នយោបាយ​លោកស្រី​យីងឡាក់​កំពុង​ធ្វើឲ្យ​អង្ករ​ថៃ​ពិបាក​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​អន្តរជាតិ

នយោបាយរបស់លោកស្រីនាយករដ្ឋមន្រ្តី យីងឡាក់ កំពុងតែគំរាមកំហែងដល់ វិស័យនាំចេញអង្កររបស់ថៃ ហើយអាចនឹងធ្វើឲ្យថៃបាត់បង់ចំណាត់ថ្នាក់ជាប្រទេស នាំចេញអង្ករ ច្រើនជាងគេលំដាប់ទីមួយ នៅលើពិភពលោក។ នេះបើតាមការអះអាង របស់ប្រធានសមាគមក្រុមហ៊ុននាំចេញអង្ករថៃ។

ក្រោយពីបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថៃ លោកស្រីយីងឡាក់ ស៊ីណា វ៉ាត្រា បានដាក់ចេញនូវនយោបាយប្រមូលទិញអង្ករពីកសិករថៃ ក្នុងតម្លៃថ្លៃ ជាងទីផ្សាររហូតដល់ទៅ៥០%។ការដាក់ចេញនយោបាយនេះគឺធ្វើក្នុងគោលដៅ បង្កើនប្រាក់ចំណូលដល់កសិករថៃ ក៏ប៉ុន្តែ វាកំពុងតែធ្វើឲ្យអង្ករថៃឡើងថ្លៃកប់ ពពក ដែលធ្វើឲ្យថៃបាត់បង់ភាពប្រកួតប្រជែងលើទីផ្សារអង្ករអន្តរជាតិ។

ប្រធានសមាគមក្រុមហ៊ុននាំចេញអង្ករថៃបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន បារាំង AFP ថា នៅពេលបច្ចុប្បន្ននេះ ថៃបានបាត់បង់ចំណែកទីផ្សារអង្ករអន្តរជាតិរួច ទៅហើយដោយចំណែកទីផ្សារនេះត្រូវធ្លាក់ក្នុងដៃប្រទេសជាគូប្រជែងជាពិសេស ប្រទេសចំណូលថ្មីក្នុងទីផ្សារអង្ករអន្តរជាតិ ដូចជា កម្ពុជា និងភូមា ជាដើម  ដែល ផលិតអង្ករកាន់តែច្រើនឡើង ដើម្បីនាំចេញ។

គួរបញ្ជាក់ថា បើយោងតាមតួលេខរបស់ក្រសួងកសិកម្មអាមេរិក កាលពីឆ្នាំ២០១១ កន្លងទៅនេះ ថៃគឺជាប្រទេសដែលនាំអង្ករទៅក្រៅប្រទេសច្រើនជាងគេបំផុត (១០,៦៤លានតោន) វៀតណាមស្ថិតនៅលំដាប់ទី២ (៧លានតោន) ឥណ្ឌា ជាប់លេខ ៣ (៤,៦៣លានតោន) ចំណែកកម្ពុជាស្ថិតនៅលំដាប់ទី ៦ (០,៨៦លាន តោន)។ ក៏ប៉ុន្តែ នៅឆ្នាំ២០១២នេះ ការនាំចេញអង្កររបស់ថៃនឹងធ្លាក់ចុះជិត ពាក់កណ្តាលមកនៅត្រឹមតែប្រមាណជា ៦,៥លានតោន ប៉ុណ្ណោះ ។ ហើយបើ និយាយពីចំណាត់ថ្នាក់វិញថៃនឹងត្រូវធ្លាក់មកនៅលេខ៣គឺនៅពីក្រោយឥណ្ឌា និងវៀតណាមវិញ។

បច្ចុប្បន្ននេះ អង្ករដែលរដ្ឋាភិបាលថៃប្រមូលទិញពីកសិករ គឺទិញយកទៅស្តុក ទុក។បើតាមសមាគមក្រុមហ៊ុននាំចេញអង្ករថៃ បច្ចុប្បន្ននេះ ថៃមានអង្ករស្តុកទុក ចោល រហូតដល់ទៅប្រមាណជា ១០លានតោនឯណោះ ហើយក្រសួងកសិកម្ម អាមេរិកបានព្យាករថា ស្តុកអង្កររបស់ថៃអាចនឹងកើនឡើងរហូតដល់ទៅជាង ១២ លានតោន នៅឆ្នាំ២០១៣ខាងមុខ។

ការស្តុកអង្ករទុករាប់លានតោនបែបនេះ គឺជាបន្ទុកដ៏ធ្ងន់មួយ ដល់ថវិកាជាតិថៃ ក៏ប៉ុន្តែ រដ្ឋាភិបាលថៃហាក់ដូចជាគ្មានជម្រើសផ្សេងនោះទេ ពីព្រោះថា ប្រសិន បើបញ្ចេញអង្ករនេះមកលក់ វាអាចនឹងធ្វើឲ្យទីផ្សារអង្ករត្រូវចាល់ ហើយតម្លៃ អង្ករត្រូវធ្លាក់ចុះខ្លាំង បង្កទៅជាបញ្ហានយោបាយក្នុងប្រទេសថៃខ្លួន ឯង។

សមាគមក្រុមហ៊ុននាំចេញអង្ករថៃវិញបារម្ភថា ប្រសិនបើរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់នៅបន្តនយោបាយដែលនាំឲ្យប៉ះពាល់ដល់ភាពប្រកួតប្រជែងនៃ អង្ករ ថៃ លើទីផ្សារអន្តរជាតិបែបនេះតទៅទៀត ក្រុមហ៊ុននាំចេញអង្ករថៃជាច្រើន អាចនឹងត្រូវបិទទ្វារឈប់រកស៊ី៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close