ព្រឹត្តិការណ៍ពិសេសនៅកម្ពុជានៃវេទិកាសន្ទនាស្តីពី «អភិបាលកិច្ចរបស់ចិន និងការអភិវឌ្ឍសកល» បានប្រារព្ធឡើងនៅក្រុងភ្នំពេញ
Cambodia News
នៅថ្ងៃទី៥ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ពិសេសនៅកម្ពុជានៃវេទិកាសន្ទនាស្តីពី «អភិបាលកិច្ចរបស់ចិន និងការអភិវឌ្ឍសកល» ដែលរួមសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ស្ថានទូតចិនប្រចាំនៅកម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជាបានប្រារព្ធឡើងនៅក្រុងភ្នំពេញ ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា, លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកម្ពុជា និងលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ ព្រមនិងថ្លែងសុន្ទរកថា។ ភ្ញៀវកិត្តិយសជាង ១៥០ រូប បូករួមទាំងតំណាងមកពីធនាគារគំនិតកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយ ឥស្សរជនមជ្ឈដ្ឋានធុរកិច្ច ព្រមទាំងសាស្ត្រាចារ្យ និងនិស្សិតកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។
លោក Shen Haixiong បានថ្លែងថា កិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិតីកាលទី ២០ ដែលទើបតែបិទងបញ្ចប់នៅទីក្រុងប៉េកាំង បានសង្ខេបយ៉ាងស៊ីជម្រៅអំពីសមិទ្ធផល និងបទពិសោធនៃការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងគ្រប់ជ្រុងជ្រោយនៅក្នុងយុគសម័យថ្មីរបស់ចិន និងបានធ្វើការរៀបចំជាប្រព័ន្ធសម្រាប់ការបន្តជំរុញការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ។ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននឹងបន្តផ្សព្វផ្សាយ និងបកស្រាយឱ្យបានល្អនូវមាគ៌ាជោគជ័យរបស់បក្សកុម្មុយនីស្តចិន ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋាភិបាល ធនាគារគំនិត ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការផ្សេងៗទៀត ដើម្បីរួមចំណែកជាកម្លាំងក្នុងការជួយប្រទេសនានាស្វែងរកវិធីសាស្រ្តអភិបាលកិច្ច និងពួតដៃគ្នាដោះស្រាយបញ្ហាប្រឈមនានា។
លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុខ ស៊ីផាន់ណា បានថ្លែងថា យើងកំពុងរស់នៅក្នុងយុគសម័យដែលមានភាពមិនប្រាកដប្រជាខ្ពស់ ដែលភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើងជាបន្តបន្ទាប់ និងហានិភ័យច្រើនផ្នែកផ្សេងទៀតបង្កើតបញ្ហាប្រឈមធ្ងន់ធ្ងរដល់ប្រទេសទាំងអស់។ បទពិសោធដែលចិនបានប្រមូលបានក្នុងការឆ្លើយតប នឹងបញ្ហាប្រឈមទាំងនេះតាមរបៀបយុទ្ធសាស្ត្រ គឺសមនឹងទទួលការសិក្សាយ៉ាងយកចិត្តទុកដាក់ពីយើង។សមិទ្ធផលអភិវឌ្ឍន៍របស់ចិនគឺគួរឱ្យកត់សម្គាល់យ៉ាងខ្លាំង។ យើងត្រូវតែធានាថាភាពជាដៃគូកម្ពុជា-ចិន មិនអាចបំបែកបាន និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងភាពរុងរឿងរួមគ្នានៃតំបន់ទាំងមូល។
ភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមកិច្ចប្រជុំបានឯកភាពគ្នាថា កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់បក្សកុម្មុយនីស្តចិន ដើម្បីគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ និងចែករំលែកបទពិសោធជាក់ស្តែងរបស់ខ្លួនក្នុងការគ្រប់គ្រងបក្ស និងប្រទេសជាតិ បានផ្តល់នូវការបំផុសគំនិតដ៏មានតម្លៃសម្រាប់ការកសាងបក្សនយោបាយ និងអភិបាលកិច្ចជាតិនៅទូទាំងពិភពលោក៕



