អ្នក​បើកបរ​ស្រវឹង​ដេញ​បុក​គ្នា​ជ្រុល​ចង្កូត​បុក​របាំង​ដែក​ចែក​​​ទ្រូង​ផ្លូវ​អស់​១​០​ផ្ទាំង

ភ្នំពេញ ៖ រថយន្តម៉ាក ហាយឡែនឌ័រ មួយគ្រឿងបើកបុករបាំងដែកចែកទ្រូងផ្លូវសហព័ន្ធរុស្ស៊ីចំនួន១០ផ្ទាំង តែអ្នកបើកបររថយន្តនេះ ប្រាប់ថាដោយសាររថយន្តម៉ាកស៊ី.អរ.វី ប្រដេញបុកកៀរទើបបង្កឲ្យមានគ្រោះថ្នាក់ដូច្នេះ។

ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង២២និង២០នាទីយប់ ថ្ងៃទី១៥ វិច្ឆិកា ២០១២នៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ី ម្ដុំមុខច្រកចូលផ្សាររតនាផ្លាហ្សាស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា រថយន្តចំនួន២គ្រឿង គឺរថយន្តម៉ាកហាយឡែនឌ័រ គ្មានស្លាកលេខពណ៌ស្ករ និងរថយន្តម៉ាកស៊ីអរវី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2D-0071 បាន បើកប្រដេញបុកគ្នាក្នុងទិសដៅពីលិចទៅកើតបណ្ដាលឲ្យភាគីខាងរថយន្ត ម៉ាកហាយឡែនឌ័រ ជ្រុលចង្កូតទៅបុករបាំងដែកខណ្ឌចែកទ្រូងផ្លូវអស់ចំនួន១០ផ្ទាំង។

ប្រភពដដែលបន្តថា ក្រោយពីកើតហេតុភាគីខាងរថយន្តម៉ាកស៊ី.អរ.វី បានបត់ស្ដាំចូលផ្សាររតនាផ្លាហ្សាដើម្បីរត់គេចខ្លួន មិនចូលរួមទទួលខុសត្រូវ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចប៉ូលិសមូលដ្ឋានស្រែកតាម វិទ្យុទាក់ទងប្រមូលគ្នាប្រដេញតាមស្ទាក់ចាប់បានភ្លាមៗ។

ប៉ូលិស មូលដ្ឋានបានឃាត់ខ្លួនអ្នកបើកបរទាំង២នាក់ និង រថយន្តបង្កទាំង២គ្រឿងប្រគល់ទៅឲ្យប៉ូលិសចរាចរណ៍ក្រុងភ្នំពេញដឹក យកទៅរក្សាទុកនិងឃុំខ្លួនដើម្បីដោះស្រាយសំណងតាមផ្លូវច្បាប់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close