អ្នកសារព័ត៌មានកម្ពុជាធ្វើដំណើរទៅយកព័ត៌មាននៅក្នុងប្រទេសមជ្ឈិមបូព៌ា
ដោយ ហេង នាង
Cambodia News
ភ្នំពេញ៖អ្នកកាសែតកម្ពុជាមួយក្រុមមានគ្នា៥រូបត្រូវធ្វើដំណើរទៅប្រទេសគុយវ៉ែតនៅថ្ងៃសុក្រទី ១២ តុលានេះ ដើម្បីយកព័ត៌មាននៅឯសន្និសីទកំពូលស្ដីពីវេទិកាពិភាក្សាកិច្ចសហប្រតិបត្តិការតំបន់អាស៊ី ដែលនឹងត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងគុយវ៉ែត នាថ្ងៃទី ១៥ – ១៧ តុលានេះ។
អ្នកសារព័ត៌មានទាំង៥រូបនោះរួមមានលោក ឆាយ សុផល និពន្ធនាយកសារព័ត៌មាន Cambodia News លោក ខ្វៃ អាទិត្យា អគ្គនាយករងនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា លោក ប៊ុន ឈួយ និពន្ធនាយករងកាសែតកម្ពុជាថ្មី លោក សារ៉ាយ អ្នកយកព័ត៌មានកាសែតកោះសន្តិភាព និងលោក អ៊ុំ វុន ការីនិពន្ធទស្សនាវដ្ដីឡេឌីស៍។
លោក Abdulla Almuhanna លេខាទីបីនៃស្ថានឯកអគ្គរាជទូតគុយវ៉ែតប្រចាំកម្ពុជា បាននិយាយថា គឺជាកិត្តិយសមួយដែលរាជរដ្ឋាភិបាលប្រទេសគុយវ៉ែតអញ្ជើញអ្នកសារព័ត៌មានកម្ពុជាឲ្យទៅយកព័ត៌មាននៅឯសន្និសីទកំពូលស្ដីពីវេទិកាពិភាក្សាកិច្ចសហប្រតិបត្តិការតំបន់អាស៊ីនេះ ដែលនឹងត្រូវប្រារព្ធឡើងជាលើកដំបូងនៅក្នុងប្រទេសគុយវ៉ែត។ លោកបានបញ្ជាក់ថា តាមរយៈការយកព័ត៌មាននៅក្នុងប្រទេសគុយវ៉ែតនេះ ប្រជាជនកម្ពុជាអាចបានដឹងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសគុយវ៉ែត។
មកទល់នឹងពេលនេះ មានប្រជាជាតិចំនួន ៣១ ហើយបានក្លាយជាសមាជិករបស់វេទិកាពិភាក្សាកិច្ចសហប្រតិបត្តិការតំបន់អាស៊ីនេះ ហើយប្រទេសកម្ពុជាបានចូលជាសមាជិកវេទិកានេះកាលពីឆ្នាំ ២០០២។
នេះគឺជាលើកដំបូងហើយដែលរាជរដ្ឋាភិបាលគុយវ៉ែតបានអញ្ជើញអ្នកសារព័ត៌មានកម្ពុជាតាមរយៈក្រសួងការបរទេស និងក្រសួងព័ត៌មានឲ្យទៅយកព័ត៌មាននៅក្នុងប្រទេសរបស់ខ្លួនដែលស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា។
គួរបញ្ជាក់ដែរថា ប្រទេសគុយវ៉ែតស្ថិតនៅចន្លោះប្រទេសអ៊ីរ៉ាក់ និងអារ៉ាប៊ីសាអ៊ូឌីត។ គុយវ៉ែតមានអត្រាប្រជាជនប្រមាណ ៣ លាននាក់ ដែលក្នុងនោះមានជនជាតិគុយវ៉ែតប្រមាណ ១ លាននាក់ និង២លាននាក់ទៀតជាជនអន្តោប្រវេសន៍បរទេស។ ប្រាក់របស់គុយវ៉ែតគឺ ឌីណា (Dinar) ដែល ១ ឌីណាស្មើនឹង៣ដុល្លារអាមេរិក៕