ទំនិញចិនហូរចូលអាមេរិកច្រើនជាងហូរចូលទ្វីបអឺរ៉ុប
នៅថ្ងៃអង្គារទី២០វិច្ឆិកានេះប្រទេសចិនបានប្រកាសឲ្យដឹងថាបច្ចុប្បន្នទំនិញ របស់ចិនបាននំាចូលសហរដ្ឋអាមេរិកច្រើនជាងនំាចូលទៅទ្វីប អឺរ៉ុប។ ចំណែកឯ វិនិយោគអឺរ៉ុបនៅក្នុងប្រទេសចិនក៏មានការថយចុះដែរ។ មូលហេតុ មកពីទ្វីបអឺរ៉ុប កំពុងមានសេដ្ឋកិច្ចដើរថយក្រោយ ពិសេសការផ្ទុះឡើងនូវវិបត្តិប្រាក់បំណុល នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ។
ថ្លែងនៅក្នុងសន្និសីតកាសែតប្រចំាខែអ្នកនំាពាក្យក្រសួងពាណិជ្ជកម្ម ចិន លោក Shen Danyang បានប្រកាសឲ្យដឹងថា សហរដ្ឋអាមេរិកបានក្លាយជា ប្រទេសទីមួយនៅមុខសហភាពអឺរ៉ុបក្នុងនាមជាប្រទេសដែលបាននំាទំនិញចិនចូល ច្រើនជាងគេ។បន្ទាប់មក អ្នកដែលបានទទួលចំណាត់ថ្នាក់លេខបី គឺបណ្តាប្រទេស នៅអាស៊ីអាគ្នេយ៍ អាស៊ានដែលដណ្តើមកន្លែងប្រទេសជប៉ុន។ អ្នកនំា ពាក្យក្រសួងពាណិជ្ជកម្មចិនរូបនេះដដែលមិនបានបញ្ជាក់ពីតួលេខទេតែបើយោង តាមតួលេខផ្តល់ដោយទីចាត់ការគយចិន ការនំាទំនិញចិនចូលអាមេរិក ក្នុង ចន្លោះខែមករា និងតុលាមានទឹកប្រាក់រហូតដល់ទៅ ២៨៩ ៣០០លានដុល្លារ ចំណែកជាមួយសហភាពអឺរ៉ុបវិញមានតែ ២៧៦ ៨០០លានដុល្លារប៉ុណ្ណោះ។
យោងតាមលោក Shen Danyang ការដោះដូរពាណិជ្ជកម្មរវាងចិន និងសហ ភាពអឺរ៉ុបបានធ្លាក់ចុះ ៣% ក្នុងរយៈពេល ១០ខែចុងក្រោយនេះ តែជាមួយសហរដ្ឋ អាមេរិកវិញមានការកើនឡើង ៩,១%។ ក៏ប៉ុន្តែ បើគេនិយាយពីបរិមាណនៃការដោះដូរ វិញចិនជាមួយសហភាពអឺរ៉ុបនៅតែមានទំហំធំជាងចិនជាមួយសហរដ្ឋអាមេរិកព្រោះ ថា ទីក្រុងប៉េកំាងបាននំាចូលទំនិញអឺរ៉ុប ច្រើនជាងទំនិញអាមេរិកំាង។
ក្រៅពីការធ្លាក់ចុះនៃការនំាទំនិញចិនចូលសហភាពអឺរ៉ុប អ្នកនំាពាក្យក្រ សួងពាណិជ្ជកម្មចិនក៏បានបញ្ជាក់ពីការថយចុះនៃវិនិយោគអឺរ៉ុបនៅក្នុងប្រទេស ចិន និងវិនិយោគចិននៅទ្វីបអឺរ៉ុប។ យោងតាមលោក Shen Danyang ក្នុងរយៈ ពេល១០ខែចុងក្រោយនេះ ជួនចំពេលដែលចិនបានបង្កើនវិនិយោគបន្ថែមនៅ បរទេសជាង ២៥% នោះ វិនិយោគចិននៅអឺរ៉ុបបានថយចុះ ២០,៩% ក្នុងរយៈពេល ដូចគ្នា។
និយាយពីការថយចុះនៃការដោះដូរពាណិជ្ជកម្មរវាងចិន និងជប៉ុនវិញ ទោះបីជា លោក Shen Danyang មិនបានផ្តល់ហេតុផលអ្វីច្បាស់លាស់ក៏ដោយ ក៏គេដឹងថា ភាពតានតឹងផ្លូវទូតជុំវិញជម្លោះដណ្តើមទីប្រជុំកោះនៅសមុទ្រចិនខាងកើត គឺ ជាមូលហេតុចម្បងមួយ។ យោងតាមលោក Shen Danyang ការដោះដូរពាណិជ្ជ កម្មរវាងចិន និងជប៉ុនក្នុងរយៈពេល ៦ខែចុងក្រោយនេះបានថយចុះ ២,១% ចំណែក រវាងចិននិងបណ្តាប្រទេសអាស៊ានវិញបានកើនឡើង៩,៤%ក្នុងរយៈពេលដូចគ្នា៕ ដោយ គួច គន្ធារ៉ា (RFI)