ស៊ីរីជាប្រទេសតែមួយគត់នៅប្រើមីនកប់ក្នុងដីនៅឆ្នាំ២០១២
សេចក្ដីរាយការណ៍ថ្មីមូយបានរកឃើញថា មានតែរដ្ឋាភិបាលស៊ីរីតែមួយគត់ក្នុង ពិភពលោកដែលបានប្រើមីនប្រឆាំងមនុស្សនៅឆ្នាំ២០១២។យោងតាមអង្គការ ឃ្លាំមើលមីន (Mine Monitor)នេះ ប្រទេសស៊ីរីជាប់លេខទាបបំផុតនៃប្រទេសដែល ប្រើប្រាស់អាវុធប្រល័យជីវិតនេះ ចាប់តាំងពីមានសិទ្ធិសញ្ញាទីក្រុងអូតាវ៉ាដែលត្រូវ បានចុះហត្ថលេខានៅឆ្នាំ១៩៩៧។
របាយការណ៍ឆ្នាំ២០១២ហៅការប្រើប្រាស់មីនដោយរដ្ឋាភិបាលតែមួយគត់ ថាជាអ្វី ដែលគួរឲ្យកត់សម្គាល់ក្នុងប្រវត្ដិសាស្រ្ដ និងជាការផ្លាស់ប្ដូរដ៏សំខាន់ដែល កាលពីឆ្នាំមុន មានរដ្ឋាភិបាលដល់ទៅបួនរួមមាន អ៊ីស្រាអែល លីប៊ី ភូមា និង ស៊ីរិ ដែលបានប្រើមីនប្រឆាំងមនុស្ស។
អង្គការឃ្លាំមើលមីន បានកត់ត្រាទុកជាឯកសារនូវការប្រើមីនដោយរដ្ឋាភិបាល ស៊ីរី នៅតាមព្រុំដែនជាមួយប្រទេសតួកគីនិងលីបង់កាលពីខែមិនា ហើយបើយោងទៅតាម ព័ត៌មានដែលគេទទួលបានចុងក្រោយបំផុតនោះ ការប្រើមីននៅតែមានបន្ដ រហូត ដល់ខែតុលា។ អ្នកកែសម្រួលរបាយការណ៍នោះ លោក ម៉ាក ហ៊ីហ្សណាយ (Mark Hiznay)ថ្លែងថាតួលេខគ្រោះមហន្តរាយមិនទាន់ទទួលបាន សព្វគ្រប់នៅ ឡើយតែមានមនុស្សយ៉ាងតិច១៩នាក់បានស្លាប់ដោយសារគ្រឿងផ្ទុះនៅ តាមព្រំដែនក្នុងរយៈពេលប្រាំខែដំបូងក្នុងឆ្នាំនេះហើយមានមនុស្សបីបួននាក់ទៀត រងគ្រោះនៅខែតុលា។
អ្នកកែសម្រួលរូបនោះនិយាយថា ក្រុមលោកគ្មានភស្តុតាងអំពីកងកម្លាំង ប្រឆាំងស៊ីរី ដែលបានប្រើគឿងផ្ទុះដែលរឹបអូសយកបានប្រឆាំងនឹងកងកម្លាំង រដ្ឋា ភិបាលស៊ីរីទេ។ តែលោកនិយាយថា អង្គការឃ្លាំមើលមីនធ្លាប់ឃើញក្រុមបះបោរ ប្រើគ្រាប់បែកច្នៃដោយ ខ្លួនឯង ។
លោក ហ៊ីហ្សណាយ និយាយថា រដ្ឋាភិបាលស៊ីរី ប្រហែលជាប្រើមីនក្នុងឃ្លាំង សល់ពី សហភាពសូវៀត កាលពីទសវត្សរ៍១៩៨០។ លោកនិយាយថា មិនឃើញមាន សញ្ញាផ្គត់ផ្គង់មីនថ្មីយកទៅប្រើប្រាស់ទេ។
