ជនសង្ស័យម្នាក់ក្នុងចំណោមពីរត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទឆក់ទូរស័ព្ទ
ភ្នំពេញ ៖ នៅវេលាម៉ោង៦ និង៤០ នាទីព្រឹកថ្ងៃទី១០ ធ្នូ ស្រ្តីជនជាតិបរទេសម្នាក់កំពុងឈរនិយាយទូរស័ព្ទ នៅមុខក្រុមហ៊ុន Mobitel ស្រាប់តែជនល្មើស ២នាក់ ជិះម៉ូតូមកឆក់ទូរស័ព្ទនោះបានសម្រេច ហើយបើកម៉ូតូឆ្លងផ្លូវ ទៅខាងស្តាំវិញ ត្រូវកងរាជអាវុធហត្ថខណ្ឌ ចាប់បានអ្នកឆក់ពីក្រោយ ស្ថិតនៅមុខក្រុមហ៊ុន Mobitel តាមមហាវិថីព្រះសីហនុ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចកងរាជអាវុធហត្ថគោលដៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះជាជនជាតិបរទេសបានដើរចេញពីកន្លែងស្នាក់នៅតាមផ្លូវលេខ៥៥ ដើរមកឈប់នៅមុខក្រុមហ៊ុន Mobitel ឈររង់ចាំរថយន្តមកទទួលបណ្តើរនិយាយទូរស័ព្ទដៃម៉ា កអាយហ្វូនបណ្តើរ ស្រាប់តែជនល្មើស ២ នាក់ ជិះម៉ូតូស្កុបពី ពណ៌ក្រហមលាយខ្មៅ ដោយជិះលើផ្លូវបញ្រ្ចាសទិសដៅចរាចរណ៍ក្នុងរនាំងដែកពុះចែកផ្លូវ ពីលិចទៅកើត បានមកឆក់ទូរស័ព្ទដៃនោះ យកទៅបាត់រួចជិះរត់ឆ្លងរនាំងដែកទៅខាងស្តាំដៃវិញ ត្រូវកងរាជអាវុធហត្ថម្នាក់ ចាប់ខ្លួនបានជនល្មើសជាអ្នកឆក់ទូរស័ព្ទដៃនោះ បានម្នាក់ និងរួមជាមួយទូរស័ព្ទដៃ នៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ចំណែកជនល្មើសម្នាក់ទៀតជិះម៉ូតូគេចទៅបាត់ ។
បន្ទាប់ពីឃាត់បានជនល្មើសម្នាក់ រួមជាទូរស័ព្ទដៃនោះវិញ ប៉ូលិសបានដឹកជនល្មើស និងរងគ្រោះ យកទៅធ្វើការសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលចតុមុខ ៕
ដោយ៖ ហេង នាង