ការតំលើងប្រើម៉ាស៊ីនប្រតិកម្មទាំងនេះ មានលក្ខណៈណែនណាន់ហួសកំរិត ដែលធ្វើអោយអគ្គិភ័យអាចកើតឡើងបានគ្រប់ពេលវេលា។ បញ្ហាទាំងអស់នេះ អាចធ្វើអោយ ជប៉ុន លើកពេលដាក់អោយដំណើរការឡើងវិញ នូវម៉ាស៊ីន ប្រតិកម្មនុយក្លេអ៊ែរ ទៅច្រើនឆ្នាំក្រោយទៀត។ ពីរឆ្នាំក្រោយគ្រោះរំជួយដី និងរលកយក្ខស៊ូណាមី នៅក្នុងប៉ែកឥសាននៃក្រុងតូក្យូ ជប៉ុនបានព្យួរចោលនូវការប្រើប្រាស់ ម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរ ៤៨គ្រឿង ក្នុងចំណោមម៉ាស៊ីនសរុប ៥០គ្រឿង ដើម្បីសុវត្ថិភាពសន្តិសុខក្នុងតំបន់។
យោងតាមកាសែត ប្រចាំថ្ងៃជប៉ុន ម៉ៃនីឈី ស្ថាប័នរៀបចំសន្តិសុខនុយក្លេអ៊ែរជប៉ុន និងក្រសួងស៊ើបអង្កេតលើបញ្ហា ម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរ នឹងកោះហៅក្រុមហ៊ុនចរន្តអគ្គិសនីនានា ដែលទទួលបន្ទុកលើ ម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរ មកជជែកសួរអំពីបញ្ហា ទាក់ទងនឹងប្រព័ន្ធការពារអគ្គិភ័យ។ ហើយ ការដាក់អោយមានដំណើរការ ម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរឡើងវិញ នឹងលើកទៅច្រើនឆ្នាំក្រោយទៀត។
រដ្ឋាភិបាលជប៉ុនថ្មី ដែលចេញពីគណបក្សអភិរក្សនិយម មានគំនិតគាំទ្រវិស័យនុយក្លេអ៊ែរ ជាងរដ្ឋាភិបាលចាស់ ដែលជារដ្ឋាភិបាល ឆ្វេងនិយមនិន្នាការកណ្តាល។ នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ប្រកាសថា នឹងផ្តល់ភ្លើងខៀវ ដល់ការដាក់ដំណើរការ ប្រើប្រាស់ ម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរឡើងវិញ ប្រសិនបើ ស្ថាប័នរៀបចំសន្តិសុខនុយក្លេអ៊ែរ វាយតំលៃថាម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរ អាចនឹងដំណើរការបាន។ លើសពីនេះ លោក Shinzo Abe មានបំណងចង់បង្កើតនូវ ម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរ ថ្មីៗ ថែមទៀត។
ស្ថាប័នរៀបចំសន្តិសុខនុយក្លេអ៊ែរជប៉ុន មានមុខងារប្រកាស អោយដឹងអំពីសុវត្ថិភាព នៃ ការដាក់ដំណើរការ ម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរឡើងវិញ ព្រមទាំងផ្តល់នូវព័ត៌មាន ទាក់ទងនឹងរងគ្រោះថ្នាក់រញ្ជួយដី នៅតំបន់ ដែលជាប់ទាក់ទងនឹងនុយក្លេអ៊ែរ។
គ្រោះថ្នាក់នុយក្លេអ៊ែរ ឈែរណូប៊ីល នៅប្រទេសអ៊ុយក្រែន នាឆ្នាំ ១៩៨៦ បានធ្វើអោយប្រជាជន មួយសែនប្រាំមួយពាន់នាក់ ចាកចេញពីតំបន់ ហើយតំបន់មួយភាគលែងមានមនុស្សរស់នៅ។ ការបោសសំអាត រើរុះតំបន់ ត្រូវចំណាយពេលប្រហែលជាជាង ៤០ឆ្នាំ៕ដោយ ព្រំ សឿន សូលីណា (RFI)