នៅជុំវិញពិភពលោក មានប្រទេស១៦០ជាហត្ថលេខីនៃសន្ធិសញ្ញាហាមប្រាម ការប្រើមីនដែលចំនួននេះសើ្មនឹង៨០ភាគរយនៃប្រទេសទាំងអស់។ប្រទេសដែលមិនព្រម ចុះហត្ថលេខាលើសន្ធិសញ្ញា រូមមានសហរដ្ឋអាមេរិក រុស្ស៊ី និង ចិន។
កាលពីឆ្នាំកន្លងទៅប្រទេសហ្វំាងឡង់ និងស៊ូដង់ខាងត្បូង និងសុម៉ាលី បាន ចូលរួមអនុសញ្ញា។ដោយមានការចូលរួមពីប្រទេសអាហ្វ្រ៊ិកពីរនេះប្រទេសទាំងឡាយ ពីអនុតំបន់សហារ៉ាពេលនេះក៏បានចូលរួមដែរ។
លោក ហ៊ិហ្សណាយ និយាយថា ចំនួនជនរងគ្រោះដោយសារមីនបានចុះថយគួរ ឲ្យកត់សម្គាល់ចាប់តាំងពីសន្ធិសញ្ញាហាមប្រាមចូលជាធរមាន។ លោកថ្លែង ថា មានជនរងគ្រោះថ្មីដោយសារគ្រាប់មីន និងគ្រឿងផ្ទុះសល់ពីសង្រ្គាមសរុប ៤.២៨៦នាក់ដែលតួលេខនេះបានត្រូវ កត់ទុកនៅឆ្នាំ២០១១។ នេះជាចំនួនអ្នករង គ្រោះ១២នាក់ក្នុងមូយថ្ងៃ បើប្រៀបធៀបនឹង៣២នាក់ក្នុងមួយថ្ងៃនៅឆ្នាំ ២០០១។
«នៅក្នុងប្រទេសដែលប្រើមីនច្រើនសន្ធឹកដូចជា អាហ្វហ្គានីស្ថាន និងកម្ពុជា អាត្រានេះបានចុះទាបគួរឲ្យកត់សម្គាល់។ តែដោយមានជម្លោះថ្មីកើតឡើង ហើយជម្លោះដែលមានស្រាប់រឹតតែមានសភាពតឹងតែង ចំនួនជនរងគ្រោះកាន់ តែច្រើនត្រូវបានរាយការណ៍នៅក្នុងប្រទេសស៊ូដង់ លីប៊ី ស៊ូដង់ខាងត្បូង និងស៊ីរី»។
ខណៈដែលចំនួនជនរងគ្រោះដោយសារមីនបានចុះថយ លោកហ៊ីហ្សណាយ កត់សម្គាល់ថា អកុសលថវិកាជំនួយអន្ដរជាតិដល់ជនសល់ពីស្លាប់ ដែលត្រូវការ ជំនួយក៏ថយចុះ ដែរ។
អង្គការឃ្លាំមើលមីនបញ្ជាក់ថា រដ្ឋចំនួន៥៩ និងតំបន់ចំនួនប្រាំមួយបានត្រូវប៉ះ ពាល់ដោយសារមីនកប់ក្នុងដីនៅឆ្នាំនេះ។ អង្គការនោះឲ្យដឹងថា ក្រុមប្រដាប់ អាវុធគ្មានរដ្ឋ នៅអាហ្វហ្គានីស្ថាន កូលូមប៊ី ភូមា ប៉ាគីស្ថាន ថៃ និងយេមែន នៅតែប្រើមីនកប់ក្នុងដី។ អង្គការនោះឲ្យដឹងទៀតថា មានតែឥណ្ឌា ភូមា បាគីស្ថាន និងកូរ៉េខាងត្បូងប៉ុណ្ណោះដែលនៅតែផលិតមីនប្រឆាំងមនុស្ស៕
សរសេរសម្រួលដោយ អ៊ូ ធក់ (VOA)