ចិនដើរតួនាទីឈានមុខគេចំពោះអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសាកល
Cambodia News
តួនាទីរបស់ចិនក្នុងវិស័យអភិបាលកិច្ច AI សកល មិនត្រឹមតែជាអ្នកស្នើគំនិតប៉ុណ្ណោះទេ ប៉ុន្តែបានវិវត្តទៅជាអ្នកកសាងក្របខ័ណ្ឌច្បាប់ អ្នកជំរុញយន្តការពហុភាគី និងអ្នកផ្តល់ធនធានបច្ចេកវិទ្យាជាក់ស្តែង។ តួនាទីឈានមុខនេះ អាចវិភាគតាមទិដ្ឋភាពសំខាន់ៗដូចជា ការកសាងក្របខណ្ឌច្បាប់ជាតិមុនគេ ការបំប្លែងគំនិតផ្តួចផ្តើមទៅជាសកម្មភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ការបង្កើតវេទិកានិងយន្តការអន្តរជាតិថ្មីៗ ការចូលរួមយ៉ាងសកម្មក្នុងកិច្ចសន្ទនាពហុភាគី និង ទ្វេភាគី និង ការលើកម្ពស់បច្ចេកវិទ្យាប្រភពបើកចំហរ។
ចិនស្ថិតក្នុងចំណោមប្រទេសដំបូងគេនៅលើពិភពលោក ដែលបានដាក់ចេញនូវបទប្បញ្ញត្តិជាក់លាក់សម្រាប់គ្រប់គ្រងបច្ចេកវិទ្យា AI។ ក្នុងនោះរួមមាន បទប្បញ្ញត្តិស្តីពីការគ្រប់គ្រងក្បួនដោះស្រាយការណែនាំព័ត៌មាន (ឆ្នាំ ២០២២) បទប្បញ្ញត្តិស្តីពីបច្ចេកវិទ្យាសំយោគជ្រៅ (Deep Synthesis) (ឆ្នាំ ២០២៣) វិធានការបណ្តោះអាសន្នស្តីពីការគ្រប់គ្រងសេវាកម្ម AI បង្កើតខ្លឹមសារ (Generative AI) ដែលចូលជាធរមាននៅខែសីហា ឆ្នាំ ២០២៣ និងវិធានការស្តីពីការដាក់ស្លាកសម្គាល់ខ្លឹមសារដែលបង្កើតដោយ AI (ចូលជាធរមាននៅខែកញ្ញា ឆ្នាំ២០២៥ ) ។ បទពិសោធន៍ក្នុងការគ្រប់គ្រងក្នុងស្រុកនេះ បានផ្តល់មូលដ្ឋានជាក់ស្តែងដល់ការលើកឡើងនូវគោលការណ៍អភិបាលកិច្ចនៅថ្នាក់អន្តរជាតិ ។ នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៤ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តដោយការឯកភាពទាំងស្រុងនូវសេចក្តីសម្រេចស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើការកសាងសមត្ថភាពបញ្ញាសិប្បនិម្មិត» ដែលផ្តួចផ្តើមដោយចិន និងទទួលបានការឧបត្ថម្ភរួមពីប្រទេសជាង ១៤០។ បន្ទាប់មក ចិនបានដាក់ចេញនូវ «ផែនការសកម្មភាពកសាងសមត្ថភាព AI ដើម្បីផលល្អ និងសម្រាប់ទាំងអស់គ្នា» (ខែកញ្ញា ឆ្នាំ ២០២៤) ព្រមទាំងបានសហការជាមួយសាធារណរដ្ឋហ្សំប៊ី បង្កើត «ក្រុមមិត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ
លើការកសាងសមត្ថភាព AI» នៅអង្គការសហប្រជាជាតិ (ខែធ្នូ ឆ្នាំ ២០២៤)។ ជំហានទាំងនេះបង្ហាញថា ចិនបានជំរុញឱ្យអង្គការសហប្រជាជាតិក្លាយជាវេទិកាចម្បងសម្រាប់អភិបាលកិច្ច AI ស្របតាមគោលការណ៍ពហុភាគីនិយម។
តាមរយៈសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (WAIC) ដែលប្រារព្ធជាប្រចាំឆ្នាំនៅទីក្រុងសៀងហៃ ចិនបានដាក់ចេញនូវ «សេចក្តីប្រកាសសៀងហៃស្តីពីអភិបាលកិច្ច AI សកល» (ឆ្នាំ ២០២៤) និង «ផែនការសកម្មភាពអភិបាលកិច្ច AI សកល» (ខែកក្កដា ឆ្នាំ ២០២៥)។ ជាពិសេស ចិនបានស្នើឱ្យបង្កើត «អង្គការកិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក» (World AI Cooperation Organization) ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃ ក្នុងគោលដៅផ្តល់វេទិកាស្ថាប័នរួមមួយ ជាពិសេសសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍ។ ក្រៅពីនេះ ចិនក៏បានជំរុញកិច្ចសហប្រតិបត្តិការ AI ក្នុងក្របខ័ណ្ឌ BRICS អង្គការសហប្រតិបត្តិការសៀងហៃ (SCO) និងកិច្ចសហប្រតិបត្តិការចិន-អាស៊ាន ដែលបង្ហាញពីឆន្ទៈក្នុងការធ្វើជាស្ពានតភ្ជាប់រវាងប្លុកនានា ជាជាងការបែងចែក។ ក្រុមហ៊ុនបច្ចេកវិទ្យាចិនបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈនូវគំរូភាសាធំៗ (Large Language Models) ក្នុងទម្រង់ប្រភពបើកចំហ ដូចជា DeepSeek និង Qwen ដែលមានសមត្ថភាពខ្ពស់ និងចំណាយទាប។ និន្នាការនេះបានកាត់បន្ថយឧបសគ្គផ្នែកថ្លៃដើម និងធនធានសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងការចូលប្រើ និងកែសម្រួលបច្ចេកវិទ្យា AI ឱ្យស្របតាមភាសា និងតម្រូវការក្នុងស្រុក ដែលជាការបកស្រាយជាក់ស្តែងនៃគោលការណ៍កាត់បន្ថយគម្លាតបច្ចេកវិទ្យា។
គំនិតផ្តួចផ្តើមស្តីពីអភិបាលកិច្ច AI សកល មិនមែនជាគោលនយោបាយដាច់ដោយឡែកនោះទេ ប៉ុន្តែជាផ្នែកមួយនៃចក្ខុវិស័យរួមរបស់ចិន រួមជាមួយគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (២០២១) គំនិតផ្តួចផ្តើមសន្តិសុខសកល(២០២២) គំនិតផ្តួចផ្តើមអរិយធម៌សកល (២០២៣) និងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល(២០២៥)។ ភាពស៊ីសង្វាក់នេះ ផ្តល់នូវមូលដ្ឋានគំនិតរួមមួយ ដែលភ្ជាប់អភិបាលកិច្ចបច្ចេកវិទ្យាទៅនឹងការអភិវឌ្ឍ សន្តិសុខ និងស
ណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយយុត្តិធម៌។ សម្រាប់កម្ពុជា ដែលកំពុងអនុវត្តក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១–២០៣៥ តួនាទីឈានមុខរបស់ចិនក្នុងវិស័យនេះ ផ្តល់នូវឱកាសក្នុងការទទួលបានការកសាងសមត្ថភាព ការបណ្តុះបណ្តាលធនធានមនុស្ស និងការចូលប្រើបច្ចេកវិទ្យាក្នុងតម្លៃសមរម្យ។ ទន្ទឹមនឹងនេះ គោលការណ៍គោរពអធិបតេយ្យភាពឌីជីថល អនុញ្ញាតឱ្យកម្ពុជារក្សាសិទ្ធិក្នុងការកំណត់ក្របខ័ណ្ឌច្បាប់ផ្ទាល់ខ្លួន ស្របតាមកាលៈទេសៈជាតិ និងក្របខ័ណ្ឌអាស៊ាន។
ក្រោយរយៈពេលបីឆ្នាំនៃការដាក់ចេញ (២០២៣–២០២៦) «គំនិតផ្តួចផ្តើមស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល» បានវិវត្តពីគំនិតគោលការណ៍ ទៅជាសកម្មភាពជាក់ស្តែង។ តាមរយៈដំណើរការនេះ សាធារណរដ្ឋប្រជាមានិតចិនបានបង្ហាញខ្លួនជាតួអង្គឈានមុខគេម្នាក់ក្នុងការកសាងសណ្តាប់ធ្នាប់អភិបាលកិច្ច AI សកល ដោយឈរលើគោលការណ៍ពហុភាគីនិយម ការគោរពអធិបតេយ្យភាព និងការលើកកម្ពស់សិទ្ធិអភិវឌ្ឍរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍ។ គំនិតផ្តួចផ្តើមនេះបានបញ្ជាក់នូវសារសំខាន់មួយថា បច្ចេកវិទ្យា AI
មិនគួរក្លាយជាឧបករណ៍នៃការបែងចែក ឬជាអភ័យឯកសិទ្ធិសម្រាប់តែបណ្តាប្រទេសមានធនធានខ្ពស់នោះឡើយ ផ្ទុយទៅវិញ ត្រូវតែជា «ផលប្រយោជន៍សាធារណៈសកល» ដែលបម្រើដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងសុខុមាលភាពរួមរបស់មនុស្សជាតិទាំងមូល។ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ការចូលរួមយ៉ាងសកម្ម និងប្រកបដោយតុល្យភាពក្នុងដំណើរការនេះ គឺជាឱកាសដ៏មានតម្លៃក្នុងការពន្លឿនការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ៕
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា



