ព្រះមហាក្សត្រ​ថៃ​អំពាវនាវ​ឲ្យ​ប្រជាជន​ថៃ​រួបរួម​គ្នា

ព្រះមហាក្សត្រថៃភូមិបុលអាប់ឌុលយ៉ាឌេតបានបង្ហាញព្រះភ័ក្ត្រ ជាសាធារណៈ នៅថ្ងៃពុធនេះនៅក្នុងឱកាសបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គក្នុងទីក្រុង បាងកក។មានព្រះឱង្ការទៅកាន់ប្រជានុរាស្រ្តថៃព្រះអង្គភូមិបុលក្នុងព្រះជន្ម៨៥ ព្រះ វស្សាបានអំពាវនាវឲ្យមានការរួបរួម និងស្ថិរភាពនៅក្នុងប្រទេសថៃ។

បើតាមប៉ូលិសមនុស្សប្រមាណ២សែននាក់ក្នុងសម្លៀកបំពាក់ពណ៌លឿងបាន ទៅឈររង់ចាំមើលព្រះភ័ក្រ្ត និងស្តាប់ព្រះរាជឱង្ការរបស់ព្រះអង្គភូមិបុលដែល ពួកគេបានចាត់ទុកជាព្រះមហាក្សត្រពាក់កណ្តាលអាទិទេព នៅក្នុងប្រទេសថៃ។ ចាប់តាំងពីចូលសម្រាកព្យាបាលព្រះរោគក្នុងមន្ទីរពេទ្យកាលពីឆ្នាំ២០០៩ព្រះ អង្គភូមិបុលបង្ហាញព្រះភ័ក្រ្តជាសាធារណៈដោយកម្របំផុត។ប៉ុន្តែយ៉ាងណា ក៏ដោយ ព្រះមហាក្សត្រថៃរូបនេះដែលបានសោយរាជ្យយូរជាងគេបំផុតក្នុង ពិភពលោក គឺ៦៦ឆ្នាំ នៅតែបន្តព្រះរាជកិច្ចផ្លូវការ ដោយបានជួបជាមួយ ប្រធានាធិបតីអាមេរិក កាលពីខែវិច្ឆិកាកន្លងទៅនេះ។

នៅថ្ងៃពុធនេះ នៅក្នុងឱកាសប្រទេសប្រារព្ធបុណ្យចម្រើនព្រះជន្មរបស់ព្រះ អង្គ ព្រះបាទភូមិបុលបានមានព្រះឱង្ការខ្លីប៉ុណ្ណោះ ទៅកាន់ប្រជាជនថៃ។ នៅក្នុងស្ថានភាពដែលប្រទេសថៃកំពុងជួបវិបត្តិនយោបាយនិងប្រជាជនថៃបាន បែកប្រេះឆាគ្នា ចាប់តាំងពីរដ្ឋប្រហារយោធាទម្លាក់លោកថាក់ស៊ីន ឆ្នាំ ២០០៦ ព្រះមហាក្សត្រថៃបានអំពាវនាវឲ្យប្រជាជនថៃរួបរួមគ្នា។ ព្រះមហាក្សត្រមានព្រះ រាជតម្រាស់ថា ប្រសិនបើប្រជាជនថៃមានគុណធម៌ នោះគេនៅតែមានក្តីសង្ឃឹមថា ប្រជាជននិងប្រទេសថៃនឹងទទួលបានសុខ និងស្ថិរភាព បើទោះជាប្រទេសស្ថិតនៅ ក្នុងស្ថានភាពណាក៏ដោយ។ សម្រាប់ព្រះមហាក្សត្រថៃ វត្តមានចូលរួមយ៉ាង កុះកររបស់ប្រជាជនថៃនៅថ្ងៃនេះធ្វើឲ្យព្រះអង្គមានជំនឿថាការយល់សណ្តោ ស គ្នារវាងប្រជាជនថៃគឺជាសោគន្លឹះ នាំឲ្យមានការរួបរួមក្នុងចំណោមប្រជា ជននៅក្នុងប្រទេស។

គួររំលឹកថា កាលពីចុងសប្តាហ៍មុននេះ គឺនៅលើទីលានមុខព្រះរាជវាំងនេះ ក្រុមអាវ លឿង ដែលជាក្រុមព្រះរាជវង្ស បានជួបប្រជុំតវ៉ាប្រឆាំងរដ្ឋាភិបាលថៃ ដែលដឹកនាំ ដោយលោកស្រីយីងឡាក់ប្អូនស្រីរបស់លោកថាក់ស៊ីនដែលក្រុមអាវលឿងចាត់ ទុកថា ជាការគំរាមកំហែងដល់អនាគតព្រះរាជបល្ល័ង្ក។ ការតវ៉ាដែលបានឈាន ទៅដល់ការប្រឈមមុខដាក់គ្នាដ៏ហិង្សារវាងបាតុករនិងអាជ្ញាធរ។ នៅក្នុងរដ្ឋ ធម្មនុញ្ញថៃព្រះមហាក្សត្រមិនមានអំណាចជាផ្លូវការទេប៉ុន្តែការពិតជាក់ស្តែង នៅពេលប្រទេសជួបវិបត្តិនយោបាយម្តងៗព្រះមហាក្សត្រថៃជាពិសេសព្រះអង្គ ភូមិបុលតែម្តងត្រូវគេមើលឃើញថាមានឥទ្ធិពលខ្លាំងទៅលើអ្នកនយោបាយថៃ។

នៅថ្ងៃបុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រថៃ នៅថ្ងៃនេះគេឃើញមាន លោកស្រីយីងឡាក់ មន្រ្តីរដ្ឋាភិបាល និងសមាជិកសំខាន់ៗរបស់ព្រះរាជវង្សចូល រួមលើកលែងតែព្រះមហាក្សត្រីស៊ីរីគីតដែលកំពុងសម្រាកក្នុងមន្ទីរពេទ្យដោយសារ រោគគាបសរសៃខួក្បាល៕ដោយ ឈាង បុប្ផា (RFI)

Related Articles

Back to top button
Close
Close