២​ថ្ងៃ​មុន​ការ​បោះឆ្នោត​ការ​ឃោសនា​ផ្តោត​លើ​អ្នក​មិន​ទាន់​សម្រេចចិត្ត

នៅសល់តែ២ថ្ងៃទៀតទេ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអណត្តិថ្មី របស់អាមេរិកនឹងមកដល់។ បេក្ខជនទាំងពីរនាក់បារ៉ាក់ អូបាម៉ា និងលោកមីត រ៉ូមនីមិនបានបង្អន់ដៃឡើយក្នុងយុទ្ធនាការឃោសនា។ នៅថ្ងៃសៅរ៍នេះ បេក្ខ ជនទាំងពីរបានអំពាវនាវចំៗដល់អ្នកដែលមិនទាន់សម្រេចចិត្តថា ត្រូវគាំទ្របេក្ខជន ណាមួយនោះ។ នោះគឺជាក្រុមចុងក្រោយដែលកំណត់ការចាញ់ឈ្នះនៃបេក្ខ ជនទាំងពីរ។

បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ានិង លោកមីត រ៉ូមនី នៅ ថ្ងៃសៅរ៍នេះ ពួកគេបានទៅជួបជុំអ្នកគាំទ្រនៅក្នុងរដ្ឋសំខាន់ៗមិនតិចជាង៤ កន្លែងឡើយ។ អ្នកទាំងពីរបានស្រែកអំពាវនាវដូចគ្នាយ៉ាងរន្ថើន អោយអ្នក គាំទ្ររបស់ខ្លួនបញ្ចុះបញ្ចូលនិងជំរុញអោយមនុស្សក្រុម កណ្តាលដែលមិន ទាន់សម្រេចចិត្តថាបោះឆ្នោតគាំទ្របេក្ខជនណាមួយនៅ ឡើយ នោះ អោយ ពួកគេបោះឆ្នោតអោយខ្លួន។

លោកអូបាម៉ា ប្រធានាធិបតីដល់អណត្តិ បានប្រាប់អោយអ្នកគាំទ្ររបស់ខ្លួន ទូរស័ព្ទនិងគោះទ្វារផ្ទះ ឬទៅជួបផ្ទាល់មនុស្សក្រុមកណ្តាលដែលមិនទាន់ សម្រេចចិត្តនេះដើម្បីពន្យល់និងលើកទឹកចិត្តអោយពួកគេជ្រើសរើសនិងគាំទ្រ លោក។

វិញ្ញាសារចុងក្រោយសម្រាប់បេក្ខជនប្រធានាធិបតីទាំងពីរគឺការដោះស្រាយទំនាស់ ខ្វែងគំនិតគ្នារវាងគណបក្សទាំងពីរនៅក្នុងរដ្ឋសភា។ បេក្ខជនទាំងពីរសុទ្ធ តែស្រែកសន្យាថា ពួកគេនឹងរកអោយបានភាពសុខដុមរមនារវាងទំនាក់ទំនងគណ បក្សទាំងពីរនៅ ក្នុងរដ្ឋសភា ប្រសិនបើ ពួកគេជាប់ឆ្នោតនោះ។

នៅថ្ងៃនេះលោកអូបាម៉ាបានស្រែកប្រាប់អ្នកគាំទ្រនៅអូហៃអូថា «ខ្ញុំនឹងធ្វើ ការជាមួយគ្រប់គណបក្សដើម្បីធ្វើប្រទេសជាតិដើរ ឆ្ពោះទៅមុខ។ ប្រសិនបើអ្នក ទាំងអស់គ្នាចង់បំបែកភាពទាល់ច្រកនៅក្នុងសភាសូមអ្នកបោះឆ្នោតអោយ ខ្ញុំ»។

នៅលើប្រធានបទនៃភាពសុខដុមរមនារវាងគណបក្សទាំងពីរដែរ លោកមីត រ៉ូមនី បានឆ្លើយតបថា លោកអូបាម៉ាគ្មានការប្តេជ្ញាចិត្ត និងសមត្ថភាពធ្វើការ ជាមួយមេដឹកនាំគណបក្សសាធារណៈរដ្ឋរបស់លោកដើម្បីអោយមានទំនាក់ទំនង គ្នាល្អនោះឡើយ។ លោករ៉ូមនីដែលនិយាយទៅកាន់អ្នកដែលមិនទាន់សម្រេច ចិត្តបោះឆ្នោតនោះបានប្រកាសថា លោកទេដែលនឹងធ្វើអោយមានការ ផ្លាស់ប្តូរពិតប្រាកដនោះ។ គេអាចយល់បានថា លោករ៉ូមនីកំពុងតែរិះគន់នយោ បាយរបស់លោកអូបាម៉ាដែលកាលពី៤ឆ្នាំមុន បានធ្វើយុទ្ធនាក្រោមស្លាក សញ្ញាថា ផ្លាស់ប្តូរនោះ។

នៅពេលនេះបណ្តាញសារព័ត៌មានក្នុងសហរដ្ឋអាមេរិកហាក់បានដកខ្លួនចេញ ពីព្រឹត្តិការណ៍ខ្យល់ព្យុះសង្ឃរាSandyហើយ ហើយបែរមកចាប់អារម្មណ៍លើការ បោះឆ្នោតកាន់តែខ្លាំង។ បណ្តាញសារព័ត៌មានបង្ហាញអំពីទំនោរការគាំទ្រ លើបេក្ខជននៅតាមរដ្ឋសំខាន់ៗទាំង៩ជាបណ្តើរហើយ៕ដោយលាង ដឺលុច (RFI)

Related Articles

Back to top button
Close
Close