ឧទ្យានជាតិខ្លាឃ្មុំផេនដា ៖ ជម្រករបស់ខ្លាឃ្មុំផេនដានិងជាខែលការពារជីវៈចម្រុះ

Cambodia News

«ត្រូវពន្លឿនការកសាងប្រព័ន្ធតំបន់ការពារធម្មជាតិដែលមានឧទ្យានជាតិជាស្នូល ហើយធ្វើឱ្យមានសុក្រឹតភាពនូវយន្តការត្រួតពិនិត្យនិងគ្រប់គ្រងតំបន់ការពារធម្មជាតិ និងខ្សែបន្ទាត់ក្រហមនៃការអភិរក្សប្រព័ន្ធអេកូឡូស៊ី។» «ការពារប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ការពារធនធានធម្មជាតិ និងជីវៈចម្រុះ។»  លោកXi Jinping ប្រធានរដ្ឋចិនបានផ្តល់អនុសាសន៍ណែនាំសំខាន់ដើម្បីកំណត់ទិសដៅនៃការកសាងឧទ្យានជាតិ។

នៅខែតុលា ឆ្នាំ២០២១ ប្រទេសចិនបានបង្កើតឧទ្យានជាតិខ្លាឃ្មុំផេនដាជាផ្លូវការ ។ ឧទ្យាននេះបានលាតសន្ធឹងតាមខេត្តស៊ីឈួន (Sichuan) ស្រានស៊ី (Shaanxi) និងកានស៊ូ (Gansu) ជាមួយនឹងទំហំផ្ទៃដីសរុបចំនួន ២២,០០០ គីឡូម៉ែត្រការ៉េ។ ឧទ្យាននេះជាទីជម្រកធម្មជាតិដ៏សំខាន់សម្រាប់ខ្លាឃ្មុំផេនដាព្រៃនិងជាតំបន់សំខាន់នៃជីវៈចម្រុះនៅសកលលោក។

ឆ្នាំ២០២៦ គឺជាខួបលើកទី៥ នៃការបង្កើតឧទ្យានជាតិខ្លាឃ្មុំផេនដា។ បច្ចុប្បន្ន ខ្លាឃ្មុំផេនដាព្រៃចំនួនជិត ១៤០០ ក្បាលកំពុងរស់នៅក្នុងឧទ្យាននេះ ដែលលើសពី ៧០% នៃចំនួនសរុបរបស់ខ្លាឃ្មុំផេនដាព្រៃនៅក្នុងប្រទេសចិន។

ខ្លាឃ្មុំផេនដាគឺជាប្រភេទសត្វដ៏សំខាន់បំផុតមួយសម្រាប់ការអភិរក្សជីវៈចម្រុះ។ ទីជម្រករបស់ខ្លាឃ្មុំផេនដាក៏ជាជម្រករបស់រុក្ខជាតិ និងសត្វព្រៃរាប់ពាន់ប្រភេទផ្សេងទៀត ដូចជាសត្វស្វាច្រមុះខ្លី Sichuan (Sichuan snub-nosed monkey) សត្វខ្លារខិនព្រិល (snow leopard) ដើមផ្កាព្រាប (dove tree) និងដើម Chinese yew ជាដើម។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់នានានៃប្រទេសចិនបានចាត់វិធានការចម្រុះដើម្បីពង្រឹងការអភិរក្សជម្រកសត្វព្រៃ និងការស្តារនិងជួសជុលឡើងវិញតាមបែបវិទ្យាសាស្ត្រ ព្រមទាំងផ្តោតលើការកសាងច្រករបៀងអេកូឡូស៊ីផងដែរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានតភ្ជាប់ “កោះអេកូឡូស៊ីឯកោ”នានាជាមួយគ្នា ដែលជួយបំបែកការដាក់ហ្វូងសត្វខ្លាឃ្មុំផេនដាឱ្យដាច់ដោយឡែកពីគ្នា និងជំរុញការផ្លាស់ប្តូរហ្សែន។

លើសពីនេះ នៅក្នុងភូមិ Baoxing ខេត្ត Sichuan ដែលជាកន្លែងដែលរកឃើញសត្វខ្លាឃ្មុំផេនដាដំបូងបង្អស់លើពិភពលោក មានអ្នកភូមិជាច្រើនបានបើកផ្ទះសំណាក់ដើម្បីបំពេញតម្រូវការទីផ្សារទេសចរណ៍ខណៈពេលដែលទេសចរកាន់តែច្រើនឡើងៗពេញនិយមចំពោះដំណើរទស្សនកិច្ចសិក្សា ដំណើរទេសចរណ៍នៅកន្លែងត្រជាក់ស្រួលក្នុងរដូវក្តៅ និងការលេងកីឡាព្រិលទឹកកកនៅរដូវរងា ដែលបានជួយបង្កើនប្រាក់ចំណូលរបស់អ្នកភូមិ។

សាលតាំងពិព័រណ៍នៅមជ្ឈមណ្ឌលសេវាកម្មនៃឧទ្យានជាតិខ្លាឃ្មុំផេនដាដែលសិ្ថតនៅទីក្រុង Ya’an ខេត្ត Sichuan បានតាំងបង្ហាញនូវស្នាដៃសិប្បកម្មជាច្រើនរបស់អ្នកភូមិក្រោមប្រធានបទពាក់ព័ន្ធនឹងខ្លាឃ្មុំផេនដា។ ក្រៅពីនេះ មជ្ឈមណ្ឌលនេះក៏តែងតែរៀបចំសិក្ខាសាលាដើម្បីចែករំលែកចំណេះដឹងផ្នែកអេកូឡូស៊ី ហើយអ្នកភូមិជាច្រើនក៏បានទទួលការបណ្តុះបណ្តាលនិងក្លាយជាអ្នកផ្តល់សេវាពន្យល់ណែនាំផ្នែកអេកូឡូស៊ីផងដែរ។

តាមស្ថិតិបានបង្ហាញថា ឧទ្យានជាតិជំហានដំបូងចំនួន ៥ បានប្រមូលអ្នកភូមិក្នុងតំបន់ជិត ៥ ម៉ឺននាក់ឱ្យធ្វើជាអ្នកអភិរក្សបរិស្ថានអេកូឡូស៊ីនៅកន្លែងដែលខ្លួនរស់នៅ និងទទួលបានប្រាក់ចំណូលប្រចាំឆ្នាំចន្លោះពី ១ ម៉ឺនទៅ  ២ ម៉ឺនយាន់ប្រាក់ចិន។ តំបន់ទាំងនេះបានអភិវឌ្ឍឧស្សាហកម្មដែលមិនប៉ះពាល់ដល់អេកូឡូស៊ីយ៉ាងសកម្មខណៈពេលកសាងឧទ្យានជាតិ ហើយផលិតផលពិសេសៗដូចជា «ទឹកឃ្មុំផេនដា»  កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។

ចាប់ពីការផ្តោតលើតំបន់មួយ ដល់ការកសាងប្រព័ន្ធឧទ្យានជាតិដ៏ធំបំផុតរបស់ពិភពលោក ប្រទេសចិនកំពុងដើរលើផ្លូវកសាងឧទ្យានជាតិដែលមានលក្ខណៈពិសេសចិន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close