អ្នកភូមិបុរីកីឡា ៥នាក់ត្រូវចាប់ខ្លួន និងពីរនាក់ទៀតដួលសន្លប់
អ្នកភូមិបុរីកីឡាប្រហែល ៥០នាក់បានផ្ទុះអំពើហិង្សាជាសមត្ថកិច្ចក្រុងភ្នំពេញ នៅមុខសាលាក្រុងភ្នំពេញ ក្នុងពេល ដែលធ្វើបាតុកម្មដើម្បីទាមទារឲ្យអភិបាលសាលារាជធានីភ្នំពេញ អន្តរាគមន៍ទៅក្រុមហ៊ុនផានអ៊ីម៉ិច ឲ្យសងការខូចខាតពីការបណ្ដេញពួកគាត់ចេញពីលំនៅ។
ខណៈពេលផ្ទុះហិង្សានោះមានអ្នកភូមិបុរីកីឡា ៥នាក់ ត្រូវអាជ្ញាធរចាប់ខ្លួន និងពីរនាក់ផ្សេងទៀតបានដួលសន្លប់នៅក្នុងយុទ្ធនាការរបស់អាជ្ញាធរ បង្ក្រាបអ្នកភូមិបុរីកីឡា ដែលនាំគ្នាតវ៉ានៅមុខសាលារាជធានីភ្នំពេញ នៅថ្ងៃទី០១ កុម្ភៈ ២០១២។
លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតអង្គការលីកាដូ បាននិយាយថា ការប្រើហិង្សាទៅលើពលរដ្ឋ មិនមែនជាដំណោះស្រាយល្អឡើយ គឺគួរណាស់តែមានការចរចាគ្នារវាងតំណាងប្រជាពលរដ្ឋ និងតំណាងអាជ្ញាធរក្រុង ដើម្បីស្វែងរកដំណោះស្រាយណាមួយដែលបញ្ចៀសនូវការបង្ក្រាប ឬអំពើហិង្សា៕