ការតវ៉ារបស់ពលរដ្ឋអមលាំងរឿងដីធ្លីមិនទាន់មានដំណោះស្រាយ
នៅថ្ងៃទី៩ កុម្ភៈ ២០១២ ប្រជាពលរដ្ឋប្រមាណ ៣០០ នាក់ នៅឃុំអមលាំង ខេត្តកំពង់ស្ពឺ បានលើកគ្នាមកតវ៉ារឿងជម្លោះដីធ្លី នៅតុលាការខេត្តកំពង់ស្ពឺ ពេញមួយថ្ងៃ នៅតែមិនទាន់មានដំណោះស្រាយអ្វីនៅឡើយ។ ប៉ុន្តែពួកគេនឹងបន្តការតវ៉ាមុខតុលាការ និងមុខសាលាខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១០ កុម្ភៈ ២០១២ ទៀត។
ការតវ៉ានេះគឺដើម្បីទាមទារឲ្យតុលាការ ដោះលែងស្ត្រីអ្នកភូមិម្នាក់ ដែលតុលាការចោទប្រកាន់ និងចាប់ឃុំខ្លួន កាលពីថ្ងៃទី១៥ ធ្នូ ២០១១។
លោក ផល វណ្ណៈ តំណាងអ្នកភូមិអមលាំង បានឲ្យដឹងថា ក្រុមអ្នកភូមិអមលាំង ដែលមានជម្លោះដីធ្លី ជាមួយក្រុមហ៊ុនស្ករសកំពង់ស្ពឺ របស់លោកឧកញ៉ា លី យុងផាត់ បានលើកគ្នាជិះគោយន្ត មកកាន់តុលាការខេត្តកំពង់ស្ពឺ ជាមួយអ្នកភូមិអមលាំងម្នាក់ ដែលត្រូវតុលាការកោះហៅ ឲ្យចូលខ្លួនឆ្លើយបំភ្លឺ នៅព្រឹកថ្ងៃទី៩ កុម្ភៈ ២០១២៕