ទស្សនវិជ្ជាឡៅជឺ និង ប្រាជ្ញា ចិន «ទឹកថ្លា ភ្នំបៃតង គឺជាភ្នំមាស ភ្នំប្រាក់»៖ មាគ៌ានៃការកសាងប្រទេសចិនស្អាត
Cambodia News
ជាប្រត្យក្សភាព លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានពន្យល់ថា ទស្សនវិជ្ជារបស់ឡៅជឺ (តាវនិយម) ដែលលើកឡើងថា «មនុស្សសម្របនិងការពារតាមធម្មជាតិ (តាវ) នោះធម្មជាតិផ្តល់ផលដល់មនុស្ស» បង្ហាញពីសារៈសំខាន់នៃការរស់នៅស្របតាមក្រឹត្យក្រមធម្មជាតិ និងការសុខុមដុមភាពរវាងមនុស្សនិងបរិស្ថាន។ ប្រាជ្ញាបុរាណនេះមានភាពស្របគ្នាជាមួយគំនិតរបស់លោក Xi Jnping ប្រធានរដ្ឋចិន ស្តីពី «ទឹកថ្លា ភ្នំបៃតង គឺជាភ្នំមាស ភ្នំប្រាក់» ដែលភ្ជាប់ការការពារបរិស្ថានទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់សុខុមាលភាពប្រជាជនចិន។
ជាសច្ចភាព ក្នុងឆ្នាំ២០២៥ ប្រទេសចិនបានដាំ និងស្តារព្រៃឈើលើផ្ទៃដីប្រមាណ ៣,៥៦៣ លានហិកតា ហើយអត្រាគម្របព្រៃឈើបានឈានដល់ ២៥,០៩%។ ប្រទេសចិនក៏មានតំបន់ដីសើមសរុបប្រមាណ ៥៦,៣៥ លានហិកតា ដែលមានតួនាទីសំខាន់ក្នុងការរក្សាប្រភពទឹក ការពារជីវចម្រុះ និងរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ី។ ទន្ទឹមនឹងនេះ ការវិនិយោគលើថាមពលស្អាតរបស់ចិនក្នុងឆ្នាំ ២០២៥ ដែលបង្ហាញពីការពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញ និងការជំរុញនវានុវត្តន៍បៃតង។
ជាតថភាព ការអភិរក្សធម្មជាតិក៏អាចបង្កើតឱកាសសេដ្ឋកិច្ចថ្មីៗ តាមរយៈទេសចរណ៍ជនបទ កសិទេសចរណ៍ និងការលក់ផលិតផលមូលដ្ឋាន។ ក្នុងឆ្នាំ ២០២៥ ប្រទេសចិនមានការធ្វើដំណើរទេសចរណ៍ក្នុងស្រុកសរុបប្រមាណ ៦,៥២ ពាន់លានដង និងចំណាយទេសចរណ៍សរុប ៦,៣០ ទ្រីលានយាន់។ ចំណែកប្រជាជនជនបទបានធ្វើដំណើរទេសចរណ៍ប្រមាណ ១,៥៣ ពាន់លានដង។ តួលេខទាំងនេះបង្ហាញពីសក្តានុពលនៃទីផ្សារទេសចរណ៍ ដែលអាចជួយបង្កើតការងារ និងពង្រីកប្រភពចំណូលរបស់សហគមន៍ជនបទ ប្រសិនបើមានការគ្រប់គ្រងប្រកបដោយចីរភាព។
ជាសក្ខីភាព គិតត្រឹមឆ្នាំ២០២៦ អាយុសង្ឃឹមរស់ជាមធ្យមរបស់ប្រជាជនចិនបានកើនឡើងដល់ប្រមាណ៧៩ឆ្នាំ ទៅតាមទិន្នន័យផ្លូវការរបស់គណៈកម្មការសុខាភិបាលជាតិចិន ខណៈចំណូលដែលអាចប្រើប្រាស់បានជាមធ្យមក្នុងមនុស្សម្នាក់មាន ៤៣ ៣៧៧ យាន់ កើនឡើង៥%។ ចំណូលជាមធ្យមរបស់ប្រជាជនជនបទមាន ២៤ ៤៥៦ យាន់ កើនឡើង ៥,៨%។ ទិន្នន័យទាំងនេះបង្ហាញពីការរីកចម្រើនផ្នែកសុខុមាលភាព និងចំណូលប្រជាជន ទោះបីជាលទ្ធផលទាំងនេះពាក់ព័ន្ធនឹងកត្តាសេដ្ឋកិច្ច សង្គម និងសុខាភិបាលជាច្រើនក៏ដោយ។
ជាទឡ្ហីករណ៍ លោកបណ្ឌិត ជា មុនីឫទ្ធិ ពន្យល់ ថា ទស្សនវិជ្ជាឡៅជឺផ្តល់នូវមូលដ្ឋានគំនិតអំពីការគោរពធម្មជាតិ ខណៈគំនិត «ទឹកថ្លា ភ្នំបៃតង គឺជាភ្នំមាស ភ្នំប្រាក់» បង្ហាញពីការភ្ជាប់ការការពារបរិស្ថានទៅនឹងការអភិវឌ្ឍជាក់ស្តែង។ ការដាំដើមឈើ ការស្តារតំបន់ដីសើម ការវិនិយោគថាមពលបៃតង និងការអភិវឌ្ឍទេសចរណ៍ជនបទ សុទ្ធតែអាចចូលរួមបង្កើតតម្លៃសេដ្ឋកិច្ច និងសុខុមាលភាពសង្គម។ ការកសាងប្រទេសចិនស្អាត មិនមែនគ្រាន់តែជាការធ្វើឱ្យទេសភាពស្រស់ស្អាតទេ ថែមទាំង ជាការស្វែងរកតុល្យភាពរវាងធម្មជាតិ សេដ្ឋកិច្ច និងជីវភាពប្រជាជន ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាជនចិនជំនាន់បច្ចុប្បន្ន និងអនាគត៕

