ចោរស្លៀកពាក់ជាសិស្សសាលាចូលប្លន់ដល់ក្នុងផ្ទះទាំងថ្ងៃ
ភ្នំពេញ៖ កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី២ ខែមករា ក្រុមចោរមានគ្នា០៤នាក់ ស្ថិតក្នុងសំលៀកបំពាក់ជាសិស្ស ជិះម៉ូតូ០២គ្រឿង បានចូលទៅធ្វើសកម្មភាពប្លន់ក្នុងផ្ទះ មួយ យកបានកាបូបមួយក្នុងនោះមាន ប្រាក់ដុល្លារចំនួន៥០០ និងប្រាក់ រៀលជាងមួយ លានរៀល។ ស្ថិតនៅចំណុចផ្ទះជួលមួយស្ថិតក្នុងក្រុមទី៤ ផ្លូវបេតុងលេខ១០៧៤ ភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមស្ដ្រីឈ្មោះ សុវត្ដិ ដារ៉ា គុណ ដែលជាម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុគាត់មិន នៅ ផ្ទះទេ ទុកអោយកូន តូចៗចំនួន០៤នាក់នៅចាំផ្ទះ ហើយស្រាប់តែមានមនុស្ស០៤នាក់ជិះម៉ូតូ០២គ្រឿងមកឈប់ នៅលើផ្លូវមុខផ្ទះ រួចក៍នាំគ្នាសម្រុកចូល ក្នុង ផ្ទះរើក កាយ ហើយយកបានកាបូបក្រហមមួយ រួចចេញទៅអស់ នេះបើតាមកូនច្បងរបស់គាត់ដែលមានអាយុ១១ឆ្នាំបានប្រាប់។
ទោះជាយ៉ាងណាក៍ដោយ នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី កំពុងត្រួតពិនិត្យកន្លែងកើតហេតុនិងធ្វើ សាកសួរម្ចាស់ផ្ទះដែលត្រូវក្រុមចោរចូលប្លន់ទាំងថ្ងៃ ដល់ក្នុងផ្ទះ។ ដោយសារមានដានពីសាក្សីកូនរបស់ម្ចាស់ផ្ទះ រងគ្រោះ ករណីប្លន់មួយនេះគេសង្ឈឹមថា សមត្ថកិច្ចនឹងអាច វែកមុខរកក្រុមចោរនេះឃើញនៅពេលដ៍ខ្លីខាងមុខជាមិនខាន៕
ដោយ៖ ហេង នាង